ក្រុមតាលីបង់ និង​របប​យោធា​មីយ៉ាន់ម៉ា ប្រឈម​នឹង​ការ​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់UN

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ IX Moscow ស្ដីពីសន្តិសុខអន្តរជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (Alexander Zemlianichenko/Pool via REUTERS)

កិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិមួយ នៅថ្ងៃពុធនេះ ទំនងជាមិនអនុញ្ញាតឱ្យពួកតាលីបង់​របស់​ប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធាមីយ៉ាន់ម៉ា ធ្វើជាតំណាងប្រទេសរបស់ពួកគេនៅឯស្ថាប័នពិភព​លោក​ដែល​មាន​សមាជិក​ចំនួន១៩៣ប្រទេសនោះទេ​។ នេះបើតាមការឱ្យដឹងពីប្រភពអ្នកការទូតមួយចំនួន។

ទាក់ទិននឹងករណីនេះ គណៈកម្មាធិការទទួលសារតាំងរបស់អង្គការសហប្រជាជាតិ ដែល​មានសមា​ជិក​ចំនួន៩​ប្រទេស ដែលក្នុងនោះរួមមាន​ រុស្ស៊ី ចិន និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ ដើម្បីពិចារណាអំពីសារតាំងរបស់សមាជិកទាំង១៩៣ប្រទេស សម្រាប់សម័យប្រជុំបច្ចុប្បន្ននៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ប្រភព​អ្នកការទូតដដែល បានបន្តប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ថាគណៈកម្មាធិការនេះក៏នឹងតម្រូវឱ្យបញ្ជូនរបាយការណ៍របស់ខ្លួនស្ដីពីសារតាំងរបស់សមាជិកទាំងអស់ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់ការអនុម័តមុនដំណាច់ឆ្នាំនេះ ខណៈដែលទាំងគណៈកម្មាធិការនិងមហាសន្និបាតជាទូទៅធ្វើការសម្រេចចិត្ត ដោយផ្អែកលើការឯកភាពដោយសំឡេង​ភាគច្រើន។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន បានធ្លាក់ចូលទៅក្នុងវិបត្តិកាលពីខែសីហាកន្លងទៅ បន្ទាប់ពីពួកតាលីបង់បានដណ្ដើមអំណាចយកមកគ្រប់គ្រង ខណៈដែលមីយ៉ាន់ម៉ាក៏បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ផងដែរ គិតចាប់តាំងពីក្រុមយោធាបានដណ្ដើម​យកអំណាចមកគ្រប់គ្រងកាលពីថ្ងៃ​ទី​១ ខែកុម្ភៈ និង​បាន​ផ្តួល​រំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ