កម្ពុជា និងអូស្ត្រាលី បានដាក់ឱ្យដំណើរការបច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយដែលបានដំឡើងនៅរោងចក្រផលិតទឹកស្អាតនៅខេត្តបាត់ដំបង ហើយបច្ចេកវិទ្យាថ្មីនេះនឹងជួយចែកចាយទឹកស្អាតនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋប្រមាណ៥ ០០០នាក់ ក្នុងភូមិចំនួន១២នៃខេត្តនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) របស់ប្រទេសអូស្រ្តាលី ដែលមានទឹកប្រាក់វិនិយោគសរុប៤៩,៤លានដុល្លារអូស្ត្រាលី បានសហការជាមួយសមាគមទឹកអូស្ត្រាលី (AWA) និងសមាគមផ្គត់ផ្គង់ទឹកកម្ពុជា (CWA) ដើម្បីនាំយកបច្ចេកវិទ្យាចម្រោះទឹកស្អាតនេះមកប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបន្តថា ប្រព័ន្ធបច្ចេកវិទ្យាចម្រោះទឹកស្អាតដែលបានដំឡើងនៅរោងចក្រផលិតទឹកស្អាតនៅខេត្តបាត់ដំបងនេះ ប្រើប្រាស់បច្ចេកវិទ្យា យូអេហ្វ (UF) និងអាងស្តុកទឹក ដើម្បីចែកចាយទឹកស្អាតនិងសុវត្ថិភាពចំណុះ១២០ ០០០លីត្រក្នុងមួយថ្ងៃ ដល់ប្រជាពលរដ្ឋប្រមាណ៥ ០០០នាក់ នៅក្នុងភូមិចំនួន១២ក្នុងឃុំព្រែកជីក។
ក្រុមហ៊ុន DuPont Australia និងក្រុមហ៊ុន Tiger Water Solutions បានចាប់ដៃគូជាមួយប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដែលមានឈ្មោះថា “WE Venture” ក្នុងការរៀបចំប្រព័ន្ធបណ្ដាញចម្រោះនេះឡើង។ បច្ចេកវិទ្យានេះប្រើប្រាស់សារធាតុគីមីតិចជាងវិធីសាស្រ្តចម្រោះទឹកស្អាត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ហើយវាកាត់បន្ថយការចំណាយលើប្រតិបត្តិការ និងផលប៉ះពាល់បរិស្ថាន ដែលផ្ដល់ជម្រើសថ្មីសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតដែលកំពុងតែមានការវិវត្តទៅមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី បន្តថា តាមរយៈកម្មវិធី 3i អូស្ត្រាលីបានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការសិក្សាផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា “PIP” ដែលចង្អុលបង្ហាញការគ្របដណ្ដប់នៃទឹកស្អាតតាមបំពង់នៅលើផែនទី នៅទូទាំង២២ខេត្ត។ ការសិក្សានេះបានរកឃើញថា ប្រមាណជា៥០ភាគរយនៃភូមិសរុបនៅកម្ពុជា ត្រូវបានតភ្ជាប់ទៅបណ្ដាញទឹកស្អាតតាមបំពង់ ហើយកម្ពុជាត្រូវការយ៉ាងតិចថវិកាប្រមាណជា១៥០លានដុល្លារ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចែកចាយទឹកស្អាតដល់ភូមិផ្សេងទៀតដែលសមស្របសម្រាប់ការផ្គត់ផ្គង់ទឹកតាមបំពង់។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះបានបង្ហាញក្ដីរីករាយ ដែលឃើញក្រុមហ៊ុនអូស្ត្រាលីនាំយកបច្ចេកវិទ្យាផលិតទឹកស្អាតប្រកបដោយសុវត្ថិភាពនិងល្អសម្រាប់បរិស្ថានមកកាន់ប្រទេសកម្ពុជា។
លោកសង្ឃឹមថា៖ «ការសិក្សាស្រាវជ្រាវ PIP នេះ ក៏នឹងផ្ដល់នូវផែនទីបង្ហាញផ្លូវ និងឧបករណ៍គោលនយោបាយដ៏មានប្រយោជន៍សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផ្ដល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០»។
ចំណែកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា លោក ចម ប្រសិទ្ធ មានប្រសាន៍នៅក្នុងពិធីដាក់ឱ្យដំណើរការនេះថា «កម្មវិធីថ្ងៃនេះបានបង្ហាញអំពីបច្ចេកវិទ្យាកំពុងត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា»។
លោកបន្តថា៖ «កិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកម្មវិធី 3i ដែលបានគាំទ្រដល់ការសិក្សាផែនការវិនិយោគតាមបណ្ដាខេត្ត [PIP] គឺជាត្រីវិស័យដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត»។
តាមរយៈ គម្រោង 3i អូស្ត្រាលី បាននិងកំពុងតែធ្វើការជាមួយប្រតិបត្តិករទឹកស្អាតឯកជនចំនួន៨០ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីផ្ដល់ទឹកស្អាតតាមបំពង់ដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងជួយឱ្យប្រជាជនកម្ពុជាជាង១លាននាក់ទទួលបានទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់៕