សាលា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​វិញ ប៉ុន្តែ​សិស្ស​មក​ពី​ជនបទ​មួយចំនួន​ត្រូវ​បន្ត​ធ្វើ​ការងារ

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

នៅយានដ្ឋានដ៏ចង្អៀតមួយ ថារុន ក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់ កំពុងអង្គុយលើកៅអីជ័រដែលប្រេះបាក់ នៅខាងមុខដងផ្លូវពោរពេញទៅដោយសំឡេងឡានម៉ូតូ នៅម្តុំខាងជើងផ្សារដេប៉ូ ក្នុងរាជធានីភ្នំពេញ។ កង្ហារនៅ​ក្រោយ​គេ​បន្លឺ​សំឡេង​ឮ​ជា​ខ្លាំង ដែល​សឹងតែ​ស្ដាប់ពាក្យពេចន៍គេនិយាយ​​រៀបរាប់មិនបាន។ លោកពូរបស់គេក៏បានឡើងទៅបិតកង្ហារម៉ាស៊ីននោះ។

ថារុន គឺជាសិស្សកំពុងតែរៀននៅថ្នាក់ទី៦ នៅពេលដែលសាលារបស់គេត្រូវបានបិទ ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំមុន។ ក្មេងប្រុសម្នាក់នេះបានលើកឡើងថា ការសិក្សាតាមប្រព័ន្ធ​អន​ឡាញមិន​មែន​ជាជម្រើសសម្រាប់រូបគេនោះទេ។ ផ្ទុយ​ទៅ​វិញ គេត្រូវជួយ​គ្រួសារ​របស់​គេ​ក្នុង​ការ​ធ្វើ​ចម្ការ ដាំម្រះ ជាមួយ​ឪពុកម្ដាយរបស់​គេ នៅឯខេត្តកំពង់ចាម។

ថារុន បាននិយាយថា៖ «សាលាបានបិទ ហើយបើកវិញ​ ហើយក៏បិទម្ដងទៀត។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តថាឈប់រៀន។ មានសិស្សមិនច្រើនប៉ុន្មានទេដែលបានបន្តរៀន។ »

នៅខែតុលា មួយខែបន្ទាប់ពីសាលាទូទាំងរាជធានីនិងខេត្តខ្លះបានបើកទ្វារឱ្យសិស្សចូលរៀនវិញ ថារុន បានឡើងមក​រាជធានី​ភ្នំពេញ ដើម្បីធ្វើការ​នៅ​យាន​ដ្ឋាន​មួយ​កន្លែង​ដែលជារបស់មិត្តភក្តិពូ​របស់គេ។ គេធ្វើការ​ពី​ម៉ោង៦​កន្លះ​ព្រឹក​ដល់​ម៉ោង៦ល្ងាច ដោយ​ជួយ​ដោះក​ង់​ឡាន និង​សប់​បញ្ចូល​ខ្យល់។ ថារុន បានប្រាប់​ថា ការងារនេះ​គេមិនទា​ន់បានប្រាក់កម្រៃនៅឡើយទេ ហើយគាត់រស់នៅជាមួយពូរបស់គាត់។ ថារុន ថាខ្លួនពិតជានឹកមិត្តភក្តិចាស់ៗ​របស់​គេ​ណាស់ ប៉ុន្តែខ្លួនមិនដែលបានទាក់ទងទៅពួកគេទេ។

ថារុន និយាយថា៖ «នៅពេលដែលខ្ញុំមកដល់ដំបូង គឺមានអារម្មណ៍ថាភ័យៗ។ តែបានប្រហែលជាពីរអាទិត្យ ខ្ញុំក៏ទម្លាប់បាន»។

បន្ទាប់ពីការទ្រាំនឹ​ងការរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញអស់រយៈពេលជាងមួយឆ្នាំ នៅពេលដែលសាលាត្រូវបានបិទនិងបើកជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំនេះ សិស្សានុសិស្សទូទាំងប្រទេសកម្ពុជាក៏បានត្រលប់ទៅរៀនក្នុងថា្នក់វិញដោយការប្រុងប្រយ័ត្ន។ ប៉ុន្តែសម្រាប់ក្មេងៗ​មកពីជនបទ វិបត្តិ​កូវីដ-១៩ បានធ្វើ​ឱ្យសេដ្ឋកិច្ចគ្រួសារពួកគេកាន់តែលំបាក ដែលបណ្ដាលឱ្យពួកគេត្រូវសម្រេចចិត្តបោះបង់ការសិក្សា ហើយទៅរកការងារធ្វើ។

រាជធានីភ្នំពេញ៖ សកម្មភាពរៀននិងបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ នៅសាលាបឋមសិក្សាចតុមុខ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
រាជធានីភ្នំពេញ៖ សកម្មភាពរៀននិងបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ នៅសាលាបឋមសិក្សាចតុមុខ ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឱ្យដំណើរការកម្មវិធីសិក្សាទូទៅឡើងវិញ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ​ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ (ជន ចាន់រ៉ែន)

រលកវិបត្តិសេដ្ឋកិច្ចនេះបានធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារមួយចំនួនជាខ្លាំង ដោយបានដាក់សម្ពាធឱ្យក្មេងក្នុងវ័យសិក្សាត្រូវធ្វើការងារនៅចម្ការជាមួយគ្រួសារគេ។ ហើយប្រសិនបើពួកគេមានឱកាស គឺបានផ្លាស់លំនៅដើម្បីរកការងារធ្វើ។ ក្មេងខ្លះដូចជា ថារុន ត្រូវបានឪពុកម្ដាយពួកគេបញ្ជូន​មករាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ជំនាញដែល​អាច​រក​ប្រាក់​កម្រៃបាន ដោយ​មិនបាច់ចំណាយពេលច្រើនឆ្នាំក្នុងសាលា​ដែលពួកគេនឹកជាខ្លាំងនោះឡើយ។ សម្រាប់ក្មេង​ខ្លះ នេះគឺជាចុង​បញ្ចប់នៃការសិក្សារបស់ពួកគេ និងជាការចាប់ផ្ដើមនៃអាជីពមួយដែលដូចឬស្រដៀងទៅនឹងឪពុកម្ដាយពួកគេ។

សិស្សនៅតាមទីជនបទ​ គឺងាយនឹង​បោះបង់​ការ​សិក្សា​ជាង​សិស្ស​នៅ​តាម​ទីក្រុង​និង​ទី​ប្រជុំ​ជន តាំង​ពីមុនមានវិបត្តិជំងឺកូវីដ-១៩។ ក្នុងឆ្នាំសិក្សា​២០១៩-២០២០ ទិន្នន័យ ៩,៩% នៃសិស្សនៅតាមទីជនបទក្នុងកម្រិត​វិទ្យាល័យ​បានបោះបង់ចោលការសិក្សា បើធៀបទៅនឹងសិស្សនៅតាមទីក្រុងដែលមានចំនួន៥,៤ភាគរយ។

សិស្សនៅតាមជនបទក្នុងកម្រិតមធ្យមសិក្សាវិញ រឹតតែងាយបោះបង់ចោលការសិក្សា ដែលមាន ១៩,២% បើ​ធៀប​ទៅនឹង ១៤% ដែលជាភាគរយនៃការបោះបង់ការសិក្សារបស់សិស្សមធ្យមសិក្សានៅឯទីក្រុង។ នេះបើតាមទិន្នន័យរបស់ក្រសួង​អប់រំ យុវជន និង​កីឡា។

នៅខែសីហា និងកញ្ញា ឆ្នាំ​២០២០ មុនពេលឆ្នាំសិក្សាថ្មីចាប់ផ្ដើមនាខែមករា ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយអង្គការយូនីសេហ្វ និង​អង្គការការពារកុមារ បានធ្វើការស្ទង់មតិ​មនុស្ស​​ជាង១៥ ០០០នាក់ ដែល​ក្នុងនោះ​មានសិស្ស និង​អ្នកមើលថែពួកគេ។ លទ្ធផលចេញនាខែ​មីនា បាន​បង្ហាញ​ថា ១៦​ភាគរយ នៃសិស្សទាំងនោះ បានបោះបង់ចោលការសិក្សារបស់ពួកគេ ឬកំពុងតែប្រឈមនឹងហានិភ័យនៃការបោះបង់ចោលការសិក្សា។ ក្មេងម្នាក់​​ក្នុងចំណោម១០នាក់ បាន​និងកំពុងធ្វើការងារពេញឬ​ក្រៅម៉ោង។

លើសពីនេះទៅទៀត ជាង៧៥ភាគរយនៃ​សិស្សដែលបានបោះបង់ចោលការសិក្សា និងកំពុងតែប្រឈម​នឹង​ហានិភ័យ​នៃការបោះបង់នោះ កំពុងធ្វើការងារឬ​បានជួយការងារក្នុងផ្ទះដើម្បីជួយសម្រាលបន្ទុកក្នុង​គ្រួសារ។

សិស្សានុសិស្សត្រូវបានគេមើលរំលង

នៅអង្គុយមុខយានដ្ឋានចម្ងាយមួយផ្លូវ​ពីផ្ទះរបស់កុមារ ថារុន កុមារម្នាក់ទៀតឈ្មោះ ណែត ដែល​មាន​​វ័យ១៥​ឆ្នាំម្នា​ក់ កំពុងតែរៀនថ្នាក់ទី៣នៅឡើយ​ ពេលដែលសាលាត្រូវបានបិទទ្វារដោយសារជំងឺកូវីដ-១៩។ ជាក្មេងមកពីខេត្តពោធិ៍សាត់ ណែត បាន​និយាយថា ខ្លួនមិន​មាន​ឱកាសក្នុងការរៀនអនឡាញដូចក្មេងដទៃនោះទេ។ ផ្ទុយទៅវិញ ឪពុកម្ដាយរបស់គេបានបញ្ជូនគេមកទីក្រុង ដើម្បីរកប្រាក់កម្រៃនៅយានដ្ឋានមួយដែលជារបស់​មិត្តភក្តិម្ដាយគេ។

ណែត បាននិយាយថា៖ «ខ្ញុំមិនចង់ទៅរៀនវិញទេ ព្រោះខ្ញុំអាយុច្រើនហើយ ខ្ញុំខ្មាសគេ នឹងត្រលប់ទៅវិញហើយរៀនថ្នាក់៣ណាស់»។

អំឡុងជំងឺរាតត្បាតនេះ ជាពេលដ៏លំបាកនិងហត់នឿយសម្រាប់ឪពុកម្ដាយ ក៏ដូចជាកូនពួកគេ។ សាលា​នៅ ប្រទេសកម្ពុជា​បានបិទទ្វារ​ដំបូងនៅ​ខែ​មីនា ឆ្នាំ២០២០ ហើយ​បាន​បើកវិញជាដំណាក់កាលនៅខែសីហាឆ្នាំមុន មុន​នឹងបិទទ្វារម្ដងទៀតនៅខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារការឆ្លងជាសហគមន៍ជាថ្មី។ សាលាក៏បានបើកទ្វារម្ដងទៀតនៅខែមករា ឆ្នាំ​២០២១​​នេះ ហើយក៏ត្រូវបិទ​វិញ ដោយ​សារ​ព្រឹត្តិ​ការ​ណ៍ឆ្លង​ចូល​សហគមន៍ ២០កុម្ភៈ។ ក្នុងពេលដែលសាលានៅភ្នំពេញ និងតាមបណ្ដាខេត្តនានា​ បានបើកទ្វារ​ជា​ដំណាក់​កាលនៅខែ​កញ្ញា សាលា​ជាច្រើន​នៅតែបន្តបិទទ្វារ​រហូត​ដល់​ខែវិច្ឆិកា។

ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលបានព្យាយាមបន្តរក្សាលទ្ធភាពនៃការទទួលបានការអប់រំតាមរយៈឧបករណ៍សិក្សាពីចម្ងាយ​មានដូចជា​ វីដេអូមេរៀន ដែលមាននៅលើប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាការផ្សាយតាមទូរទស្សន៍។ ប៉ុន្តែដូចជាឪពុកម្ដាយ និងលោកគ្រូ-អ្នកគ្រូទូទាំងពិភពលោក បានលើកឡើង​ថា ឧបករណ៍ទាំងនោះមិនអាចជំនួសឱ្យ​​​ការរៀនផ្ទាល់​នៅក្នុងថ្នាក់នោះទេ។

លោក ជា វុទ្ធី ជាគ្រូបង្រៀនផ្នែក​ផែនដីវិទ្យា កម្រិតថ្នាក់ទី​៧ ទី៨​ និងទី​៩ នៅ​ឯខេត្តកំពង់ស្ពឺ។ នៅពេលដែល​សាលា​បាន​បិទ​ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ លោកបានព្យាយាមប្រមូលសិស្សមករៀនតាមប្រព័ន្ធអនឡាញ។ ពេលនោះ​គាត់​ក៏បាន​ដឹង​ថា​ ការបង្រៀនរបស់គាត់គឺមិនសូវជាមានប្រសិទ្ធភាពទេ។

លោក ជា វុទ្ធី បន្តថា៖ «សិស្សខ្លះក៏ចូលហើយក៏ចេញវិញ […] គឺវាមិនអាចប្រៀបធៀបទៅការរៀនក្នុងថ្នាក់ទេ។ កាលមុន មានសិស្សច្រើនណាស់ តែឥលូវមានតែ​បួន​ប្រាំ​នាក់ទេ​ ពេលរៀនអនឡាញ»។

កង្វះអគ្គិសនី អ៊ីនធឺណិត និងឧបករណ៍ប្រើប្រាស់ បានធ្វើឱ្យការសិក្សាពីចម្ងាយក្នុងរយៈពេលពីរឆ្នាំនេះរបស់សិស្សមួយចំនួន​ ពិតជាមានការលំបាកខ្លាំងណាស់។ បើតាមរបាយការណ៍របស់​អង្គ​ការ​យូនីសេហ្វ សហការជាមួយ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា ៦៩​ភាគរយ​នៃ​សិស្សឬក៏អាណាព្យាបាល​ពួកគេមាន​ទូរសព្ទនៅផ្ទះ ប៉ុន្តែ​មានតែ១២ភាគរយប៉ុណ្ណោះ​ដែល​មាន​កុំព្យូទ័រឬ​ថេបប្លេតនៅផ្ទះ។ ជាង​ពាក់​កណ្ដាល​​កង្វះ​ខាត​អគ្គិសនី​ប្រើ​ប្រាស់ ហើយ​មានតែម្នាក់ក្នុងចំណោម៤នាក់ប៉ុណ្ណោះដែលមានសេវាអ៊ីនធឺណិតប្រើប្រាស់។

ការរៀននៅផ្ទះ គឺបានន័យថា ​សិស្សមិនសូវជាចំណាយពេលរៀនប៉ុន្មានទេ។ ជាង៨០ភាគរយ​នៃសិស្សដែលបានស្ទង់មតិ បានចំណាយពេល៥ម៉ោងឬ​តិចជាងនេះ​ក្នុង​ការ​សិក្សា​ពី​ចម្ងាយ ដែល៤៥​ភាគរយ​នៃ​ចំនួនសិស្ស​ទាំង​នោះបានចំណាយពេល១ម៉ោងឬតិចជាង​នេះក្នុងការរៀនជាមួយគ្រូពីចម្ងាយ។ សរុបមក សិស្សានុ​សិស្ស​ប្រមាណ៣លាន២សែននាក់ ត្រូវបានរងផលប៉ះពាល់ដោយការបិទសាលារៀននៅក្នុងប្រទេសកម្ពុជា អំឡុងពេលជំងឺរាតត្បាត។

ប៉ុន្មានខែដែលឃ្លាតឆ្ងាយពីសាលានេះ គឺពិបាកខ្លាំងបំផុតសម្រាប់គ្រួសារដែលមានជីវភាពក្រីក្រ។ ខណៈ​ការស្ទង់មតិខែមីនានោះបង្ហាញថា សិស្សប្រមាណ៧០​ភាគ​រយ​ទូទាំង​ប្រទេស ទទួលបាន​ការ​សិក្សាតាមរយៈកម្មវិធីរៀនពីចម្ងាយរបស់ក្រសួងអប់រំ ដែលមាន​ដូចជា វីដេអូ អនឡាញ បន្ទាប់ពី​សាលា​បាន​បិទ ប៉ុន្តែ​តួលេខនេះត្រូវបានថយចុះទៅដល់៥៧​ភាគ​រយសម្រាប់​​សិស្ស​ដែល​មក​ពី​គ្រួសារ​ដែល​មាន​បណ្ណក្រីក្រ។ 

សរុបសេចក្ដីមក  ការសិក្សានោះ​បានបង្ហាញថា សិស្សមកពីគ្រួសារក្រីក្រមានលទ្ធភាពតិចជាងសិស្សដទៃ ក្នុង​ការទទួលបានអគ្គិសនី សេវាអ៊ីនធឺណិត ស្មាតហ្វូន កុំព្យូទ័រ ទូរទស្សន៍ និងកន្លែងដែលមានពន្លឺគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការសាលានៅផ្ទះ។

បាត់បង់ឆ្នាំសិក្សា

តាមដងផ្លូវដែលមានដីហុយ ​ឆ្ងាយ​ពីទីរួម​ស្រុក​​ឱរ៉ាល់ ក្នុង​ខេត្ត​កំពង់ស្ពឺ លោក​យាយ គឹម ភាន កំពុង​តែមើល​ចៅទាំង៦​នាក់របស់គាត់​រត់លេង។ ទោះជាសាលារបស់ពួកគេបានបើកតាំងពីខែតុលា ពួកគេ​មិនបានស្ថិតនៅក្នុងសម្លៀកបំពាក់ឯកសណ្ឋានសាលានោះទេ។ លោកយាយបាននិយាយថា ម៉ូតូ​របស់គ្រូ​ពួក​គេ​បានខូច ដូច្នេះពួកគេមិនបានទៅរៀនទេ។ គាត់បន្តថា ចៅរបស់គាត់​តែងតែឈប់ មិនបានទៅរៀនបែប​នេះ តាំងពីមាន​ជំងឺ​កូវីដ-១៩ រាតត្បាតមកម្ល៉េះ។

លោកយាយ គឹម ភាន ថ្លែងថា៖ «មិនមានការរៀនអនឡាញអីទេ […] ពួកគេ​ក៏មិនបានរៀនដែរ ព្រោះនៅទីនេះអត់សូវមានសេវាអ៊ីន​ធឺណិត​ទេ។ គ្រូពួកគេឱ្យ​ពួកគេទៅរៀនមួយសប្ដាហ៍ម្ដង។ ខ្ញុំក៏តែងប្រាប់ពួកគេឱ្យ​រៀននៅផ្ទះដែរ»។

ឪពុកម្ដាយរបស់ពួកគេ​ទៅធ្វើការរោងចក្រ នៅ​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។ ចំណែកឯថ្ងៃចុងសប្ដាហ៍ ពួក​គេ​នៅ​ឯចម្ការ ដាំ​ពោត ល្ពៅ និង​ធ្វើស្រែ ដើម្បី​រក​ប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។

បើយោងទៅតាមការសិក្សាលើអត្រានៃការបោះបង់​ចោល​ការ​សិក្សា ដោយ​អង្គការ Save the Children នាខែកុម្ភៈ​កន្លង​ទៅ នៅពេ​ល​​ការរាតត្បាតនៃជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា​ចូលក្នុងសហគមន៍នោះ សិស្សប្រមាណ​១៥ភាគរយ​នៅស្រុកឱរ៉ាល់ ត្រូវបានគេចាត់ទុកថា​កំពុងតែមានហានិភ័យខ្ពស់នៃការបោះបង់ចោលការសិក្សា។

បើទោះជាលោកយាយ​ ភាន ចង់ឱ្យ​ចៅរបស់គាត់បានរៀនខ្ពង់ខ្ពស់ក៏ដោយ ប៉ុន្តែគាត់មានការលំបាកក្នុងការជួយកិច្ចការសាលារបស់ពួកគេ។ ពលរដ្ឋរូបនេះ​និយាយ​ថា គាត់​មាន​អាយុ​ទើប​តែ១៧​ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេលដែលប្រទេសកម្ពុជាធ្លាក់ក្នុងរបបប៉ុល​ពត ឬ​របបខ្មែរក្រហម។

លោក​យាយ ​ភាន និយាយថា៖ «ខ្ញុំទុកឱ្យម៉ែឪវាមើល និងជួយមើលការរៀនសូត្រពួកគេ ពេលដែលគេមកដល់ពីធ្វើការវិញ»។

លោក​យាយបន្ថែមថា៖ «ខ្ញុំនេះបានចង់តែប្រាប់ឱ្យ​វារៀន និងមើលថែវាប៉ុណ្ណោះ។ ពេលខ្លះពិតជាពិបាកណាស់ គឺពួកគេមិនស្ដាប់ខ្ញុំទេ។ ខ្ញុំឱ្យពួកគេទៅសាលា​ សង្ឃឹមថាពួកគេរៀនចេះ រកការងារបានធ្វើល្អ និងរកប្រាក់បានច្រើន»។

ដានី ស្ត្រីវ័យ២៨ឆ្នាំម្នាក់ បានប្រាប់ថា អ្នកស្រី​​បានមករស់នៅស្រុកឱរ៉ាល់កាលពី១០​ឆ្នាំ​មុន​ បន្ទាប់ពី​អ្នកស្រី​​រៀប​ការ​​ហើយ។ សព្វថ្ងៃ អ្នកស្រី​ប្រកបរបរ​លក់​អាហារ​នៅ​តាម​ដងផ្លូវ​។ ក្មេងស្រីសិស្សសាលាជាច្រើននាក់កំពុងតែអង្គុយនៅនឹងតុក្រោយនាង ក្នុងដៃរបស់ពួកគេមានទឹកម្នាក់មួយកែវ។

អ្នកស្រីនិយាយថា៖ «គឺពិបាកណាស់សម្រាប់កូនប្រុសខ្ញុំ នៅពេលដែលសាលាបានបិទដំបូង […] ព្រោះគាត់មានអាយុទើបតែ៦ឆ្នាំទេ ទើប​ចូលរៀនបានកន្លះឆ្នាំ ហើយ​សាលាក៏បិទ។ ឥលូវ​វា​មាន​អាយុ៨​ឆ្នាំហើយ​ រៀនមិនទាន់ចប់ថ្នាក់ទី១ទេ»។

បញ្ហានៃការសិក្សារបស់សិស្ស​នៅក្នុងប្រទេសកម្ពុជា គឺមានតាំងពីមុនមានជំងឺរាតត្បាតនេះមកម្ល៉េះ។ បើ​យោង​ទៅតា​ម​របាយការណ៍​នៅក្នុងឆ្នាំ​២០១៨ របស់អង្គការយូនីសេហ្វ សិស្សជិត២៥ភាគរយដែលរៀននៅថ្នាក់ទី៣ គឺមិនអាចសរសេរអក្សរបានទេ។ នៅពេលដែលពួកគេមានអាយុ១៧ឆ្នាំ ជាងពាក់កណ្ដាលនៃសិស្សទាំងនោះបានបោះបង់ចោលការសិក្សា។

លោក វុទ្ធី ដែលជាគ្រូមកពីខេត្តកំពង់ស្ពឺ បាននិយាយថា គាត់ពិតជាបារម្ភអំពីឥទ្ធិពលនៃជំងឺរាតត្បាតនេះ ទៅលើការសិក្សារបស់សិស្សមួយចំនួន។

លោក​បន្ត​ថា៖ «ខ្ញុំគិតថា ការបិទសាលារៀនរយៈពេលប៉ុន្មានឆ្នាំប៉ុន្មានខែនេះ ពិតជាប៉ះពាល់ដល់ការសិក្សារបស់សិស្សណាស់។ សិស្សខ្លះ​គាត់​ចូល​ចិត្ត​រៀន ហើយ​ចូលចិត្ត​អាន​ណាស់។ ពួកគាត់ទូរសព្ទ​ ផ្ញើសារមកខ្ញុំ។ ប៉ុន្តែសិស្សខ្លះគឺមិនខ្វល់ទេ ហើយយកពេលទំនេរទៅលេងហ្គេមនៅលើទូរសព្ទរបស់ពួកគេ។ ពួកគេមិនខ្វល់ពីមេរៀនអីទេ ដូច្នេះគឺពួកគេតាមមិនទាន់»។

នៅស្រុកលើក​ដែក ខេត្តកណ្ដាល តាមដងទន្លេមេ​គង្គ លោក ប៉េង ឈាង កំពុងតែរៀបចំរទេះត្រៀម​យកគ្រាប់​ដំណាំទៅ​​ដាំ។ ពួកគេកំពុងតែរៀបចំដី ដើម្បីដាំ​ត្រប់។ គាត់បានរៀបរាប់ថា ជំងឺកូវីដ-១៩​នេះ​បាន​ធ្វើ​ឱ្យ​​ជីវភាពគ្រួសារគាត់ជួបការលំបាកណាស់។ ​លោកថា ចំណែកតម្លៃរបស់ប្រើប្រាស់ផ្សេងៗដែលត្រូវបាននាំចូលកាន់តែមានតម្លៃ​ខ្ពស់ ចំណែកតម្លៃ​ដំណាំដែល​ដាំក្នុងស្រុក គឺកាន់តែ​ធ្លាក់ចុះទាប។

គាត់និយាយថា៖ «ពេលសាលាបិទ កូនខ្ញុំមិនបានរៀនទេ។ ពេលរៀនតាមអនឡាញហ្នឹង គឺអស់លុយទូរសព្ទច្រើនណាស់។ ដូច្នេះ ខ្ញុំក៏ឱ្យពួកគេឈប់សិន។ កូនប្រុសច្បងរបស់ខ្ញុំ គឺកំពុងតែធ្វើការនៅខេត្តកំពត បន្ទាប់ពីបានជាប់ថ្នាក់ទី១២»។

បើតាមរបាយការណ៍របស់អង្គការ Save The Children ដដែលនោះ ជាង៧ភាគរ​យ​នៃ​សិស្សនៅ​ក្នុងស្រុក​លើកដែក គឺបានបោះបង់ចោលការសិក្សា។

កូនស្រីច្បងរបស់លោក ភី សារ៉ុម បានបោះបង់ចោលការសិក្សាកាលពីឆ្នាំមុន នៅពេលដែលនាងមានអាយុ១៦ឆ្នាំ។

គាត់និយាយថា៖ «កាលនោះនាងរៀនថ្នាក់ទី៧ នាងឈប់រៀនដោយសារកាលនោះ ជីវភាពគ្រួសារលំបាក ហើយខ្ញុំក៏ឈឺ»។

បើទោះបីជាពេលនេះ លោកនិងប្រពន្ធរបស់លោកធ្វើចម្ការនិងលក់ស្វាយក៏ដោយ ប៉ុន្តែជីវភាពគ្រួសារ​នៅ​តែ​លំបាក។ កូន៦​នាក់​របស់​លោក​ផ្សេង​ទៀត កំពុង​តែ​នៅផ្ទះ មិន​បាន​ទៅរៀនសូត្រទេ ដោយ​សារ​តែ​សាលា​ត្រូវ​បាន​បិទ​ទ្វារ។ ហើយ​គាត់​​កំពុង​តែគិត​ថា ត្រូវបញ្ជូនកូនស្រីទី​២របស់គាត់ដែល​មាន​អាយុ១៤ឆ្នាំ​ ដើម្បីឡើងទៅធ្វើការនៅរាជធានី​ភ្នំពេញ​ឬយ៉ាង​ណា។

គាត់បន្តថា៖ «កូនស្រីច្បងរបស់ខ្ញុំ គឺធ្វើការនៅហ្គារ៉ាស់ឡាននៅផ្សារដេប៉ូ។ កូនស្រីទី២របស់ខ្ញុំ​ក៏ទៅធ្វើការ​នៅទីនោះដែរ ហើយ​ប្រហែលជាមិន​ទៅរៀនវិញទេ។ ខ្ញុំចង់ឱ្យ​នាងបន្តរៀន ប៉ុន្តែខ្ញុំគ្មានលទ្ធភាពទេ គឺខ្ញុំនៅតែឈឺ»។

កូនប្រុសទី៣របស់លោកគឺមិនទាន់ទៅធ្វើការអ្វីទេ ប៉ុន្តែបច្ចុប្បន្ន គេមិនបានទៅរៀននៅសាលាឡើយ។

សម្រាប់ ដានី ដែលជាអ្នករស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយថា ក្មេងៗ​ដែលមកពីគ្រួសារ​មាន​ជីវភាពលំបាក ប្រហែលជាមិនត្រលប់ទៅសាលារៀនវិញទេ។

នាងនិយាយថា៖ «នៅភូមិឆ្ងាយនោះ សិស្សឈប់រៀន ហើយមិនទៅរៀនវិញទេ ពួកគេទៅធ្វើការ»។

សម្រាប់គ្រួសារដែលមានជីវភាព​លំបាក ហើយ​ប្រកប​របរធ្វើ​​​ស្រែចម្ការ និងជាអ្នកដែលធ្វើការនៅរោងចក្រ ហើយ​ពឹងទៅលើការអប់រំដើម្បីឱ្យ​កូនរបស់គេមានអនាគតល្អ ប៉ុន្តែរយៈពេល២ឆ្នាំនេះ ពិតជាលំបាក។ លោក វុទ្ធី ដែលជាគ្រូផ្នែកផែនដីវិទ្យា បាននិយាយថា សិស្សរបស់គាត់ច្រើនដែលបានបោះបង់ការសិក្សា ព្រោះ​មិ​នមានជម្រើសនោះទេ។

គាត់និយាយថា៖ «ខ្ញុំពិតជាបារម្ភខ្លាំងណាស់! គឺខ្ញុំនិយាយពីសិស្សថ្នាក់ទី៩។ ពួកគេខ្លះបានទៅធ្វើការនៅរោងចក្រ ផ្លាស់ទៅធ្វើការខាងលាងឡាន ឬក៏ពលកម្មអ្វីផ្សេង។ ខ្ញុំបានសួរពួកគេហើយ ពួកគេមករៀនវិញ។ ប៉ុន្តែពេលខ្លះជីវភាពគ្រួសារពួកគេ គឺជាបញ្ហា»។

បើទោះបីជាវាពិបាកសម្រាប់ទទួលយក ប៉ុន្តែ ដានី បាននិយាយថា សម្រាប់ក្មេងៗសិស្សសាលានៅកម្ពុជា ការរកប្រាក់កម្រៃបានជាលើកដំបូងក្នុងជីវិតរបស់ពួកគេ ​មិនត្រឹមតែអាចជួយឱ្យ​​ពួកគេទ្រទ្រង់​ជីវ​ភាពគ្រួសារ​ពួក​គេប៉ុណ្ណោះទេ តែធ្វើឱ្យពួកគេគិតថា​មានឯករាជ្យភាពលើខ្លួនឯងផងដែរ។

នាងនិយាយថា​៖ «បើសិនជាសាលាបើក​វិញ ខ្ញុំគិតថាមិនមានសិស្សទៅរៀនវិញទេ។ តែពួកគេរកលុយបានហើយ ទើបពួកគេមិនចង់ទៅរៀនវិញទេ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ