កោះរបស់អ្នកមាន៖ ប្រជា​ពលរដ្ឋ​លើកឡើង​ពី​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​កោះនរា

ទិដ្ឋភាពថតពីលំហអាកាសនៅក្នុងតំបន់កោះនរា នៃរាជធានីភ្នំពេញ។ (ហេង វិចិត្រ)

ទិដ្ឋភាពនៃអគារខ្ពស់ៗជាច្រើនកំពុងតែបង្ហាញខ្លួននៅតាមច្រាំងទន្លេមេគង្គ ដែលស្ថិតនៅក្បែរតំបន់​​កោះ​ពេជ្រ។

បច្ចុប្បន្ន រូបភាពផ្សព្វផ្សាយជាច្រើនត្រូវបានមើលឃើញ ក្នុងនោះរួមមានការអភិវឌ្ឍរបស់ Vue Aston ជាគម្រោងមួយដែលកំពុងដំណើរការនៅលើច្រាំងទន្លេបាសាក់។ មុខមាត់នៃអគារ​ខុនដូប្រើប្រាស់​ចម្រុះរបស់ខ្លួន ត្រូវ​បាន​បង្ហាញតា​ម​រយៈគំរូ​ប្លាស្ទិក​នៅ​ការិយាល័យ​តាំង​បង្ហាញ។ ហើយអ្វី​ដែល​​គួរ​​ឱ្យ​កត់​​សម្គាល់​​​ទៅ​ទៀតនោះ គឺទីតាំងនេះក៏គ្របដណ្ដប់​ចូល​ទៅ​ក្នុង​តំបន់ច្រាំងទន្លេដែល​ជាប់ទៅនឹង​គម្រោង​អភិវឌ្ឍន៍កោះ​នរា​ដ៏​ធំផងដែរ។

តំណាងផ្នែកលក់របស់ក្រុមហ៊ុនមួយរូប បានពន្យល់តាមរយៈការចង្អុលបង្ហាញលើផែនទីនៃចំណុចប្រសព្វគ្នារវាងទន្លេបាសាក់ និងទន្លេមេគង្គ ដែលមានការអភិវឌ្ឍ៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត យើងនឹងអាចឃើញកោះថ្មីនៅទីនេះ ដែលដូចទៅនឹងកោះពេជ្រដែរ។ យើងកំពុងតែរៀបចំផែនការរយៈពេលវែង ដែលជាផ្នែកមួយនៃការអភិវឌ្ឍទីក្រុង»។

គម្រោងរបស់ Vue Aston មិនមែនជាគម្រោងតែមួយគត់នៅ​ក្នុងការអភិវឌ្ឍនេះ​នោះ​ទេ។ គម្រោងកោះនរា ទំហំ១២៥​ហិកតា គ្រប់គ្រងដោយក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ក៏គ្រោងនឹងដាក់ទឹកប្រាក់វិនិយោគចំនួន២,៥ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេបាសាក់នេះផងដែរ។ ការអភិវឌ្ឍដើម្បី​ពង្រីកទំហំកោះធម្មជាតិតូចមួយដែលស្រដៀងទៅនឹងកោះពេជ្រ ដោយក្រុមហ៊ុន OCIC នេះ ត្រូវបានរំពឹងថា នឹងប្រែក្លាយរូបភាពនៃតំបន់ក្នុងខណ្ឌច្បារអំពៅ។

បុរស​ម្នាក់​បោះ​សំណាញ់​នេសាទ​ក្នុង​ប្រឡាយ​ក្បែរ​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
បុរស​ម្នាក់​បោះ​សំណាញ់​នេសាទ​ក្នុង​ប្រឡាយ​ក្បែរ​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (Andrew Haffner)

ករណីនេះបានធ្វើឱ្យតម្លៃដីនៅក្នុងតំបន់នោះមានការហក់ឡើងរួចទៅហើយ ដែលក្នុងនោះ ក្រុមហ៊ុន​អចលនទ្រព្យ CBRE បានរាយការណ៍ពីការកើនឡើងយ៉ាងឆាប់រហ័សចាប់ពីឆ្នាំ២០១៨ សម្រាប់តម្លៃដីក្នុងមួយម៉ែត្រការ៉េ នៅតាមបណ្ដោយផ្លូវជាតិលេខ១។

ជាមួយគ្នានេះ ការអភិវឌ្ឍ​ដ៏ធំមួយដែលជាប់ទាក់ទងជាមួយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទំហំទឹកប្រាក់ចំនួន២០០លានដុល្លារ ក៏គ្រោងនឹងសាងសង់នៅក្នុងតំបន់នោះផងដែរ។

អ្នកនៅក្នុងវិស័យអចលនទ្រព្យនានាបានលើកឡើងថា «គម្រោងកោះនរា» គឺទាមទារឱ្យមានការវិនិយោគច្រើន ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ក្រុមហ៊ុន OCIC បច្ចុបប្បន​កំពុងតែ​ធ្វើកិ​ច្ចការ​ងារ​ជាមួយ​ក្រុម​ហ៊ុន​ចិន​មួយ​ដែលមានឈ្មោះថា «Cana Sino Construction» ដើម្បីភ្ជាប់កោះទាំងពីរតាមរយៈស្ពានខ្សែកាបប្រវែង៨២៤ម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណជា៣៩,៦លានដុល្លារ។

ក្រុមហ៊ុនអភិវឌ្ឍន៍ដដែលនេះក៏កំពុងតែរៀបចំលើការសាងសង់ស្ពាន​ទី២ ដើម្បីភ្ជាប់ពីទីតាំងកោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ១ ក៏ដូចជាតភ្ជាប់ខណ្ឌច្បារអំពៅ ទៅកាន់កណ្ដាលរាជធានីភ្នំពេញផងដែរ។

ទោះជាយ៉ាងណា ទស្សនៈត្រូវបានលើកឡើងខុសៗគ្នាសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែល​បានប្រាប់​ វីអូឌី ថាគម្រោងនេះកំពុងតែឈានទៅរកចំណុចនៃការផ្លាស់ប្ដូរថ្មីមួយ រួមនឹងការកើនឡើងនៃតម្លៃជួល ខណៈ​ម្ចាស់អចលនទ្រព្យនានាសម្លឹងបោះទុនលើទីផ្សារក្នុងវិស័យមួយនេះ។

ក្នុងចំណោមប្រជាពលរដ្ឋ​ដែលបានថ្លែងប្រាប់ វីអូឌី ពួកគេភាគច្រើនហាក់សម្ដែងជាកា​រ​មិន​ពេញចិត្ត​ចំពោះ​រាល់អ្វីដែល​គម្រោងនេះ​នឹងផ្ដល់ជូន រួមទាំងការពង្រីកផ្លូវដែលអាចនឹងប៉ះពាល់ចូលដល់អចលនទ្រព្យបច្ចុប្បន្នរបស់ពួកគេប្រមាណជា២​ម៉ែត្រ។

ពលរដ្ឋមួយចំនួនបានឱ្យដឹងទៀត​ថា ​គ្រួសារ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធដោយ​ផ្ទាល់​​ក្នុង​ការ​អភិវឌ្ឍ​តំបន់​នេះ ទាំង​នៅ​ក្នុងតំបន់កោះនរា និង​ទីតាំងបន្ថែមទៀតនៅ​ជាប់​ផ្លូវ​ជាតិ​លេខ​១​ផង​ដែរ។

ស្ត្រី​ម្នាក់​ដែលជាម្ចាស់​ហាង​តូចមួយ​តាម​មាត់​ទន្លេ បានបង្ហាញអារម្មណ៍អស់​សង្ឃឹមនៅ​ពេលដែល​រៀប​រាប់​អំពី​បទ​ពិសោធន៍​​របស់​ខ្លួន​ជាមួយ​នឹង​ការ​អភិវឌ្ឍនេះ។ អាជីវកម្មរបស់អ្នកស្រីពឹងផ្អែកលើអតិថិជនដែលមានបំណងចង់គយគន់ទេសភាពមាត់ទន្លេ និងកន្លែងធម្មជាតិសម្រាប់អង្គុយទទួល​ទាន​អាហារ​ក្នុង​កញ្ចុះ​ឈើ។

សំណង់អគារខ្ពស់ៗនៅ​ក្បែរ​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
សំណង់អគារខ្ពស់ៗនៅ​ក្បែរ​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (Andrew Haffner)

ចាប់តាំងពីវិបត្តិជំងឺកូវីដ-១៩ បានចាប់ផ្ដើមកាលពីឆ្នាំមុន អតិថិជនរបស់អ្នកស្រីបានធ្លាក់ចុះយ៉ាងខ្លាំង ហើយស្របពេលដែលមានសកម្មភាពចាក់ខ្សាច់​បំពេញ​ដែលលុបទិដ្ឋភាពទេសភាពទន្លេទៀតនោះ ការទទួលបានអតិថិជនរបស់អ្នកស្រីក៏​កាន់តែធ្លាក់ចុះខ្លាំង។

អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺតម្លៃជួលប្រចាំខែសម្រាប់ទីតាំងនៅតាមមាត់ទន្លេក៏មានការ​កើនឡើ​ង​ទ្វេដង​ផង​ដែរ ដោយ​កើន​ឡើង​ដល់​ប្រមាណ៣០០​ដុល្លារ បើប្រៀបធៀបនឹង១៥០ដុល្លារកាលពីពេលកន្លងទៅ។

អ្នកស្រីបានបន្តឱ្យដឹងដោយទឹកមុខស្រងូតស្រងាត់ថា៖ «អ្នកមានគឺកាន់តែមាន ហើយអ្នកក្រគឺកាន់តែក្រខ្សត់ទៅៗ»។

អ្នកស្រី និង​អ្នក​ភូមិ​​ផ្សេង​ទៀត បាន​ប្រាប់ វីអូឌី ឱ្យដឹងថា ពួកគេ​បាន​ទទួល​ព័ត៌មាន​ភាគច្រើន​អំពី​គម្រោង​កោះនរា​នេះ តាមរយៈ​កិច្ច​ប្រជុំ​មួយដែល​រៀបចំ​ឡើង​កាលពីប្រមាណជា២ឆ្នាំ​មុន​ដោយ​​មន្ត្រី​មូល​ដ្ឋាន។

ការទទួលបាន​ដំណឹងនេះ​មិន​បាន​ផ្ដល់ជា​អ្វីដែល​កាន់តែ​ងាយស្រួល​សម្រាប់​អ្នកស្រីនោះ​ទេ។ អ្នកស្រីបានបន្ថែម​ថា គ្រួសារ​របស់​អ្នកស្រីបច្ចុប្បន្នមិន​អាច​គេង​លក់​បានស្កប់ស្កល់នោះ​ទេ ដោយ​សារតែមាន​សំឡេង​រំខាន​នៃ​សកម្មភាព​អភិវឌ្ឍន៍ក្នុងតំបន់។

ទាក់ទងនឹងគម្រោងពង្រីកផ្លូវ ប្រជាពលរដ្ឋមួយរូប ឈ្មោះ គឹម ឡេង ដែលកំពុងអង្គុយនៅទីធ្លាមុខផ្ទះ បាន​លើកឡើង​ឱ្យដឹងផងដែរ​ថា៖ «​វាគឺ​ជា​រឿងដ៏ល្អ ​ប្រសិន​បើ​ពួក​គេ​ផ្ដល់​សំណង​ដល់​យើង​។ ប្រសិនបើពួកគេធ្វើការពង្រីកចូលមកក្នុងទីតាំងយើង២​ម៉ែត្រ យើងប្រហែលជាអាចនៅសល់តែកន្លែងសម្រាប់ដាក់គ្រែរបស់យើងប៉ុណ្ណោះ»។

លោក គឹម ឡេង ទទួលបានដំណឹងថា ផ្ទះដែលនៅក្បែរនោះអាចលក់បានក្នុងតម្លៃជាង១០​ម៉ឺនដុល្លារ ជាចំនួនដែលអាចទទួលយកបានសម្រាប់តំបន់នេះ ខណៈ​លោកជឿថា រូបលោក​ប្រហែលជា​អាចនឹង​ទទួល​បាន​ច្រើន​ជាង​នេះ ប្រសិនបើលោកសម្រេចលក់ផ្ទះរបស់ខ្លួន។

បុរស​រូប​នេះ​​បន្ត​ថា រូបលោកបានរស់នៅក្នុង​តំបន់​នេះអស់រយៈពេលប្រមាណជា៣០​​ឆ្នាំមក​ហើយ ខណៈ​​​ប្រពន្ធរបស់លោកគឺជាប្រជាពលរដ្ឋក្នុងតំបន់នេះដោយផ្ទាល់តែម្ដង។ លោកបានកត់សម្គាល់​ឃើញ​ថា រូបភាពនៃតំបន់​នេះ​​មានការប្រែប្រួលច្រើនជាបន្តបន្ទាប់ ដោយ​សារ​​​តែ​​ការ​​បាក់​ច្រាំង​​ទន្លេ។

លោកបន្ថែមទៀតថា កន្លងមក អ្នកភូមិ​​អាចដាំដំណាំនានានៅ​លើ​ដី​មាត់​ទន្លេបាន ប៉ុន្តែដោយសារតែដីត្រូវបានបាត់បង់ជាបន្តបន្ទាប់​​ចូលទៅក្នុងទន្លេ អ្នកប្រកបរបរទាំងនេះ​ជាច្រើនគ្រួសារ ​មិន​អាចរក​ចំណូលពីការ​ដាំដំណាំនេះបា​ន​ទៀត​ទេ។ បញ្ហាប្រឈមទាំងនេះបានបង្ខំឱ្យមនុស្សជាច្រើនសម្រេចចិត្តលក់ដីរបស់ពួកគេឱ្យទៅអ្នកដទៃផ្សេងទៀតដែលមានទ្រព្យសម្បត្តិស្ដុក​ស្ដម្ភ។

តាមរយៈការវិវត្តនេះ តំបន់ផ្នែកខាងមុខ​ ដែលភាគច្រើនគ្របដណ្ដប់ដោយភោជនីយដ្ឋានជាលក្ខណៈ​គ្រួសារ បានក្លាយជាអចលនទ្រព្យដែលមានតម្លៃរាប់លានដុល្លារ​ មុនគម្រោងកោះនរាចាប់ផ្ដើម។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីនៅក្នុង​តំបន់​ច្បារអំពៅ តា​ម​បណ្ដោយ​ផ្លូវ​ជាតិ​ បានហក់ឡើងខ្ពស់កាលពីឆ្នាំមុន ដែលបានកើនឡើងជាមធ្យមប្រមាណ​ជា២ ០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអំឡុងឆ្នាំ២០១៨ មានតម្លៃប្រមាណ១ ២០០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ។ ការកើនឡើងនៃតម្លៃនេះ គឺ​ចាប់ផ្ដើម​​នៅក្នុង​ឆ្នាំ​ដែលក្រុមហ៊ុន OCIC ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​សម្បទាន​ជា​លើក​ដំបូង​ ដើម្បី​ធ្វើសកម្មភាពចាក់​បំពេញ​ទន្លេ។

ប្រឡាយ​ដែលខណ្ឌចែករវាង​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា និងដីគោកនៃខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
ប្រឡាយ​ដែលខណ្ឌចែករវាង​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា និងដីគោកនៃខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (Andrew Haffner)

លោកបន្តថា ការកើនឡើងនៃតម្លៃនេះក៏ជាប់ពាក់ព័ន្ធនឹងហេតុផលមួយចំនួនផងដែរ ក្នុងនោះរួមមានការពង្រីកនៃសកម្មភាពពាណិជ្ជកម្មនិងការអភិវឌ្ឍ ខណៈគម្រោងចុងក្រោយនេះត្រូវបានបោះទុន​ដោយគម្រោងបុរីធំៗរបស់ក្រុមហ៊ុន ប៉េង ហួត

លោក James Hodge ថ្លែងថា៖ «ការផ្លាស់ប្ដូរបានកើតមានឡើង បន្ទាប់ពីមានការប្រកាសនៃការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវបានរំពឹងថា​ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងបង្កើតផ្លូវកាន់តែងាយស្រួលបន្ថែមទៀតទៅកាន់តំប​ន់កណ្ដាលទីក្រុង។ សកម្មភាពនេះបានផ្លាស់ប្ដូរសក្ដានុពលនៃតំបន់ ជាពិសេសនៅពេលដែលស្ពានតភ្ជាប់បញ្ចប់ការសាងសង់ ដែលយើង​អាច​ស្រមៃឃើញពី​​ការ​អភិវឌ្ឍ​នៃអគារ​ខ្ពស់ៗ និង​សំណង់​ធំៗ​កាន់តែច្រើនជាង​នេះបន្ថែមទៀត»។

ត្រលប់មកកាន់លោក គឹម ឡេង វិញ លោក​​សង្ឃឹមថា អាចលក់ទ្រព្យសម្បត្តិរបស់ខ្លួនបាននៅក្នុងថ្ងៃណាមួយនោះ បើទោះ​លោក​​មិនមានប្លង់កម្មសិទ្ធិ សូម្បីតែប្លង់ទន់ក៏ដោយ។

លោកថា មន្ត្រីរដ្ឋាភិបាលនានាក៏ធ្លាប់បានមកកាន់ផ្ទះរបស់លោកកាលពីប្រមាណ១ឆ្នាំមុន ដើម្បីកំណត់​ទំហំ​ជាក់ស្ដែងក្នុងការទទួលបានបណ្ណកម្មសិទ្ធិផងដែរ ប៉ុន្តែដំណើរការនោះមិនទាន់ចេញជាលទ្ធផលនោះទេ។

ទោះជាយ៉ាងណា បុរសរូបនេះលើកឡើងថា វាមិនមានភាពខុសគ្នាច្រើននោះទេចំពោះការមានបណ្ណកម្មសិទ្ធឬក៏អត់។

លោក​បន្ថែមថា​៖ «​រាល់​កន្លែង​ណា​ដែលការ​អភិវឌ្ឍចូលមកដល់​​ បើ​ទោះបីជាយើង​មាន [​ប្លង់​ទន់​] ឬ​អត់​នោះ ​វា​ដូច​តែគ្នានោះទេ​ ខណៈដែលពួកគេអាចយក​អ្វីៗ​ទាំងអស់ដែល​ពួកគេ​ចង់​បាន​»​។

ទាក់ទិននឹងករណីនេះ លោកស្រី ទេព ព្រហ្មមុន្នី ចៅសង្កាត់និរោធ បានបញ្ជាក់ប្រាប់ វីអូឌី ថាផ្លូវទាំងសងខាងនៅក្នុងតំបន់នេះ ត្រូវពង្រីកនៅក្នុងកម្រិតណាមួយដើម្បីដំឡើងប្រព័ន្ធលូ ប៉ុន្តែបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនហាក់នៅមិនទាន់យល់ព្រមកាត់ដីរបស់ពួកគេខ្លះសម្រាប់កិច្ចការងារនេះនោះទេ។

លោកស្រីបន្តថា សម្រាប់គម្រោងកោះនរាទាំងមូល គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនោះទេ ខណៈដែលពួកគេអាចនឹងទទួលបានការវាស់វែងដីរបស់ពួកគេ ដើម្បីកំណត់ព្រំដែនច្បាស់​លាស់​សម្រាប់ការចុះបញ្ជី ដែលជាផ្នែកមួយជួយ​សម្រួលដល់ការអភិវឌ្ឍ​ដែលកំពុងបន្ត។

លោកស្រីថា៖ «​បើទោះបីជាមានផលប៉ះពាល់ គឺវា​​មាន​តិចតួច​ណាស់ ដែលពួក​គេ​អាច​សម្រប​សម្រួល​គ្នា​បាន។ ខាងភាគីក្រុមហ៊ុន OCIC ក៏ធ្លាប់បានចុះទៅជួបនិងពិភាក្សាជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេផងដែរ»។

បន្ទាប់ពីបានអនុវត្តជំហានបឋមទាំងនោះ ក្រុមហ៊ុន OCIC បានជំរុញសកម្មភាពចាក់ដីបំពេញរបស់ខ្លួនទៅមុខ បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

ប្រតិបត្តិការ​ចាក់​បំពេញ​នេះ កាលពីពេលកន្លងទៅ ​បាន​ដំណើរការ​ស្ទើរតែ​គ្រប់ពេលវេលាទាំងអស់ ខណៈដែលកាលពីខែកញ្ញា ក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សកម្ម​ភាព​នៃកា​រចាក់បំពេញនេះនឹងត្រូវបញ្ចប់នៅខែធ្នូខាងមុខ។

យោងតាមការបង្ហោះកាលពីខែធ្នូ ឆ្នាំ​២០២០ នៅលើគេហទំព័ររបស់សមាគមអ្នកសាងសង់កម្ពុជា (CCA) បានឱ្យដឹងថា គម្រោងនេះនឹងត្រូវការចាក់បំពេញដីប្រមាណជា៦០​លានម៉ែត្រគូបបន្ថែមទៀត ដើម្បីបញ្ចប់កិច្ចការងារនេះទាំងស្រុង។

តាមការវាស់វែងលើ​ផែនទី​ផ្កាយរណប​ ផ្ទៃ​ដី​កោះនរា​​មាន​ទទឹង​ប្រមាណជា​៤២០​ម៉ែត្រ។ គិត​ត្រឹមដើមខែវិច្ឆិកា ការចាក់បំពេញក៏បានបង្រួមច្រកសំខាន់នៃទន្លេមេគង្គប្រមាណជាមួយភាគបី (១/៣) ក្នុងចំណុចនោះផងដែរ ហើយនឹងកាន់តែរួមតូចបន្ថែមទៀតនាពេលអនាគត ដោយសារតែការចាក់បំពេញច្រាំងទន្លេក្នុងតំបន់ដែលលោកឧកញ៉ា ឃុន សៀ កំពុងត្រៀមទុកសម្រាប់ការអភិវឌ្ឍគម្រោងទីក្រុងរណបដាច់ដោយឡែកមួយទៀត។

អ្នក​ជំនាញ​ផ្នែក​ជលសាស្ត្រ​មួយរូបរបស់ក្រុមហ៊ុនប្រឹក្សា Green Enivro-Sult Cambodia (GESC) លោក មាស សុធា បានលើកឡើងថា ការ​ចាក់​បំពេញ​កោះនរា​​តែ​មួយ ​អាច​នឹង​បង្កើន​ល្បឿន​លំហូរ​ទឹក​ទន្លេ​រហូតដល់​ទៅ២០ភាគរយ ដែលធ្វើឱ្យហានិភ័យនៃទឹកជំនន់និងការបាក់ច្រាំងទន្លេកាន់តែកើនឡើង។

ក្នុងឆ្នាំ​២១០៩ ក្រុមហ៊ុនខាងលើ ក៏បានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាពីគំរូលំហូរទន្លេមេគង្គ ដើម្បីពិនិត្យមើលថាតើការចាក់បំពេញកោះនរានេះអាចធ្វើឱ្យមានការផ្លាស់ប្ដូររបស់ទន្លេយ៉ាងដូចម្ដេចខ្លះផងដែរ។

សកម្មភាពនៃការចាក់បំពេញដី នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
សកម្មភាពនៃការចាក់បំពេញដី នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (Andrew Haffner/VOD)

ការសិក្សានោះបានប្រើប្រាស់ទិន្នន័យប្រវត្តិសាស្ត្រជាច្រើន ដើម្បីបង្កើតគំរូលំហូរដែលអាចប៉ាន់ប្រមាណកម្រិតទឹកនាពេលអនាគត និងហានិភ័យទឹកជំនន់ ដែលបង្កឡើងដោយសារការសាងសង់​ថ្មី។

លោក មាស សុធា បានបន្ថែមថា អាទិភាពចម្បង​នៃការស្រាវជ្រាវនេះ គឺដើម្បីផ្ដល់អនុសាសន៍នានាក្នុងការសាងសង់កោះថ្មីដែលមានផលប៉ះពាល់តិចតួចបំផុតលើទន្លេមេគង្គ និងទន្លេបាសាក់។

ក្រុមហ៊ុន GESC និងភាគីពាក់ព័ន្ធនានារបស់ក្រសួង បានផ្ដល់ជាយោបល់ជាច្រើនអំពី​របៀបដែលអាចធ្វើទៅបាន រួមទាំងការរក្សាទុកប្រឡាយដែលបែងចែកកោះនរាពីតំបន់ច្បារអំពៅ ណែនាំឱ្យក្រុមហ៊ុន OCIC ប្រើប្រាស់ការបូមខ្សាច់នៅបាតទន្លេ​ ដើម្បីកាត់បន្ថយល្បឿននៃលំហូរ និងស្នើឱ្យអ្នកអភិវឌ្ឍន៍ថែទាំច្រាំងទន្លេទាំងសងខាងក្នុងប្រវែង៥គីឡូម៉ែត្រ ដើម្បីការពារតំបន់ដែលមានហានិភ័យបំផុតផងដែរ។

លោក មាស សុធា បានបន្តប្រាប់ វីអូឌី ថា៖ «ប្រសិនបើពួកគេធ្វើតាមអ្វីដែលយើងបានណែនាំនៅក្នុងការសិក្សានោះ ខ្ញុំគិតថា ពួកគេអាចរក្សាបាននូវលំហូរធម្មតា និងមិនបង្កផលប៉ះពាល់ច្រើននោះទេ។ ផ្ទុយទៅវិញ ​ប្រសិនបើ​ពួកគេ​មិន​ធ្វើតាម​អ្វីដែល​យើង​បាន​រក​ឃើញ​ក្នុង​ការស្រាវជ្រាវនោះ​ទេ ផលអវិជ្ជមាន​អាច​នឹង​កើតឡើង​ជារួមនឹង​ការ​បាក់​ច្រាំងទន្លេ និង​ការ​ផ្លាស់ប្ដូរ​លំហូរ​នៅ​តំបន់​ខ្លះ ដែល​បង្ក​ជាបញ្ហា​នៅផ្នែក​ខាងក្រោម​កោះនរា​។ ​នោះហើយ​ជា​អ្វី​ដែល​យើង​ព្រួយ​បារម្ភ»។

ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ​មិន​អាច​បញ្ជាក់បា​នថាតើ​ក្រុមហ៊ុន OCIC បាន​អនុវត្តតាម​អនុសាសន៍​របស់ក្រុមហ៊ុនឬយ៉ាងណានោះ​ទេ ខណៈ​រូបលោកក៏​មិន​អាចផ្ដល់ការ​អត្ថាធិប្បាយ​អំពី​ស្ថាន​ភាព​​គម្រោង​​នាពេលបច្ចុប្បន្ននេះផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍​ ក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់វីអូឌី សម្រាប់ការធ្វើអត្ថាធិប្បាយបន្ថែម​ទាក់ទិននឹងករណីនេះទេ ខណៈ​ច្រាំងទន្លេក៏ត្រូវបានមើលឃើញថាមិនមានការការពារណាមួយបន្ថែមទៀតនោះដែរ។

សម្រាប់ក្នុងតំបន់កោះនរា អ្នកអភិវឌ្ឍ​ន៍ផ្សេង​មួយ​ទៀត​​ដែលទទួលបានចំណែក​ធំ​មួយនៅក្នុងតំបន់ ក៏គ្រោង​នឹង​តភ្ជាប់​កោះមួយនេះ​ទៅកាន់​ផ្លូវជាតិ​លេខ​១ផងដែរ។ ទីតាំងនោះ នាពេលបច្ចុប្បន្ន ពោរពេញ​ទៅ​ដោយ​ខ្សាច់ ស្មៅខ្ពស់ៗ និងខ្យល់អាកាសល្អ ដែលអំណោយផលសម្រាប់ប្រជាពលរដ្ឋមកលំហែកាយ។

ទីតាំងនេះកាន់កាប់ដោយក្រុមហ៊ុន B.I.C Group ដឹកនាំដោយលោក យឹម លក្ខណ៍ ដែលត្រូវបានស្គាល់ថាជាកូនប្រុសរបស់លោក​ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី

តាមរយៈគេហទំព័ររបស់ខ្លួន ក្រុមហ៊ុនខាងលើនេះសន្យាថា នឹងអភិវឌ្ឍលើផ្ទៃដីទំហំ៦១ហិកតាសម្រាប់ទីក្រុងរណបខ្នាតតូច ដែលមានលំនៅដ្ឋាន ទីតាំងពាណិជ្ជកម្ម និងសួនច្បារ ដែលគេស្គាល់ថាជា One Phnom Penh។ ក្រុមហ៊ុនបានរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០១៩ សម្រាប់គម្រោងនេះ ក្រោមអធិបតីភាពលោក យឹម ឆៃលី។

នៅលើគេហទំព័រ B.I.C. Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ រូបភាពផែនការមេក៏បានបង្ហាញពីដំណាក់កាលនៃការសាងសង់ដែលដាក់ស្លាកថា​​ជា «Yim Family Land» ផងដែរ។

គួរបញ្ជាក់ថា តំបន់ច្បារអំពៅ ត្រូវបានស្គាល់ថាជាទីតាំងរស់នៅរបស់សហគមន៍ជនជាតិវៀតណាម​ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលពួកគេភាគច្រើនចូលរួមជាមួយព្រះវិហារគ្រិស្តសាសនា Church of the Sacred Heart of Jesus មានទីតាំងនៅជិតស្ពានតភ្ជាប់ថ្មីដែលកំពុងត្រូវបានសាងសង់។

បុរស​ម្នាក់​​ឈ្មោះថា សុវណ្ណ ដែលកំពុងតែអង្គុយនៅ​លើ​កៅអី​ជ័រ ហើយ​សម្លឹងមើល​ទូរសព្ទរបស់ខ្លួន បានលើកឡើងទាក់ទងនឹងករណី​កោះនរានេះថា៖ «​អ្នក​ដែល​ជា​ម្ចាស់​ដីទាំងឡាយនៅក្នុងតំបន់នេះ​មាន​ការ​សប្បាយ​ចិត្ត​។ ពួកគេគឺជាអ្នកមាន និងអ្នកចំណូលថ្មី»។

លោកបាន​បន្ត​ថា ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ ​គឺ​ត្រូវជួលកន្លែងសម្រាប់ស្នាក់នៅ ហើយពួកគេក៏រងផលប៉ះពាល់ដោយការកើនឡើងនៃថ្លៃជួលផងដែរ។ ​សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃជួលខ្ពស់ ត្រូវបង្ខំចិត្តចាកចេញទៅកាន់តំបន់ផ្សេង ដើម្បីស្វែងរកជម្រើសដែលមានតម្លៃថោកជាង ខណៈលោកយល់ឃើញថា បរិយាកាសថ្មីនៃការអភិវឌ្ឍទ្រង់​ទ្រាយ​ធំ​នេះ បានរំខានដល់ភាពសុខដុមរមនាក្នុងតំបន់ចម្រុះជាតិសាសន៍មួយនេះ។

លោកបន្ថែមថា៖ «សកម្មភាពនេះ​ពិតជាផ្ដល់អត្ថប្រយោជន៍១០០​ភាគរយដល់​អ្នក​មាន និងកំពុងតែបំបែកបំបាក់សហគមន៍»។

ក្នុងរយៈពេលប្រមាណជា២០​ឆ្នាំកន្លងទៅ លោក សុវណ្ណ ធ្លាប់ជាអ្នករស់នៅទីតាំងដែលបច្ចុប្បន្នអភិវឌ្ឍទៅជាកោះពេជ្រ បានឱ្យដឹងថា អ្នកអភិវឌ្ឍន៍​បានបង្ខំសហគមន៍នៅទីនោះឱ្យចាកចេញ នៅពេលដែលក្រុមហ៊ុន OCIC ចាប់ផ្ដើមអភិវឌ្ឍកោះនោះ។

សម្រាប់បច្ចុប្បន្នវិញ លោក​បាន​បន្ថែម​ថា ករណីនេះមិនចោទជាបញ្ហាសម្រាប់អ្នកអភិវឌ្ឍន៍​ទៀតនោះ​ទេ ខណៈដែលទីផ្សារអចលនទ្រព្យអាចដោះស្រាយបានដោយខ្លួនឯង។

លោកថ្លែងថា៖ «កាលពីពេលកន្លងទៅ យើង​ត្រូវ​បង្ខំចិត្តចាកចេញ។ សម្រាប់បច្ចុប្បន្ន គឺយើងត្រូវស្ម័គ្រចិត្តចាកចេញដោយខ្លួនឯង»៕

បកប្រែនិងសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយលោក ភុន ច័ន្ទឧសភា


ចំណាំ​៖ «អត្ថបទនេះត្រូវបានផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ