រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដោយផ្ដោតសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យផ្សេងៗ រួមមាន ការស្តារឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ចំពោះវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ។ ក្រៅពីនេះ ភាគីទាំងពីរក៏នឹងពិភាក្សាគ្នាផងដែរអំពីបញ្ហាតំបន់និងអន្តរជាតិដែលជាចំណាប់អារម្មណ៍និងក្តីបារម្ភរួម។
ក្រសួងការបរទេសកម្ពុជារំពឹងថា ដំណើរទស្សនកិច្ចនេះក៏នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕