សង្គមស៊ីវិល​ជំរុញ​ឱ្យ​ពង្រឹង​ប្រសិទ្ធភាព​ការិយាល័យ​ប្រជាពលរដ្ឋ

តំណាងពលរដ្ឋជាង១០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំមុខក្រសួងរៀបចំដែនដី ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីពួកគេ ខណៈវិវាទនោះអូសបន្លាយជាង១០ឆ្នាំ ពុំទទួលបានសំណង នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ (ហ៊ី ឆាយ)

ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា «ការិយាល័យប្រជាពលរដ្ឋ» មាន​តួនាទីសំខាន់ក្នុងការចូលរួមចំ​​ណែក​​ជំរុញ​តម្លាភាពសង្គម កាត់បន្ថយជម្លោះនៅថ្នាក់មូលដ្ឋាន ប៉ុន្តែ​ប្រជា​​ពលរដ្ឋហាក់មិនសូវចាប់​អា​រម្មណ៍​​ប្រើប្រាស់សេវានេះទេ ដែលការណ៍នេះ ក្រសួងមហាផ្ទៃគួរ​ពង្រឹង​ប្រសិទ្ធភាព​ឡើង​វិញ។

ការបង្ហាញទស្សននេះ ​ធ្វើ​ឡើង​​​ក្រោយពីក្រសួងមហាផ្ទៃ កាលពីថ្ងៃ​ម្សិលមិញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែ​នាំស្ដីពី «នីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុង-ស្រុកចំនួន៨៤​គោ​លដៅ» ដែលមិនទាន់មានការិយាល័យប្រជាពលរដ្ឋនៅឡើយ តាមប្រព័ន្ធ​ZOOM ហើយ​ក្នុង​កម្មវិធីនោះ​ក៏មាន​ចូលរួមពីតំណាង​អង្គការតម្លាភាពកម្ពុជាផងដែរ។

នាយកប្រតិបត្តិអង្គការតម្លាភាពក​ម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការិយាល័យប្រជាពលរដ្ឋ ជាអង្គភាព​​មួយបាន​ដើរតួនាទីសំខាន់ក្នុងការសម្របសម្រួល​បញ្ហានៅថ្នាក់មូលដ្ឋាន និងស្វែងរកដំណោះស្រាយពីថ្នាក់ជាតិ បើខ្លួនមិនមានលទ្ធភាពដោះស្រាយ។

លោក​ពន្យល់ថា ប្រជាពលរដ្ឋអាចប្រើប្រាស់អង្គភាពនេះសម្រាប់ផ្ដល់ជាយោបល់ឬកង្វល់ផ្សេងៗដែលខ្លួន​កើតទុក​មិន​សុខ​ចិត្ត​ទៅ​លើមន្ត្រីដែលផ្ដល់សេវា រួមទាំងសំណើផ្សេងៗដែល​បាន​កើត​ឡើង​នៅ​ថ្នាក់មូល​ដ្ឋាន។

ប៉ុន្តែលោក​សង្កេតឃើញថា ពលរដ្ឋមិនសូវចាប់អារម្មណ៍​ប្រើប្រាស់យន្តការនេះទេ តែបែរជាជ្រើស​រើស​យក​ការប្រមូល​ផ្ដុំតាមដងផ្លូវ ឬឈរនៅមុខក្រសួងមន្ទីរសាធារណៈ​ទៅវិញ ដែលការណ៍នេះ លោកថា ក្រសួងមហាផ្ទៃគួរពង្រឹង​ប្រសិទ្ធ​ភាព​ប្រកប​ដោយ​ភាព​មិន​លម្អៀង ដើម្បី​កាត់​បន្ថយ​ការ​ប្រមូល​ផ្ដុំលើដងផ្លូវសារធាណៈ។

លោកថា៖ «អ៊ីចឹងត្រូវពង្រឹងយន្តការហ្នឹងឱ្យទៅជាយន្តការយុត្តិធម៌ហើយឯករាជ្យ គាត់ហ៊ានដោះស្រាយបញ្ហាផ្អែកទៅតាមប្រយោជន៍សាធារណៈ កុំឱ្យប្រយោជន៍ខ្លួន ប្រយោជន៍បុគ្គល! អ៊ីចឹងឯករាជ្យភាពជារឿងសំខាន់ បើសិនជាយើង [ក្រសួងមហាផ្ទៃ] ធានា​ប៉ុន្មាន​ករណីហ្នឹងបាន ពលរដ្ឋប្រហែលជាគាត់ចាប់យកការដោះស្រាយតាមប្រព័ន្ធស្របច្បាប់ហ្នឹង​ជាងការតវ៉ាជាសាធារណៈ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញដែរ​ថា ការិ​យាល័យ​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក-ខណ្ឌ បាន​ដើរតួនាទីសំខាន់ក្នុងជំរុញគណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចល្អ។ ប៉ុន្តែលោកមើលឃើញថា យន្តការនេះមិនសូវ​ដំណើរការ​អាច​មក​ពី​ប្រជាពលរដ្ឋមិនសូវ​មាន​ជំនឿលើវិធាន​ការ​ដោះ​ស្រាយ។

លោកថា៖ «ការិយាល័យប្រជាពលរដ្ឋហ្នឹង បើធ្វើការឱ្យច្បាស់លាស់ ទី១ កាត់បន្ថយអំពើពុករលួយ ទី២ ពន្លឿន​​សេវាតម្រូវការហ្នឹង​កាន់តែឆាប់រហ័សទៅដល់ដៃប្រជាពលរដ្ឋ»។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ប្រសិទ្ធភាពនៃការងាររបស់ការិយាល័យពលរដ្ឋ ពិតជាបានចូលរួមកាត់បន្ថយការរំលោភសិទ្ធិមនុស្ស ព្រោះវាបានចូលរួមដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ និងការប្រឈមមុខ​រវាងពលរដ្ឋ​ដែល​រង​ការ​រំលោភ​បំពាននិង​ទទួល​រង​នូវ​អយុត្តិធម៌​សង្គម។

ប៉ុន្តែលោកយល់ថា បញ្ហានេះ​នៅ​ត្រង់​ថា អាច​មកពីពលរដ្ឋមិនទាន់​ទទួលបានព័ត៌មានពីសេវាសម្របសម្រួល​នៅក្នុងស្រុក-ខណ្ឌ​របស់ខ្លួន ឬគ្មាន​ជំនឿពីឯករាជ្យ​ភាព ឬធ្លាប់ប្រើប្រាស់ដែរតែគ្មានប្រសិទ្ធភាព។ ករណីនេះ លោក​បានជំរុញដល់​​ក្រសួងពាក់ព័ន្ធ​គួរពង្រឹងប្រសិទ្ធភាពឡើងវិញ ដើម្បីកាត់បន្ថយបញ្ហាសង្គម។

លោកថា៖ «វាជារឿងសំខាន់ហើយ បើសិនជាការិយាល័យហ្នឹងវាដំណើរការទៅបាន ដោយឈរលើគោ​ល​កា​រណ៍តម្លាភាពនិងយុត្តិធម៌ ហើយនិងការស្វែងរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ និងបញ្ហារប​ស់​ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែថា បើសិនជាការិយាល័យទាំងអស់ហ្នឹងបង្កើតឡើងហើយ តែមិនឆ្លើយតបទៅនឹងឆន្ទៈ​របស់ប្រជាពលរដ្ឋ អាហ្នឹងខ្ញុំគិតថាមិនមានលទ្ធផលល្អទេ»។

VOD មិនអាចសុំការឆ្លើយតបពីអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានទេ ​នៅថ្ងៃពុធនេះ។

ប៉ុន្តែបើតាមសេចក្ដីប្រកាស​របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៩ បានបញ្ជាក់ថា ប្រធានការិយាល័យប្រជាពលរដ្ឋ មានសិទ្ធិសុំពិនិត្យមើលឯកសារផ្សេងៗដែលពាក់ព័ន្ធពាក្យបណ្ដឹងតវ៉ានៅតាមអង្គភាព និងតាមការិយាល័យនានាក្នុងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមការចាំបាច់ ដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយអាចធ្វើនៅពេលណាក៏បានក្នុងពេលម៉ោងបំពេញការងារ។

មួយវិញទៀត ក្រសួងថា ការិយាល័យប្រជាពលរដ្ឋនេះ «ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹត្យ​» និងធានា​ដោះស្រាយ​បណ្ដឹង​តវ៉ា​របស់​ប្រជា​ពលរដ្ឋស្របតាម​ច្បាប់ និងប្រឆាំងនឹងអំពើពុករលួយ។

យ៉ាងណា តំណាងអ្នកតវ៉ាដីធ្លីម្នាក់​នៅខេត្តកោះកុង អ្នកស្រី ផាវ ញ៉ឺង ដែលធ្លាប់ឡើងមកតវ៉ា​ញឹកញាប់នៅរាជធា​នី​ភ្នំពេញ អះអាងថា ពួកគាត់ធ្លាប់ពឹងពាក់ការិយាល័លប្រជាពលរដ្ឋ​នៅ​ស្រុក​​របស់​គាត់ ដើម្បីស្វែង​រក​ដំណោះស្រាយដែរ ប៉ុន្តែអាជ្ញាធរនៅទីនោះ​ថា​មិនមានលទ្ធភាពដោះស្រាយទេ។

អ្នកស្រី​​ថា ពួកគាត់មិនចង់ឡើងទៅតវ៉ាសុំកិច្ចអន្តរាគមន៍​​ដល់​អាជ្ញាធរខេត្ត​ឬថ្នាក់ជាតិនោះទេ ដោយ​សារ​ការធ្វើបែបនេះត្រូវ​ចំណាយ​ទាំង​ថវិកានិង​ទាំងពេ​លវេលា ព្រម​ទាំងប្រឈមនឹងកា​រប្រើអំពើហិង្សា​ពីសំណាក់​អា​ជ្ញាធរ និងការចោទប្រកាន់របស់តុលាការ ប៉ុន្តែពួកគាត់មិនមានជម្រើស។

អ្នកស្រីថា៖ «យើងទៅដាក់ពាក្យបណ្ដឹងអីទៅ គាត់ថាស្រុកតូច អត់អាចដោះស្រាយអីបាន! អ៊ីចឹងទៅ គាត់ប្រាប់ឱ្យយើងដាក់ទៅថ្នាក់លើ ពេលមានបញ្ជាវិញ បានពួកគាត់អាចនឹងទទួលសំណើឬក៏ឆ្លើយតបអាដែល ដល់អ៊ីចឹងពួកយើងអត់ជំនឿ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ