កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង២០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺ៥នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទាំង៥នាក់ កាលពីថ្ងៃម្សិលមិញនោះ មាន៤នាក់មិនបានចាក់វ៉ាក់សាំង និងករណីឆ្លងថ្មីមានចំនួន២៣នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៣នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន១៩នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ១៨៣នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៦ ៥៤៨នាក់ អ្នកស្លាប់កើនដល់ចំនួន២ ៩៤៩នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៨៣០នាក់៕