អាមេរិក​រកឃើញ​ករណី​វីរុស​បំប្លែង​ខ្លួន​ថ្មី​«អូមីក្រុង»​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស

អង្គការ Philabundance ផ្ដល់អំណោយដល់ជនដែលអត់ឃ្លាននៅអាមេរិក អំឡុងពេលស្ថានភាពកូវីដ-១៩រាលដាល។ (ហ្វេសប៊ុក៖ Joe Biden)

អាមេរិក កាលពីថ្ងៃពុធម្សិលមិញ បានរាយការណ៍ពីការរកឃើញករណីឆ្លងដំបូងនៃមេរោគកូវីដ​បំប្លែង​​ខ្លួន​ថ្មី​ «អូមីក្រុង» នៅក្នុងប្រទេស ដែលករណីនេះបានបង្កជាការព្រួយបារម្ភដល់ពិភពលោក ដែលថាវីរុសបំប្លែងថ្មីនេះអាចនឹងធ្វើឱ្យចំនួននៃការឆ្លងកើនឡើងខ្ពស់។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ករណីឆ្លងដំបូងគេបង្អស់នៅក្នុងសហរដ្ឋអាមេរិកនេះ ត្រូវបានរកឃើញលើអ្នកដែលចាក់វ៉ាក់សាំងពេញ​លេញមួយរូប​ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលបានធ្វើដំណើរពីប្រទេសអាហ្វ្រិក​ខាងត្បូង វិលត្រលប់មកកាន់អាមេរិក​វិញ នៅថ្ងៃទី២២ ខែវិច្ឆិកា ហើយបានរកឃើញវិជ្ជមានវីរុសនេះក្នុងរយៈពេល៧ថ្ងៃបន្ទាប់។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន ក៏កំពុងតែរៀបចំយុទ្ធសាស្ត្ររបស់ខ្លួន​សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងរដូវរងា​នេះ ដែលក្នុងនោះមាន​ទាំង​ការកំណត់​សម្រាប់​អ្នកធ្វើដំណើរឱ្យពាក់ម៉ាស់រហូតដល់ពាក់កណ្ដាលខែមីនាផងដែរ។

ជាមួយគ្នានេះ សេតវិមានក៏​គ្រោង​នឹង​ប្រកាស​វិធានធ្វើ​តេស្ត​តឹងរ៉ឹង​សម្រាប់​ភ្ញៀវ​អន្តរជាតិផងដែរ ខណៈដែល​ការ​ប្រកាស​ជា​ផ្លូវ​ការ​ត្រូវ​បាន​​រំពឹងថានឹងធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

យោងតាមលិខិតមួយរបស់មជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នានានៅសហរដ្ឋអាមេរិក ក៏ត្រូវបានជូនដំណឹងឱ្យប្រគល់ឈ្មោះអ្នកដំណើរដែលមកដល់ពីតំបន់មួយចំនួននៃទ្វីបអាហ្រ្វិកភាគខាងត្បូងដែលមានករណីវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង» ផងដែរ។

គួរបញ្ជាក់ថា មេរោគកូវីដ​បំប្លែង​ខ្លួនថ្មី​ «អូមីក្រុង» ដែលត្រូវបានរកឃើញដំបូងនៅថ្ងៃទី​៨ ខែវិច្ឆិកា នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានរីករាលដាលដល់ប្រទេសជាង២០ហើយ គិតរហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណា វីរុសបំប្លែងខ្លួនថ្មីនេះពុំ​ទាន់​បង្កឱ្យមានជា​ករណី​ស្លាប់ណាមួយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ