អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​ពេលរាត្រី​ឡើងវិញ

យប់ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២១​ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ ចុះអនុវត្តត្រួតពិនិត្យបម្រាមគោចរដែលកំណត់ចាប់ពីម៉ោង​៩យប់ដល់ម៉ោង​៣នាទីទៀបភ្លឺ​ រយៈពេល១៤ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី២៩​ ខែកក្កដា​ រហូតដល់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ​​ម្ចាស់ទីតាំងបើកដំណើរកា​រចំពោះអាជីវកម្មពេលរាត្រីឡើងវិញ ដោយផ្អែកលើការរស់នៅតាម​បែបគន្លងថ្មី ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះ​តទៅ។

នៅថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចថ្មីមួយ អនុញ្ញាតឱ្យ​ម្ចាស់អាជីវកម្មពេលរាត្រី រួមមាន រង្គសាល ខារ៉ាអូខេ និងឌីស្កូតែក អាចបើកដំណើរការឡើងវិញ ប៉ុន្តែត្រូ​វ​អនុវត្ត​​​តាមគន្លងប្រក្រតីភាពថ្មី។

លិខិតបានបញ្ជាក់ថា ម្ចាស់អាជីវកម្ម ឬម្ចាស់ទីតាំង ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដែលស្របតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តវិធានការ «៣កុំ ៣ការពារ» ផងដែរ។

ប្រភពដដែលបន្តថា៖ «ម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្ម មិនអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំ នឹងត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណឬលិខិតអនុញ្ញាត និងអាចឈានដល់ការចុះបិទទីតាំងផងដែរ។ ដោយឡែក ចំពោះបុគ្គលល្មើសពាក់ព័ន្ធ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាលនិងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ជាធរមាន ដោយគ្មានការលើកលែង»។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃ​ម្សិលមិញ រដ្ឋបាលរាជធានី​ភ្នំពេញ​បានប្រកាស​ផ្អាក​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ ឬអាជីវកម្ម ​ដែលមានហានិភ័យខ្ពស់​នៃ​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និង​ការ​ជួបជុំ ឬ​ប្រមូលផ្ដុំជា​លក្ខណៈឯកជន នៅ​រាជធានី​​ភ្នំពេញ សម្រាប់​រយៈពេល​មួយ​សប្ដាហ៍ទៀត​​ ​ចាប់​ពី​ថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៥ ខែធ្នូ។ អាជ្ញាធរ​អះអាងថា ការផ្អាក​មួយ​រយៈ​នេះ ដើម្បី​ប្រយុទ្ធនិង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩។ ប៉ុន្តែសេចក្ដីសម្រេចនេះ ទើបតែអនុវត្តបានមួយថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ​បានប្ដូរចិត្ត​ឱ្យ​បើក​អាជីវកម្មទាំងនោះឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ