តុលាការ​មីយ៉ាន់ម៉ា​ពន្យារ​ប្រកាស​សាលក្រម​សំណុំ​រឿង​លោកស្រី អ៊ុងសាន ស៊ូជី

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។ (UN Photo/Rick Bajornas)

តុលាការដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា បានពន្យារការប្រកាសសាលក្រមជាលើកដំបូងដែលគ្រោងនឹងធ្វើឡើនៅថ្ងៃអង្គារនេះ ក្នុង​សំណុំរឿងមួយចំនួនប្រឆាំងនឹងមេដឹកនាំមីយ៉ាន់ម៉ា​ដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បាន​ស្រង់សម្ដីប្រភពមួយមកចុះផ្សាយ​ថា ចៅក្រមគ្រោងនឹងកាត់ក្ដីអតីត​មេដឹកនាំមីយ៉ាន់ម៉ារូបនេះ នៅថ្ងៃអង្គារនេះ លើបទ «ញុះញង់» និងបទ «​រំលោភ​វិធានការ​ទប់​ស្កាត់​វិបត្តិ​កូវីដ-​១៩» ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីរយៈពេល២ទៅ៣​ឆ្នាំ សម្រាប់បទចោទនីមួយៗ។

ទោះជាយ៉ាងណា ​ការប្រកាស​សាលក្រមនេះមិនត្រូវបានធ្វើឡើងតាមការគ្រោងទុកនោះទេ ខណៈ​ដែលប្រភព​ក៏មិន​បានបញ្ជាក់​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ពន្យារ​ពេល​នេះ​ផងដែរ។

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ​បច្ចុប្បន្ន​ក៏រងបទចោទប្រកាន់មួយចំនួនផ្សេងទៀតផងដែរ ក្នុង​នោះរួមមាន បទ​ទទួល​​សំណូក ​បទ​​រំលោភ​ការ​សម្ងាត់​រដ្ឋ និងបទចោទកាលពីថ្មីៗនេះ​ទាក់ទងនឹងការក្លែងបន្លំការបោះឆ្នោត។

ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក និងអ្នកជំនាញនានា​មកពីអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសលើការចោទប្រកាន់ទាំងនេះ និងទាមទារឱ្យមានការដោះលែងជនជាប់ចោទផងដែរ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្ដើម​យកអំណាចមកគ្រប់គ្រង កាលពីថ្ងៃ​ទី​១ ខែកុម្ភៈ និង​បាន​ផ្តួល​រំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យ​មានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ