ពលរដ្ឋ​រាប់រយនាក់​តវ៉ា​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ខណៈ​សមត្ថកិច្ច​កោះហៅ​តំណាង​៧នាក់​ចូលបំភ្លឺ

ពលរដ្ឋជាច្រើននាក់ចេញទៅតវ៉ា ដោយថាអាជ្ញាធរឈូសឆាយលើដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍រាប់រយនាក់ មកពីស្រុកចំនួន២ នៃខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំគ្នានៅ​មុខស្នងការដ្ឋាននគរបាលខេត្ត ខណៈតំណាងរបស់ពួកគេ៧នាក់ត្រូវបានសមត្ថកិច្ចកោះហៅឱ្យឆ្លើយបំភ្លឺនៅថ្ងៃអង្គារនេះ ក្រោយ​ពីតំណាងទាំងនោះបាននាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរឈូសឆាយដីព្រៃសហគមន៍។

ពលរដ្ឋម្នាក់ អ្នកស្រី ខន ឃន ដែលចូលរួមការប្រមូលផ្ដុំនេះ អះអាងថា ប្រជាសហគមន៍ប្រហែល៦០០នាក់​ មកពី​៣ឃុំ នៃស្រុក​ឱរ៉ាល់​ និងស្រុកថ្ពង បានប្រមូលផ្ដុំគ្នានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនេះ ដើម្បីគាំទ្រតំណាងពលរដ្ឋ៧នាក់ដែលត្រូវចូលបំភ្លឺ់។

អ្នកស្រីបន្តថា កាល​ពីអំឡុង​ខែ​តុលា ឆ្នាំ២០២១នេះ អ្នកភូមិរាប់រយនាក់​បាននាំគ្នាតវ៉ា​​ជាបន្តបន្ទាប់​ប្រឆាំងក្រុម​អាជ្ញាធរ​ដែល​បាន​ដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ «ឧត្ដម​ស្រែ​ខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍​​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱរ៉ាល់ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន៤១​គ្រួសារ។ 

អ្នកស្រី​បន្តថា ក្រោយពីក្រុមពលរដ្ឋផ្ទុះការតវ៉ានេះ ខាង​សមត្ថកិច្ច​បាន​កោះហៅតំណាងពលរដ្ឋ៧នាក់ រួមមាន​ លោក ឃន សារិទ្ធិ, លោក សឹង សុខុម, លោក ឡោ សុលី, លោក ឆន ធា និងតំណាងពលរដ្ឋផ្សេងទៀត ក្រោមការចោទប្រកាន់ថាបានជេរប្រមាថជាសាធារណៈ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

អ្នកស្រីបន្ថែមថា៖ «តំណាងរបស់ពួកយើងអត់បានធ្វើអ្វីខុសផង ហើយក៏មិន​បានជេរប្រមាថអ្នកណាផង។ ប្រជាពលរដ្ឋ​គេមកគាំទ្រអ៊ីចឹង​ហើយ ពីព្រោះ​កាលទៅតវ៉ាហ្នឹង យើងទៅទាំងអស់គ្នា រាប់​រយ​ដូច​គ្នា ដល់​ពេល​កោះហៅតែ​៥ទៅ៦នាក់ ម៉េច​កើត? យើង​មិន​បាន​ធ្វើអី​ខុស​ផង យើងគ្រាន់តែនាំគ្នាទៅតវ៉ា​ ដើម្បីការពារព្រៃ​ធម្មជាតិ​ហ្នឹង​ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងការពារសត្វព្រៃនៅទីហ្នឹងទុក។ អ៊ីចឹង​យើងគិត​ថា អ្វីដែលពួកយើងធ្វើនេះ វាអត់ខុសផង»។ 

តំណាងពលរដ្ឋម្នាក់ លោក សឹង សុខ ដែលរង​បណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្ត​​ និយាយថា ករណីសមត្ថកិច្ច​កោះហៅរូបលោកនិងតំណាងពលរដ្ឋផ្សេងទៀតទៅឆ្លើយបំភ្លឺនេះ ជារឿងអយុត្តិធម៌មួយសម្រាប់​ពួក​គាត់ និង​ជាការគំរាមកំហែងបំបាក់​ស្មារតីប្រជាពលរដ្ឋមិនឱ្យហ៊ាន​ចេញតវ៉ាប្រឆាំងការឈូសឆាយ​ដីព្រៃសហគមន៍​បន្ត​ទៀត។

លោកបន្ថែមថា៖ «ព្រៃសហគមន៍​ឧត្ដមស្រែខ្ពស់​ ដែលប្រជាពលរដ្ឋខំការពារ១០ទៅ២០ឆ្នាំនោះ ស្រាប់តែមាន​គ្រឿងចក្រទៅឈូសឆាយដោយគ្មានការជូនដំណឹង គ្មានការផ្ដល់ព័ត៌មានពីខាងណា។ អ៊ីចឹង​ប្រជាពលរដ្ឋ​យើង​ដែល​ខំការពារត្រូវដេញចេញសិនហើយ ដល់យើងដេញចេញ ស្រាប់​តែមានលិខិត​កោះ​ហៅពី​ស្នងការ​ថា យើងហ្នឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងជេរប្រមាថជាសាធារណៈ។ អ៊ីចឹង​វាអយុត្តិធម៌ណាស់ បានជាប្រជាពលរដ្ឋគាត់មិនសុខចិត្ត។ អ្នកដែលខំការពារ អ្នកដែលខំថែរក្សា បែរជាមានការចោទប្រកាន់! ដល់អ្នកបំផ្លិច​បំផ្លាញ អត់មានទោសទៅវិញ»

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន មានប្រសាសន៍​ថា សមត្ថកិច្ច​ពិត​ជា​បាន​កោះហៅពលរដ្ឋទាំង​៧នាក់មកឆ្លើយបំភ្លឺ​នៅថ្ងៃនេះ​​មែន ក្រោយទទួលបានពាក្យបណ្ដឹង ប៉ុន្តែត្រូវបានពន្យារពេលវិញ​ ដោយសារអ្នកកាន់សំណុំរឿងនេះសុំច្បាប់​។ យ៉ាងណា ស្នងការរូបនេះសុំមិនប្រាប់ឈ្មោះដើមបណ្ដឹងនិង​បទចោទនោះ។

លោកបន្ថែមថា៖ «ចង់ដឹងថា​ចោទពី​បទ​អី​ សួរទៅខាងប្រជាពលរដ្ឋទៅ កុំឱ្យខ្ញុំនិយាយអី ពី​ព្រោះនគរបាលត្រូវ​តែ​ឈរ​លើយុត្តិធម៌។​ កាលណាមានគេប្ដឹង យើងត្រូវទទួលបណ្ដឹងគេ​ ហើយស្រាវជ្រាវឱ្យឃើញថាវាយ៉ាងម៉េចៗ ដើម្បីកសាងសំណុំរឿងដាក់ទៅតុលាការ អាហ្នឹងភារកិច្ចនគរបាលមានតែប៉ុណ្ណឹង»

មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព យល់ថា​ ករណីសមត្ថ​កិច្ចកោះហៅតំណាងពលរដ្ឋ​ទៅឆ្លើយបំភ្លឺនេះ ជារឿងមិន​ត្រឹម​ត្រូវ និង​ជា​ការគំរាមកំហែង​​កុំឱ្យពលរដ្ឋហ៊ានតវ៉ា។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា កន្លងមក រដ្ឋាភិបាលឬអាជ្ញាធរ​តែង​តែ​ប្រើ​ប្រាស់​រូប​ភាព​បែប​នេះ ឬប្រើប្រព័ន្ធ​តុលាការ ដើម្បីគំរាមកំហែងដល់ប្រជាសហគមន៍និងសកម្មជនបរិស្ថាន ​មិនឱ្យសកម្ម​ក្នុងការ​​ការ​ពារព្រៃឈើ​ឬព្រៃសហគមន៍។ លោកថា ប្រសិនបើរដ្ឋាភិបាលឬអាជ្ញាធរនៅតែធ្វើបែបនេះ ព្រៃឈើសហគមន៍និងព្រៃឈើនៅកម្ពុជាប្រឈមនឹង​ការបាត់បង់យ៉ាងឆាប់រហ័សនៅពេលខាងមុខ។

លោកបន្ថែមថា៖ «ហើយធ្វើនេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ! យើងដឹងហើយថា រដ្ឋធម្មនុញ្ញយើងបានចែងយ៉ាងច្បាស់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិយ៉ាងសកម្ម ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ និងផលប្រយោជន៍ធន​ធាន​ធម្មជាតិ​ទាំងអស់​ហ្នឹង»។ 

កាលពីអំឡុងខែតុលា ឆ្នាំ២០២១ អាជ្ញាធរបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃទំហំ២៦២ហិកតា ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន៤១គ្រួសារ ប៉ុន្តែត្រូវ​បានផ្អាកវិញ ក្រោយពីប្រជាពលរដ្ឋផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដោយពួកគេអះអាងថា ដីព្រៃដែលអាជ្ញាធរធ្វើសកម្មភាពឈូសឆាយនោះជាដីព្រៃរបស់សហគមន៍ «ឧត្ដម​ស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ»

ប៉ុន្តែកាលនោះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់ វីអូឌី ថាដីដែលអាជ្ញាធរឈូសឆាយនោះ មិនស្ថិតក្នុងដីព្រៃសហគមន៍ឡើយ។ លោក​បាន​ចោទ​ពលរដ្ឋដែល​នាំគ្នាតវ៉ា​នោះថា​ជា​ក្រុម​បក្សប្រឆាំង ហើយថា​ ការតវ៉ានោះមានការញុះញង់​​​ពី​មេខ្យល់និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។

លោក វ៉ី សំណាង ក៏​​បាន​ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកតវ៉ា និងអ្នកដែលលោកថាបានញុះញង់​ឱ្យពលរដ្ឋតវ៉ានោះផងដែរ។

បើតាមពលរដ្ឋ ដើមឡើយ សហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មាន​ផ្ទៃដី​ទំហំ​ជាង២ ៨០០ហិកតា ប៉ុន្តែ​ក្រោយ​មក​ត្រូវបានរដ្ឋាភិបាលកាត់ទៅឱ្យក្រុមហ៊ុនឯកជន និងក្រុមទាហានជាបន្តបន្ទាប់ ហើយ​​​បច្ចុប្បន្ន​សហគមន៍មួយនេះនៅសល់ដីប្រហែលជាង៨៨០ហិកតា​ប៉ុណ្ណោះ ខណៈ​អ្នកភូមិបានការពារជាង២០ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ