ក្រសួងអប់រំ អនុញ្ញាត​ឱ្យ​​គ្រឹះស្ថានមតេ្តយ្យ​​សិក្សា និងសេវាថែទាំកុមារអាចបើកឡើងវិញ

កូនសិស្ស​ម្នាក់​ត្រៀម​ធ្វើដំណើរ​ត្រឡប់ទៅ​ផ្ទះ​វិញ ក្រោយពី​ចប់​ម៉ោង​សិក្សា​នៅ​សាលារៀន​ថ្ងៃ​ដំបូង នា​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ចាប់តាំងពី​ក្រសួង​ប្រកាស​បិទ​ដំណើរការ​សិក្សា​ដោយសារ​វិបត្តិ​កូ​វីដ១៩។ (Michael Dickison​)

ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេចបើកដំណើរការឡើងវិញគ្រឹះស្ថានមតេ្តយ្យ​សិក្សា និង​សេវា​ថែទាំកុមារ​ សម្រាប់​កុមារ​មានអាយុចាប់ពី៥ឆ្នាំឡើង នៅគ្រឹះស្ថាន​សិក្សាសាធារណៈ និង​ឯកជន។

សេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃនេះ បាន​លើកឡើង​ថា បន្ទាប់​ពីគ្រឹះ​ស្ថាន​​បឋម​សិក្សា មធ្យម​សិក្សា និងឧត្តមសិក្សាទាំងរដ្ឋ និងឯកជនភាគច្រើន បើកដំណើរ​ការ ឡើង​វិញដោយ​រលូន និង​​ពុំមានហេតុការណ៍​អ្វីកើតឡើងគួរឱ្យសម្គាល់ ពាក់ព័ន្ធនឹងបញ្ហាសុខភាព​របស់​បុគ្គ​លិក និង​សិស្សានុសិស្សនោះ ក្រសួង​សម្រេចអនុញ្ញាតឱ្យ​គ្រឹះស្ថានមត្តេយ្យ​សិក្សា និង​សេវាថែទាំកុមារនៅ​គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អាចដំណើរការ​ឡើង​វិញបាន​​ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។

កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ​ក្រសួង​អប់រំ បាន​​ពង្រីក​វិសាលភាព​នៃការ​បង្រៀន និង​រៀន​តាម​​បណ្ដុំសម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន​នៅគ្រប់​កម្រិត ក្នុង​ភូមិសាស្ត្រ​ទូទាំង​រាជធានី-ខេត្ត​ទាំង​អស់។

បើតាម​ក្រសួងអប់រំ​ ការ​សម្រេច​ឈាន​ទៅបើក​សាលារៀន​ឡើងវិញ​នេះ បន្ទាប់​ពី​ក្រសួង​​បាន​វាយ​តម្លៃ​ទៅលើ​ដំណើរការ​បង្រៀន​និង​រៀន​​តាម​បណ្ដុំ​សម្រាប់គ្រឹះស្ថាន​សិក្សាសាធារណៈនិង​ឯកជន​នាពេល​កន្លង​មក ដោយ​មិនមាន​បញ្ហា​ឆ្លងរាលដាល​ជំងឺកូវីដ-១៩​ធ្ងន់ធ្ងរនោះទេ ខណៈមាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស-និស្សិត ក៏បាន​ទទួល​វ៉ាក់សាំង​ការ​ពារ​​ជំងឺកូវីដ-១៩ ក្នុង​អត្រា​ខ្ពស់​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ