ក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសទន្ទ្រានដីខុសច្បាប់នៅតាមដងទន្លេសាប បានចុះស្រាវជ្រាវបទល្មើសនៃការលួចកាប់ព្រៃនិងទន្ទ្រានដីខុសច្បាប់នៅខេត្តចំនួន២រួចហើយ ហើយនិងបន្តការងារនេះរហូតដល់គ្រប់ខេត្តទាំង៥ដែលស្ថិតនៅជាប់ដងទន្លេសាប។
អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស លោក អេង ហ៊ី បានឱ្យ វីអូឌី ដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ថាក្រុមការងារចុះស្រាវជ្រាវបានចំនួន២ខេត្តហើយ រួមមាន ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ លោកបានអះអាងថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារចម្រុះបានរកឃើញបទល្មើសច្រើន ប៉ុន្តែមិនទាន់ដឹងចំនួនជាក់លាក់នៅឡើយទេ ដោយសារកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងចុះពិនិត្យជាក់ស្ដែងនៅកំពង់ឆ្នាំង និងកំពង់ធំ ហើយមានកិច្ចប្រជុំជាមួយនឹងឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី អ៊ីចឹងការស្រាវជ្រាវយើងកំពុងតែធ្វើ ចំពោះទំហំដី[បទល្មើស] យើងមិនទាន់វាយតម្លៃបានទេ»។
លោក អេង ហ៊ី ក៏នៅមិនទាន់អាចបញ្ជាក់ទេ ថាតើមានមន្រ្តីនិងអ្នកណាខ្លះពាក់ព័ន្ធក្នុងបទល្មើសទន្រ្ទានដីព្រៃលិចទឹកខុសច្បាប់នេះនៅឡើយ។
បឹងទន្លេសាប គ្របដណ្ដប់ជាប់ខេត្តចំនួន៥នៅកម្ពុជា រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងបាត់ដំបង។
ការចុះស្រាវជ្រាវនេះ ក្រោយមានរបាយការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច ដែលបានបញ្ជូនទៅដល់ដៃនាយករដ្ឋមន្ត្រី ដោយរកឃើញមានការកាប់ទន្ទ្រានដីព្រៃលិចទឹកជាច្រើនពាន់ហិកតា នៅតាមបណ្ដាខេត្តនានាជាប់បឹងទន្លេសាប។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលបានចុះស្រាវជ្រាវដោយផ្ទាល់បានចំនួន២ខេត្ត រួមមាន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្រុមស្រាវជ្រាវនឹងធ្វើការងារនេះដោយយកចិត្តទុកដាក់ក្នុងការស្វែងរកភស្តុតាងមួយចំនួន ដើម្បីរៀបចំធាតុចូលដាក់ជូនរដ្ឋាភិបាល ធ្វើយ៉ាងណារក្សាផ្ទៃដីតាមដងទន្លេសាបឡើងវិញ។ ជាមួយគ្នានេះដែរ លោកក៏ជំរុញដល់ក្រុមការងារចម្រុះរបស់រដ្ឋាភិបាល ធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់កុំឱ្យមានការទន្ទ្រានដីខុសច្បាប់តទៅទៀត។
មន្ត្រីកម្មវិធីដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានលើកឡើងថា សកម្មភាពចុះបង្រ្កាបបទល្មើស ក៏ដូចជាស្រាវជ្រាវពីបញ្ហានៅតាមដងទន្លេសាបនេះ ជារឿងមួយដែលសំខាន់សម្រាប់ផលប្រយោជន៍ជាតិ។ លោកបន្តថា បញ្ហានេះ ថ្នាក់ដឹកនាំពាក់ព័ន្ធគួរតែអនុវត្តច្បាប់មកតាំងពីយូរក្នុងការបង្រ្កាបបទល្មើស ខណៈលោកមើលឃើញថា បញ្ហានេះបានចូលដល់ដំណាក់កាលប្រកាសអាសន្នជាយូរមកហើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាជាដំណើរគំរូឈានដល់ការនាំជនល្មើស ទោះបីឋានៈប៉ុនណាក៏ដោយ [ត្រូវយក]មកផ្ដន្ទាទោស វាជាគំរូមួយឈានទៅក្នុងការបង្រ្កាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឈើធំៗទៀត។ ខ្ញុំសង្ឃឹមថា ទ្រព្យរដ្ឋនឹងត្រូវបានប្រមូលទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ […] កន្លងមក យើងឃើញថា មានការប្រព្រឹត្តបទល្មើសរាប់លានហិកតា ដែលជាគំរូអាក្រក់»។
នៅរសៀលថ្ងៃអាទិត្យសប្ដាហ៍មុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ ដោយថានឹងចាត់វិធានការច្បាប់ចំពោះអ្នកពាក់ព័ន្ធការទន្ទ្រានព្រៃលិចទឹក ពិសេសនៅតំបន់បឹងទន្លេសាប ហើយលោកទទួលស្គាល់ថាមានមន្ត្រីមួយចំនួន ទាំងអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក ក៏កំពុងជាប់ពាក់ព័ន្ធផងដែរ ក្រោយទទួលបានរបាយការណ៍ស្រាវជ្រាវពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច៕