រដ្ឋាភិបាល​ប្ដេជ្ញា​ជំរុញ​កិច្ច​គាំពារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល

មន្ត្រីសុខាភិបាលយកសំណាកឈាមទៅធ្វើការពិនិត្យ​រកមេរោគអេដស៍ កាលពីពេលកន្លងទៅ។

ប្រមុខរដ្ឋាភិបាលប្ដេជ្ញាអនុវត្ត​គោល​នយោបាយ​បញ្ចប់​វិសម​ភាព បញ្ចប់​មេរោគអេដស៍ និង​បញ្ចប់ជំងឺ​ឆ្លងរាត​ត្បាត ដោយ​ពង្រីក​អត្រាគ្រប់​ដណ្ដប់​សេវា​ថែ​ទាំ​ព្យាបាល ព្រមទាំង​ផ្ដល់ភាពងាយស្រួលដល់អ្នកផ្ទុកមេរោគអេដស៍​ឱ្យមកទទួលសេវាគាំពារសង្គម។

ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលធ្វើឡើងក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២១ ក្រោមប្រ​ធាន​បទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

តាមរយៈលិខិត​ចុះថ្ងៃទី២៤ ខែ​វិច្ឆិកា ដែលទើបផ្សព្វផ្សាយនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​​ថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោក​បន្តថា ទិវានេះ​ក៏​បង្ហាញពីការគាំទ្រនិងយកចិត្តទុកដាក់ដល់អ្នកផ្ទុកនិងអ្នករងផលប៉ះពាល់ពីមេរោគអេដស៍ ក្នុងការទទួលបានសេវា​ថែទាំនិងព្យាបាល ព្រមទាំងសេវាសង្គមឱ្យកាន់តែទូលំទូលាយថែមទៀត។

ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញដល់​​ស្ថាប័ន​ពាក់ព័ន្ធត្រូវខិតខំ​ថែម​ទៀតក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ដែលបាត់មុខ មិនទាន់មកទទួលសេវាព្យាបាល និងបញ្ចៀសកុំឱ្យអ្នកផ្ទុកមេរោគអេដស៍ដែលមានចំនួនសរុប​ប្រមាណ១២ ០០០នាក់បោះបង់ការព្យាបាល។

លោកបាន​បញ្ជាក់ក្នុងលិខិតដដែលថា៖ «ក្នុងស្មារតីឈានទៅសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលផ្ដោតលើវិធានការបញ្ចប់វិសមភាព បញ្ចប់អេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយពង្រីកអត្រាគ្របដណ្ដប់សេវាថែទាំព្យាបាល ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យមកទទួលទាំងសេវានេះ ទាំងផលប្រយោជន៍នៃកម្មវិធីគាំពារសង្គម ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ ត្រូវធ្វើការងាររួមគ្នាជាមួយអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ឱ្យបានតាមកាលកំណត់។

នាយកប្រតិបត្តិអង្គការថែទាំសុខភាពកម្ពុជា ហៅកាត់ថា រ៉ាក់ លោក វ៉ា ជីវ័ន ​សាទរចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល​ដែល​ប្ដេជ្ញាមិនទុក​ចោលអ្នកផ្ទុកមេរោគអេដស៍នោះ។

យ៉ាងណា លោកថា បើទោះជាអ្នក​ផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយមិនអស់ថវិកាក៏ដោយ តែពួកគាត់ចង់បានការព្យាបាលប្រកបដោយមិត្តភាព មានការគោរព ការយល់ចិត្ត និងមិន​រើសអើង។

លោក វ៉ា ជីវ័ន បន្ថែមថា៖ «ឥលូវហ្នឹង សង្គមរបស់យើង ខ្ញុំឃើញថាការរើសអើងមានការកាត់បន្ថយច្រើន ប៉ុន្តែយើងសាកសួរបងប្អូនដែលផ្ទុកមេរោគអេដស៍ហ្នឹង គឺគាត់នៅតែថាអ៊ឹចឹង [មានការរើសអើង] គឺថាគាត់សុំឱ្យប្រជាជនយើង ប្រទេសយើងលុបបំបាត់នូវការរើសអើងអ្នកដែលផ្ទុកមេរោគអេដស៍»។

លោកបង្ហាញក្ដីបារម្ភដែរថា ការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩រយៈពេលវែងកន្លងមក ធ្វើឱ្យមន្ត្រីអង្គការសង្គម​ស៊ីវិល និងមន្ត្រីរដ្ឋាភិបាល ខកខាន​ជួបអ្នកផ្ទុកមេរោគអេដស៍ ដើម្បីអប់រំឬធ្វើតេស្តពួកគាត់ ដែលជាហេតុ​​ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ខ្លះលាក់បាំង នឹងអាច​បណ្ដាល​ឱ្យការឆ្លងនៃជំងឺនេះមានការកើនឡើង។ ​

បើតាមលោក​ ជីវ័ន ​បញ្ជាក់ថា​ ក្នុងឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងមេរោគអេដស៍ថ្មីប្រហែល១ ១០០​នាក់ ហើយចំនួននេះ​ហាក់​នៅទ្រឹងបើធៀបនឹងឆ្នាំមុន។ រីឯការស្លាប់ដោយជំងឺអេដស៍នៅកម្ពុជាវិញ លោកថា មានប្រមាណ​១ ៣០០នាក់​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែចំនួននេះមានការថយចុះជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ន កម្ពុជាមានអ្នករស់​នៅជាមួយមេរោគអេដស៍ប្រមាណ៧៣ ០០០នាក់។

អ្នកផ្ទុកមេរោគអេដស៍រស់នៅឃុំរកា ខេត្តបាត់ដំបង អ្នកស្រី យឿង អែម ប្រាប់ថា អ្នកស្រីបានឆ្លងជំងឺនេះតាំងពីឆ្នាំ​២០១១ ហើយ​តាំងពីពេលនោះមក គាត់ត្រូវលេបថ្នាំពន្យារជារៀងរាល់ថ្ងៃ ដែលមណ្ឌលសុខភាពឃុំផ្ដល់ឱ្យ។ ​អ្នកស្រី​បន្ត​ថា អាជ្ញាធរមូលដ្ឋាន​​ក៏បានចុះសួរសុខទុក្ខអ្នកស្រីជាប្រចាំដែរ ប៉ុន្តែបញ្ហាមួយដែលគាត់តែងជួប​ប្រទះ គឺនៅតែមានការរើសអើង​។

អ្នកស្រី យឿង អែម និយាយថា៖ «អ្នកខ្លះគេរើសអើង អ្នកខ្លះគេអត់អ៊ីចឹងណាបង។ ប៉ុន្តែខ្លួនយើងអ្នកកើត [ផ្ទុកមេរោគអេដស៍] ហ្នឹង យើងក៏រអៀសខ្លួនដែរ។ អ៊ីចឹងខ្ញុំមិនសូវហ៊ាននៅជាមួយ [ជិត] គេដែរហ្នឹង។ ខ្ញុំនឹកឃើញថា ខ្លួនខ្ញុំអ៊ឹចឹងដែរ គេរើសអើងជារឿងគេទៅ ព្រោះអីធ្វើម៉េចយើងវាកើតហើយ បង»។

ក្នុង «ទិវាពិភពលោកប្រុយទ្ធនឹងជំងឺអេដស៍ ៣០ធ្នូ» ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Pauline Tamesis មានប្រសាសន៍តាមរយៈវីដេអូឃ្លីបជិត២នាទី ដោយ​ជំរុញ​ឱ្យ​រក្សាសន្ទុះក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និ​ង​ការចូលរួមទាមទារឱ្យ​មានវិធានការដើម្បីបញ្ចប់វិសមភាព បញ្ចប់ជំងឺអេដស៍ និងបញ្ចប់ជំងឺរាតត្បាតនេះ។

លោកស្រី​បញ្ជាក់ថា៖ «ការឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា ពិតជាគួរឱ្យប្រសើរ។ សូមអរគុណដល់ការដឹកនាំថ្នាក់ជាតិ ការប្ដេជ្ញាចិត្ត បរិយាប័ន្ន សេវាដែលផ្ដល់ទៅប្រជាជន និងគោលការណ៍ធ្វើឱ្យមានការផ្លាស់ប្ដូរផ្លូវច្បាប់។ ប៉ុន្តែប្រសិនបើយើងចង់សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០៣០ នៅកម្ពុជា យើងត្រូវលើកកម្ពស់ភាពជាដៃគូ លុបបំបាត់ប្រព័ន្ធការងារ ភាពស្មុគស្មាញ បង្កើនភាពជាម្ចាស់ការ និងគណនេយ្យភាពជាតិ»។

​បើតាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងនោះ អ្នកផ្ទុកមេរោគអេដស៍ចំនួនជិត២ម៉ឺនគ្រួសារ ​(១ ៩៧៤គ្រួសារ​) បាន​ទទួល​ប្រាក់ឧបត្ថម្ភជាង៥០០លានរៀល (៥១៥ ០០៤ ០០០រៀល) គិតពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១។

ស្របគ្នានេះ លោកថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កំពុងសហការជាមួយក្រសួងផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុងការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍មួយចំនួនធំថែមទៀតដែលពុំទាន់ទទួលការគាំពារសង្គម អាចទទួលបណ្ណសមធម៌ឬបណ្ណក្រីក្រផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ