តុលាការដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា នឹងត្រូវប្រកាសសាលក្រមជាលើកដំបូង នៅថ្ងៃអង្គារនេះ ក្នុងសំណុំរឿងមួយចំនួនប្រឆាំងនឹងមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីប្រភពមួយមកចុះផ្សាយថា ចៅក្រមនឹងកាត់ក្ដីអតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ នៅថ្ងៃអង្គារនេះ លើបទ «ញុះញង់» និងបទ «រំលោភវិធានការទប់ស្កាត់វិបត្តិកូវីដ-១៩» ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីរយៈពេល២ទៅ៣ឆ្នាំ សម្រាប់បទចោទនីមួយៗ។
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ បច្ចុប្បន្នក៏រងបទចោទប្រកាន់មួយចំនួនផ្សេងទៀតផងដែរ ក្នុងនោះរួមមាន បទទទួលសំណូក បទរំលោភការសម្ងាត់រដ្ឋ និងបទចោទកាលពីថ្មីៗនេះទាក់ទងនឹងការក្លែងបន្លំការបោះឆ្នោត។
ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក និងអ្នកជំនាញនានាមកពីអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសលើការចោទប្រកាន់ទាំងនេះ និងទាមទារឱ្យមានការដោះលែងជនជាប់ចោទផងដែរ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្ដើមយកអំណាចមកគ្រប់គ្រង កាលពីថ្ងៃទី១ ខែកុម្ភៈ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស៕












