សាច់ញាតិ​អ្នកទោស​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា ថា​តុលាការ​ឃុំខ្លួន​គ្រួសារ​ពួកគេ​លើស​ច្បាប់​កំណត់

ទិដ្ឋភាពនៅពីមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រុមសាច់​ញាតិអ្ន​កជាប់​ទោសនៃ​ចលនា​​កង​ទ័ព​សេរី​ជាតិ​កម្ពុជា ហៅកាត់ថា​ CFF អំពាវនាវ​ទៅតុលាការ​ដោះ​លែង​សមាជិក​គ្រួសាររបស់គាត់​ឱ្យមានសេរីភាពវិញតាម​ការ​កំណត់ ដោយ​ពួកគេអះអាងថា តុលាការអនុវត្តទោសដោយ​ឃុំខ្លួន​​ពួក​គេលើសនីតិវិធីច្បាប់ ដែលធ្វើឱ្យមានភាពអយុត្តិធម៌ដល់ពួកគេ។

វ័យ៤៤ឆ្នាំ អ្នកស្រី ស៊្រី សុភឿន ត្រូវជាបងស្រីបង្កើតរបស់លោក ស្រ៊ី ស្រេន ដែលជាអ្នកទោសនៃ​ចលនា CFF ​បានប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ប្អូនប្រុសគាត់ត្រូវ​​បានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី​១០ ខែតុលា ឆ្នាំ២០០១។ ក្រោយមក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០១ដដែល តុលាការបាន​សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន២០ឆ្នាំ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។

អ្នកស្រីបន្តថា បើគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ការអនុវត្តទោសលើប្អូនរបស់គាត់​លើស១ខែ៥ថ្ងៃ ខណៈ​តុលាការ​មិនទាន់ដោះលែងប្អូនគាត់ឱ្យមានសេរីភាពនៅឡើយ។ ​អ្នកស្រីចាត់ទុកការបន្តឃុំខ្លួនប្អូនគាត់ជារឿងខុសច្បាប់។

ករណីនេះ អ្នកស្រីអំពាវនាវឱ្យតុលាការដោះលែងប្អូនគាត់ឱ្យមានសេរីភាពវិញ ទៅតាមការកំណត់ទោសរបស់តុលាការ ដើម្បីបានម​កជួបជុំគ្រួសារ។

អ្នកស្រីអំពាវនាវដូច្នេះថា៖ «ខ្ញុំចង់ឱ្យគេដោះលែងគាត់ឱ្យបានឆាប់ៗ ព្រោះអីដល់ថ្ងៃគាត់ចេញហើយ លើស១ខែប៉ុន្មានថ្ងៃហើយ!  អ៊ីចឹងខ្ញុំសូមសំណូមពរឱ្យខាងតុលាការដែលថាសម្រេចផ្ដន្ទាទោសប្អូនខ្ញុំ សូមសំណូមពរ​ឱ្យដោះ​លែងគា​ត់បានចេញក្រៅមក ព្រោះអីគាត់ត្រូវដល់ពេលដោះលែងហើយ ត្រូវឱ្យគាត់មកជួបជុំគ្រួសារ ព្រោះគាត់បែកគ្នាយូរហើយ រយៈពេល២០ឆ្នាំហើយ មិនតិចទេ តាំងពីក្មេងរហូតដល់អាយុ៤២ឆ្នាំ អយុត្តិធម៌ណាស់។

ចំណែកអ្នកស្រី ហៃ ចន្ថា វ័យ៤២ឆ្នាំ ដែលអះអាងថាជាកូនស្រីបង្កើតរបស់លោក សៀង ហៃ និយាយថា បច្ចុប្បន្ននេះ ឪពុកគាត់មានអាយុជាង៧០ឆ្នាំ ដោយគាត់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនា​គារ​ចំនួន២០ឆ្នាំ ពាក់ព័ន្ធ​នឹង​ចលនា CFF។ អ្នកស្រីបង្ហាញជា​ចម្ងល់ថា ហេតុអ្វីបានជាតុលាការ​នៅតែបន្តឃុំខ្លួនឪពុ​ក​របស់គាត់ទុកឱ្យលើសរហូតជាងមួយខែបែបនេះ។

អ្នកស្រីបន្តថា បច្ចុប្បន្ននេះ ឪពុកគាត់មានវ័យចាស់ជរា និងមានជំងឺប្រចាំកាយច្រើន ដូចជា ទឹកនោមផ្អែម បេះដូង លើសឈាម និងភ្នែកឡើងបាយដល់២០០ ជាដើម។ ករណីនេះ អ្នកស្រីស្នើទៅតុលាការដោះលែងឪពុក​ឱ្យ​មាន​សេរីភាព​វិញ ដើម្បីមានឱកាសយកឪពុកទៅព្យាបាលជំងឺនិងមើលថែ​ផងដែរ ។

អ្នកស្រីអំពាវនាវ​ថា៖ «ដល់កំណត់ដែលតុលាការកាត់ទោសគាត់២០ឆ្នាំហើយ ហេតុអីនៅឃុំគាត់បន្តទៀត? ហើយទី២ ចង់ថាពេលដែលគាត់វិលមកវិញ កូនចៅត្រូវតែយកគាត់មកមើលថែ ដើម្បីព្យាបាលជំងឺគាត់ ព្រោះកាលពីម្សិលមិញ គាត់តេមកឱ្យខ្ញុំដាក់លុយឱ្យគាត់ចាយ គាត់អត់ស្រួលខ្លួនដែរ ក្ដៅញាក់ញ័រ បានគេនៅជិតហ្នឹងជួយច្របាច់ឱ្យគាត់ ព្រោះគាត់ចាស់ជរាហើយ»។

សាច់ញាតិអ្នកទោសទាំង២នាក់​នេះអះអាងប្រហាក់ប្រហែលគ្នាថា នៅពេលដែលគាត់ទៅដល់ពន្ធនាគារត្រពាំង​ផ្លុង​ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដើម្បីទទួលយកអ្នកដែលបញ្ចប់ការអនុវត្តទោសក្នុងពន្ធនាគារ​នៃចលនា ​CFF នោះ គឺ​​អ្នកផ្សេងដែលជាប់ពាក់ព័ន្ធរឿងនេះដែរ ​ត្រូវបានខាងពន្ធនាគារអនុញ្ញាតឱ្យចេញអស់ហើយ លើកលែងតែសមាជិកគ្រួសារគាត់២នាក់នេះ។

ចំណែកមន្ត្រីពន្ធនាគារត្រពាំងផ្លុងមួយរូប សុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា លោកមិនអាចផ្ដល់ព័ត៌មានជូនអ្នកសារព័ត៌មាន​ទេ ដោយតម្រូវឱ្យទៅជួបផ្ទាល់នៅពន្ធនាគារ និង​ទំនាក់ទំនងទៅតុលាការខេត្តត្បូងឃ្មុំ និងសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកឆ្លើយតបជំនួសវិញ។

លោកមានប្រសាសន៍ថា៖ «បងអាចទំនាក់ទំនងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំក៏បាន ព្រោះខាងពន្ធនាគារបានធ្វើរបាយការណ៍ជូន ដូចជាសាលាដំបូងរាជធានីភ្នំពេញ ហើយនិងសាលាដំបូងខេត្តត្បូងឃ្មុំ ដែលគាត់ទទួលបន្ទុកការងារហ្នឹង»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ថេង ជាង និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃអង្គារនេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញទៅក្រសួងយុត្តិធម៌ និងស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ស្រាវជ្រាវនិងស៊ើបអង្កេតរកឱ្យឃើញថា ​ពិតជាមានករណីឃុំខ្លួនអ្នកទោសលើសច្បាប់ប្រាកដមែនឬទេ។ លោកថា បើរកឃើញមានករណីបែបនេះមែន ក្រសួងត្រូវដាក់ពិន័យដល់មន្ត្រីតុលាការ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «បើសិនជាពួកគាត់អនុវត្តទោសតាមអំណាចសាលក្រមឬអំណាចសាលដីកា២០ឆ្នាំគ្រប់ហើយ ហើយមិនដោះលែង ហើយបន្តឃុំខ្លួន វាលើសអំណាចសាលក្រម ស្មើនឹងខុសច្បាប់។ ចំណុចហ្នឹងហើយ អ្នកដែលពាក់ព័ន្ធឬអ្នកដែលធ្វេសប្រហែស ក្រសួងយុត្តិធម៌ត្រូវពិនិត្យនិងពិចារណា ឬក៏ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យនិងពិចារណា»។

លោកបន្ថែមថា៖ «ពីព្រោះនៅក្រសួងយុត្តិធម៌ និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម គឺត្រូវធ្វើការស៊ើបអង្កេតតាមនីតិវិធី តើកំហុសនីតិវិធីឬមួយយ៉ាងម៉េច! បើរកឃើញថាមានកំហុស ត្រូវអនុវត្តតាមវិន័យរដ្ឋបាល។ ប៉ុន្តែបើថា ការឃុំខ្លួនគេដោយលើសអំណាចសាលក្រម វាស្មើនឹងការឃុំខ្លួនខុសច្បាប់ហើយ។ ចុះទាក់ទងនឹងការបង្ខាំងមនុស្សខុសច្បាប់? បង្ខាំងលើសតែ១ម៉ោង ដែលមិនឱ្យគេមានសេរីភាព ចាត់ទុកថាមានទោស។ ចុះពេលឃុំខ្លួនគេខុសច្បាប់វិញ? អាហ្នឹងក៏ចាត់ទុកថានៅក្នុងបទល្មើសដូចគ្នាដែរ»។

លោក ស្រ៊ី ស្រេន ដែលជាកសិករ និងលោក​ សៀង ហៃ ដែលជាប្រធានចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជាប្រចាំប្រទេសថៃពេលនោះ ​ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្នុងទឹកដីថៃដូចគ្នា ហើយនៅថ្ងៃទី២៥ ខែឆ្នាំដដែលនោះ អ្នកទាំងពីរត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់២០ឆ្នាំ ពីបទ «អំពើភេរវកម្ម សមគំនិតក្នុងអំពើភេរវកម្ម បទល្មើសប្រដាប់អាវុធ» ជាដើម។

ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា (Cambodian Freedom Fighter CFF) ​​ត្រូវបានបង្កើតឡើងដោយ​លោក ឈុន យ៉ាសិទ្ធិ ជន​ជាតិ​ខ្មែរ ​សញ្ជាតិ​អាមេរិក អំឡុងឆ្នាំ១៩៩៨។ ពីរឆ្នាំក្រោយមក ពោលគឺនៅចុង​ឆ្នាំ​២០០០ លោក ឈុន យ៉ាសិទ្ធិ ដែលស្នាក់​នៅ​ប្រទេស​ថៃពេលនោះ បាន​ដឹក​នាំ​ប្រតិបត្តិការ​យោធា​មួយ​ដែល​មានឈ្មោះ «​ភ្នំ​ភ្លើង» ដោយបានវាយ​ប្រហារ​លើ​ទីស្នាក់ការ​ក្រសួង​ការ​ពារ​ជាតិ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នៅ​រាជ​ធានី​ភ្នំពេញ បណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ ប៉ុន្តែ​ប្រតិបត្តិការ​នោះត្រូវ​បាន​បរាជ័យ។

អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ជា​ច្រើន​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​គុក ក្នុង​នោះក៏​មានអតីត​សមាជិក​គណ​បក្ស​សម​រង្ស៊ី​ ចំនួន៥​នាក់ ដែលតុលាការកាត់ទោសម្នាក់ៗជាប់ពន្ធនាគារ១៥ឆ្នាំ ប៉ុន្តែ​​​នៅខែកញ្ញា ឆ្នាំ២០១១ ព្រះមហា​ក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យ​ប្រទានការ​លើក​លែង​ទោស​​ដល់ពួកគេ។ អ្នកជាប់ឃុំក្នុងសំណុំរឿងភេរវកម្មនៃ CFF ក្រៅពីនេះ ត្រូវបន្តជាប់ឃុំតាមច្បាប់កំណត់ផងដែរ។

ដោយឡែក កាល​ពី​ឆ្នាំ​២០១០ តុលាការ​សហ​រដ្ឋ​អាមេរិក​បាន​កាត់​ទោសប្រធាន​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា លោក ឈុន យ៉ាសិទ្ធិ ឱ្យ​​ជាប់​គុក​អស់​មួយ​ជីវិត ក្រោម​បទ​ចោទ​ប្រកាន់​ថាបាន​ចូល​រួម​ដឹក​នាំ​ចលនាមួយនេះក្នុង​គោល​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជាតែ​មិន​បាន​សម្រេច​ កាល​ពី​ឆ្នាំ​២០០០នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ