បទយកការណ៍៖ ជនជាតិដើមភាគតិចខ្លះចាប់ផ្ដើមរើខ្លួនពីការរៀបការនៅវ័យក្មេង

ជនជាតិដើមភាគតិចព្រៅ យុវតី ពុន ស៊ីថា ឈរអានសៀវភៅនៅក្នុងបណ្ណាល័យនៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី។ (លេខ ការី)

មានដើមកំណើតជាជនជាតិដើមភាគតិចព្រៅ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១​២​A1 ជាបណ្ដុំសិស្សពូកែ​នៅ​វិ​ទ្យា​​ល័យ​​​សម្ដេចឳ​សម្ដេចម៉ែ នាខេត្តរតនគិរី កញ្ញា ពុន ស៊ីថា សុខចិត្ត​បែក​ពី​ឳពុក​ម្ដាយ មក​ស្នាក់​នៅ​អន្តេវា​សិកដ្ឋាន(ក្នុងសា​លា) ដើម្បី​បន្ត​ការ​សិក្សា ដើម្បីស្វែងរកជំនាញសម្រាប់អនាគត។

កញ្ញា​រស់នៅភូមិ​កាទៀង ឃុំល្បាំ​ង២ ស្រុកលំផាត់ មានចម្ងាយប្រមាណជា១៧គីឡូម៉ែត្រពីទីរួមខេត្ត ដែ​ល​ទី​នោះមិនមានអ៊ិនធឺណិតដែលអាចរៀនតាមអនឡាញដូចនៅសាលាទេ។

កញ្ញាថា៖ «ឥលូវនេះមានកូវីដ-១៩អ៊ីចឹង បើយើងបណ្ដែតបណ្ដោយតាមវា ការសិក្សារបស់យើងវាប្រា​ក​ដ​​​ជា​ធ្លាក់ចុះ។ អ៊ីចឹងយើងត្រូវស្គាល់ពីកាតព្វកិច្ចខ្លួនឯងថា យើងត្រូវធ្វើអីក្នុងនាមយើងជាសិស្ស»។

ស៊ីថា រម្លឹកថា ជាង​៦ឆ្នាំ ដែល​នាង​សម្រេច​ចិត្ត​មក​រស់​នៅ​ក្នុងអន្តេវាសិកដ្ឋាន​នេះ ដោយសារ​សាលារៀន​ឆ្ងា​យ ផ្លូវពិ​បាក និងគ្មានមធ្យោបាយធ្វើដំណើរ គួបផ្សំនឹងបញ្ហាជីវភាព។

យុវតី ពុន ស៊ីថា ឈរអានសៀវភៅនៅក្នុងបណ្ណាល័យនៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី។
ជនជាតិដើមភាគតិចព្រៅ យុវតី ពុន ស៊ីថា ឈរអានសៀវភៅនៅក្នុងបណ្ណាល័យនៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី។ (លេខ ការី/ វីអូឌី)

នៅគ្រាមួយ ដោយសារជួបការលំបាក​នេះ ស៊ីថា ធ្លាប់​សម្រេចចិត្តថានឹងឈប់រៀន ដើម្បីទៅរស់នៅជួបជុំក្រុមគ្រួ​សារ នៅឯកស្រុកកំណើត ដូចជនជាតិដើមដទៃទៀតដែរ។ ប៉ុន្តែកត្តាចម្បងមួយដែលធ្វើឱ្យ ស៊ីថា ប្តូរ​ចិត្ត​​វិញ​នោះ គឺនាង​ចង់សម្រេចគោលដៅចាប់យកជំនាញ និងមិនចង់រៀ​បការនៅវ័យក្មេ​ង​ទាំង​ខ្វះជំនាញ ដូច​យុវជនមួ​យ​ចំនួនក្នុងសហគមន៍។

កញ្ញា ពុន ស៊ីថា និយាយថា៖ «ព្រោះខ្ញុំគិតថា បើខ្ញុំរៀនចប់សាកលវិទ្យាល័យ ខ្ញុំអាចរកការងារធ្វើដោយខ្លួនឯង អា​ចរកលុយបានដោយខ្លួនឯង»។

ស៊ីថា បាន​សម្រេចចិត្តរួច​ហើយថា​នឹង​បន្តធ្វើដំណើរលើផ្លូវដ៏លំបាកមួយទៀត ដើម្បីសម្រេច​គោលដៅ​ដែលនាងរំពឹងទុក ។

កញ្ញា​បន្តថា៖ «ខ្ញុំបានដាក់អាហារូបករណ៍ទៅរៀននៅសាកលវិទ្យាល័យផ្នែកវិស្វកម្មជីវសាស្ត្រ គឺផ្ដោតទៅលើមុខ​វិជ្ជាគីមី​វិទ្យា ជីវវិទ្យា និងគណិតវិទ្យា វាទាក់ទងទៅនឹងការផលិតនូវអ្វីដែលថ្មីៗ»។

ស្ត្រីជាជនជាតិព្រៅរូបនេះបានឱ្យដឹងទៀត​​ថា ផ្លូវលំបាក​ដែល​នាង​តស៊ូដើរ​ជិត​១២​ឆ្នាំមក​នេះ ត្រូវ​មានវិន័យ​ខ្លួនឯង​ក្នុង​ការ​សិក្សា ដោយ​​​ក្នុង​មួយ​ថ្ងៃៗ នាង​ត្រូ​វរៀន​៨ម៉ោង​ជាទៀង​ទាត់ និង​២ម៉ោងបន្ថែមទៀត​​នៅពេ​ល​យល់ ចា​​ប់ពីម៉ោង៨ ដល់ម៉ោង១០យប់ តាមកា​លវិភា​គសាលា និងកាលវិភាគស្វ័យសិក្សា​ដោយ​ខ្លួនឯង។

ប្រហាក់ប្រហែលនេះ​ដែរ យុវសិស្ស សល់ ធឿន ជនជាតិដើម​ភាគតិចពូនង និង​ជាសិស្សពូកែរៀន​នៅថ្នាក់​ជាមួយ​គ្នាដែរ ហើយ​មាន​បំណង​ចាប់យកជំនាញផ្នែកបច្ចេកវិទ្យា(IT) បាន​និយាយ​ថា ដើម្បីសម្រេ​​​ចគោលដៅ គាត់​​បានប្រើពេលច្រើន​សម្រាប់ស្វ័យ​សិក្សាឬរៀនបន្ថែមដោយខ្លួនឯង ។

យុវជនរូបនេះនិយាយ​ថា៖ «គ្រូគ្រាន់តែបង្រៀនយើងឱ្យចុះស្ទូចត្រីទេ អ៊ីចឹងដើម្បីបានត្រីហ្នឹង យើងត្រូវតែរៀនស្ទូចខ្លួនឯង។ ពេលដែលគាត់បង្ហាញផ្លូវយើងហើយ យើងចង់បានត្រីហ្នឹងមកហូប យើងព្យាយាម​ស្ទូច​ខ្លួន​ឯង»។

ក្រៅពីការ​​បង្កើន​ចំណេះដោយខ្លួនឯង យុវជន សល់ ធឿន បាន​ចំណាយ​ពេល​បង្រៀន​សិស្ស​ដូច​គ្នាដែល​រៀន​មិនសូវពូកែ​ទៀត​ផង ដោយ​លោក​​យល់ថា មានតែចំណេះវិជ្ជា​ទេដែល​អាចរំដោះខ្លួនចេញពីភាពក្រីក្រ និងការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេងបាន។

ជនជាតិដើមភាគតិចពូនង យុវសិស្ស សល់ ធឿន បច្ចុប្បន្នជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី។
ជនជាតិដើមភាគតិចពូនង យុវសិស្ស សល់ ធឿន បច្ចុប្បន្នជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី។ (លេខ ការី/ វីអូឌី)

យុវជន សល់ ធឿន និយាយ​ថា៖ «ខ្ញុំមានសារមួយផ្ញើទៅក្មេងៗ​ដែល​ជាជនជាតិដើមភាគតិច​ទាំង​អស់ ពិសេស​អ្នកដែលនៅ​តាមតំបន់ដាច់ស្រយាល ឱ្យពួកគាត់ខំប្រឹងប្រែងរៀនសូត្រឡើងវិញ ដោយ​សារយើង​ដឹង​ហើយ​បច្ចុ​ប្បន្ន​សម័យកាលរបស់យើងដើរទៅមុខរហូត។ អ៊ីចឹង​បើសិន​ណាយើ​ង​មិន​ប្រឹង​រៀនទេ យើងស្មើសូន្យ! ហេ​​តុអី? ដោយសារតែការវិវឌ្ឍរបស់មនុស្សពី​មិនចេះទៅចេះ ពី​មួយ​សម័យ​កាល​ទៅមួយ​សម័យ​កាល​ បច្ចេ​​កវិទ្យាវាចេះតែដើរទៅមុខហើយ។ បើសិនណាយើងមិនប្រឹងរៀនសូត្រអ៊ីចឹងយើង​នៅ​ដដែល ដូច​យើ​​ងឃុំខ្លួនឯងនៅក្នុងទ្រុងមួយអត់អាចរកសេរីភាពបានទេ ប្រៀបដូចជាកង្កែបនៅ​ក្នុង​អណ្ដូងអ៊ីចឹង»។

គ្រូបន្ទុក​ថ្នាក់ លោក យ៉ាវ សុភាព និយាយប្រាប់​ថា សល់ ធឿន និង ស៊ីថា មានឥរិយាបថស្លូតបូតដូចគ្នា​​ និង​យ​​​ក​ចិត្តទុកដាក់ក្នុងការរៀនសូត្រ បើទោះបីពួក​គេមិ​ន​បាន​ជាប់​លេខ​១ ក្នុងចំណោមសិ​ស្ស​ពូកែចំនួន៥២​នាក់​នោះ​ក្ដី។

លោកថា៖ «អ៊ីចឹងខ្ញុំគ្រាន់តែផ្ដាំផ្ញើថា ឱ្យជនជាតិដើមយើង​ទាំងអស់គ្នាហ្នឹង ធ្វើម៉េចបញ្ជូនកូន បញ្ជូនចៅ​​ម​​ករៀន គ្មានអីពូកែជាងរៀនទេ តែរៀនមានចំណេះហើយ មានហើយ! ទោះបីយើងមិនមានជាងគេ ឬរៀ​នមិនពូកែជាងគេបានលេខ១ ក៏ស្ថិតក្នុងចំណោមអ្នកពូកែដែរ។ ទោះយើងមិនមានជាងគេក្នុងខេ​ត្ត​​ហ្នឹ​ង​​ ក៏ស្ថិតក្នុងចំណោមអ្នកមានដែរ»។

យ៉ាងនេះក្ដី កា​រសិក្សាដំបូង​នៅ​ឆ្នាំ២០២១ នៃ​របាយការណ៍មួយដែល​ទទួល​បាន​ពីរដ្ឋបាល​​ស្រុកតាវែង បាន​រកឃើញថា លំហូរនៃ​ការ​បោះបង់​ការ​សិក្សារបស់​ជនជាតិដើ​ម​ភា​គតិច ​នៅក្នុង​ខេត្តរតនគិរី ពិសេស​​ក្មេងស្រីដែល​ទៅរៀបការ​នៅវ័យ​ក្មេង ស្ថិតក្នុងការព្រួយបារម្ភ ដែលការណ៍​នេះ ពួ​​ក​គេ​​ប្រឈមទៅនឹងបញ្ហាជីវភាពនិងសុខភាព។

របាយការណ៍ដដែលបង្ហាញថា ក្មេ​ង​ស្រីជនជាតិដើមភាគតិចជាក្មេងជំទង់ បានរៀបការចន្លោះពីអាយុ១២ឆ្នាំ ទៅ១៧ឆ្នាំ។ ដោ​យឡែក ​អាយុ​​ចន្លោះពី​១២​ឆ្នាំ​​ ទៅ១៤ឆ្នាំ មាន១៩ភាគរយ ហើយ​​ស្រុកវើន​សៃ​ មា​នភាគរយខ្ពស់ជា​ងគេ និង ៣៣ភាគរយ អាយុចន្លោះពី១៥ ទៅ១៧ឆ្នាំ។

ប្រ​ធានមន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត​រតនគិរី លោក ខាត់ សាម៉ាល់ លើកឡើងថា មូលហេតុ​ចម្បងមួយ​ចំនួនដែល​បណ្ដាលឱ្យ​ជនជាតិដើមភាគតិចបោះបង់ការសិក្សា អាចមកពី​ឪពុកម្ដាយ​ធ្វើ​ចម្ការវិលជុំដែលនៅ​​ឆ្ងាយពីភូមិ ហើយនាំកូនទៅនៅចម្ការ​ជាមួយ ព្រោះតែពួកគេ​មិនដាច់ចិត្តទុកកូនឱ្យនៅរៀនម្នាក់​ឯង និងដើម្បីឱ្យ​កូនជួយធ្វើការ​។ ក្រៅពីនោះ វប្បធម៌ភាសា និងខ្វះការយល់ដឹងពីសារៈសំខាន់នៃការសិក្សា ក៏ជាមូលហេតុ​ចម្បងនៃការបោះបង់ចោលការសិក្សារបស់សិស្សដែរ។

លោក សាម៉ាល់ បន្ត​ថា ដើម្បីកាត់បន្ថយបញ្ហានេះ ត្រូវផ្ដើមចេញពីការអប់រំ និងរួមគ្នាផ្លា​ស់​ប្ដូរផ្នត់​គំនិត ឳពុក​ម្ដាយ​របស់ពួកគេ ដោយហេតុថា បច្ចុប្បន្នការចូលព្រៃ​ដើម្បីបោ​ចវល្លិ ដង​ជ័រ ឬធ្វើចម្ការវិលជុំ​តែ​មួយ​មុខ កំពុងប្រឈមនឹងការលំបាក ខណៈដីមួយចំនួនបានក្លាយជាតំបន់អភិវឌ្ឍន៍ជាបន្តបន្ទាប់ទៅហើយ​នោះ ។

តែយ៉ាងណា លោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ធនធានមនុស្សខាង​ជន​ជាតិដើម​ភាគ​តិច​​​ ក្នុង​វិស័យ​អប់​រំ​​ក្នុងខេត្តនេះ ហាក់បានកើនឡើងជាបន្តបន្ទាប់។

បើ​តាមប្រធានមន្ទីរអប់រំខេត្តរូបនេះ នៅឆ្នាំ២០១៩ ជនជាតិដើមភាគតិច ប្រឡងជាប់បាក់ឌុបច្រើនប្រ​ហា​ក់ប្រហែលនឹងសិ​ស្ស​​​​​ជន​ជាតិខ្មែរដែរ ចំណែកឯការប្រឡងកម្រិតបឋមភូមិវិញ សិស្សជាជនជាតិ​ដើម​​ភាគ​​តិច​​ជាប់​ច្រើ​នជាង​ជនជាតិខ្មែរ បើទោះបីធនធាននេះ​មិនមានច្រើននៅថ្នាក់សាកល​ក៏ដោយ។

លោកថា៖ «តែបើយើងសម្លឹងមើលក្នុងក្របខណ្ឌគ្រូជាជនជាតិដើមភាគតិចរបស់យើង វាខ្ទង់ជា​៤០ភាគរយ ប៉ុន្តែគ្រាន់តែឃើញថា កាលណាគ្រូកាន់តែខ្ពស់ គ្រូជនជាតិដើមហ្នឹងកាន់តែតិច ដូចជានៅអនុវិទ្យាល័​​យ​យើងនៅមានតិចណាស់ ហើយកម្រិតឧត្ដមសិស្សាយើងអត់ទាន់មានគ្រូជនជាតិដើមភាគតិចទេ ប្រហែលជា២ឆ្នាំទៀតមានហើយ ព្រោះគាត់កំពុងរៀន»។

អ្នកសម្របសម្រួលចងក្រងក្រុមជនជាតិដើមភាគតិចព្រៅ ​នៅអង្គការសហការអន្តរជាតិកម្ពុជា (International Cooperation Cambodia) លោក ហឿន ចាន់រ័ត្ន មានប្រសាសន៍ថា ការដែលយុវជន​ជនជាតិដើមភាគតិចតស៊ូស្វែងរកជំនាញនេះ គឺ​ជាគំរូដ៏ល្អមួយ ដែលលោកគិតថា​ វានឹងមាន​ឥទ្ធិពល​ដល់ការពិចារណា​ពីសារៈសំខាន់នៃការសិក្សាឡើងវិញរបស់យុវជនទាំងនោះ​។

មួយវិញទៀត លោកថា ការ​ដែល​ពលរដ្ឋ​ជនជាតិដើមភាគតិចតស៊ូរៀនសូត្ររហូតក្លាយជាសិស្ស​ពូកែ ក៏ជា​​សារ​មួយ​ប្រាប់​ថា ជ​​នជាតិដើមភាគតិច​​ក៏មានសមត្ថភាពធ្វើខ្លួនឱ្យក្លាយជាធនធានដ៏ល្អស​ម្រា​ប់បម្រើ​សង្គមជាតិ​ដែរ បើពួកគេតស៊ូរៀ​ន​សូត្រ។

តែយ៉ាងណា លោក ចាន់រ័ត្ន ក៏មើលឃើញដែរថា នៅឆ្នាំ២០២១នេះ បញ្ហារៀបការ​នៅ​វ័យ​ក្មេង​របស់​យុវ​ជនជាជនជាតិដើម នៅ​មាន​ចំនួន​ច្រើន​គួរឱ្យព្រួយបារម្ភ។

លោកផ្ដល់ជាយោបល់​ថា ក្នុងបរិបទកូវីដ-១៩​នេះ ជម្រើសដែលអាចជួយកាត់បន្ថយបញ្ហានេះ មាន​តែផ្ដល់សារ​អប់រំ​ដល់​ពួក​គេ តាម​រយៈបណ្ដាញសង្គម ជាវីដេអូ ជាសារសំឡង ឬតាមប្រព័ន្ធផ្សព្វផ្សាយ។

មួយវិញទៀត លោកថា គ្រូបង្រៀនក៏ជាផ្នែកមួយសំខាន់ក្នុងការជួយពន្យល់ឪពុកម្ដាយរបស់​ពួកគេឱ្យ​យល់​​​ពី​​សា​​រៈសំខាន់នៃការសិក្សា ដែលអាចធ្វើតាមរយៈ​ការហៅ​ទូរសព្ទទៅឪពុកម្ដាយពួកគេ ធ្វើយ៉ាង​ណា​​​ឱ្យយល់ដឹងពី​សា​រៈ​សំខាន់នៃការសិក្សា។

លោកថា៖ «ពីព្រោះយើងមិនអាចធ្វើការជុំគ្នាបានទេក្នុងសម័យកូវីដនេះ ក្នុងការជំរុញ ក្នុងការផ្សព្វ​ផ្សាយ​អី! បរិបទកូវីដនេះ​ យើងមិនអាចជួបជុំបានទេ! អ៊ីចឹងមានតែតាមប្រព័ន្ធបច្ចេកវិទ្យាដែលយើងអាចពាំនាំ​ការអប់រំដល់ពួកគាត់ ដើម្បីឱ្យគាត់មានទស្សនវិស័យ ឬក៏អាចកែប្រែគំនិតមកវិញ មកចូលរួមក្នុងកា​ររៀនសូត្រវិញ»។

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី ក្នុ​ង​ឆ្នាំសិក្សា២០១៩-២០២០ ខេត្ត​នេះមា​​នគ្រឹះ​ស្ថានមធ្យមសិក្សាសាធារណៈចំនួ​ន៣០ ក្នុងនោះមានអនុវិទ្យាល័យ១៨ វិទ្យាល័យ១២ មាន​ថ្នាក់សរុប​១៧៧ បុគ្គលិកបង្រៀនសរុបចំនួន៥៣៣នាក់។

របាយការណ៍ដដែលបញ្ជាក់​ថា សិស្សសាលាមធ្យមសិក្សាសាធារណៈ​សរុប​ចំនួន១៣ ១០០នាក់ ក្នុងនោះ សិស្សជនជាតិដើមភាគតិច៦ ៩២៩នាក់ (ស្រី៣ ៣១៨នាក់) ក្នុងនោះ បឋមភូមិ១៧៩នាក់ និងទុ​តិ​យភូមិ១០៨នាក់។

ចំណែកអត្រាបញ្ចប់ការសិក្សានៅបឋមសិក្សា​សរុបមាន៩០,២៣​ភាគរយកើនជាងឆ្នាំកន្លងទៅ ខណៈ​អត្រា​បញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ​សរុប៥៧,៧៧ភាគរយ កើន១,៩២ភាគរយ បើធៀប​នឹងឆ្នាំមុន។

ដោយឡែក ​អត្រាអក្ខរកម្ម​សម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៤៥ឆ្នាំ មានចំនួន៧៣ភាគរយ ចំនួនថេរ ប្រៀបធៀបឆ្នាំកន្លងទៅ។

ម​ន្ទីរអប់រំខេត្តនេះសម្អាងថា សូចនាករនេះ(កត្តាវាស់វែងគួរឱ្យទុកចិត្ត) បានបង្ហាញពីការចូលរួមគាំទ្រពី​ដៃគូអ​ភិ​វឌ្ឍន៍ សហគមន៍មានការយល់ដឹង និងមានការប្រែប្រួលផ្នត់គំនិត ដើម្បីជីវភាពខ្លួនឯង គ្រួ​សា​រ និង​សង្គ​​ម ប៉ុន្តែដោយសារស្ថានការណ៍នៃការ​​រីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឱ្យសូចនាករនេះនៅថេរដដែល។

យ៉ា​ងណា កញ្ញា ពុន ស៊ីថា អំពាវនាវ​ទៅ​យុវជន​ជនជាតិដើមភាគតិច​ ខិត​ខំសិក្សារៀនសូត្ររកជំនាញជាមុនសិន មុនសម្រេចចិត្តរៀបការគូស្រករ ដោយហេតុថា មានតែចំ​ណេះដឹងទេដែលអាចរំដោះខ្លួនចេញពីភាពក្រីក្រ និងកាត់បន្ថយហានិភ័យសុខភាព។

កញ្ញា ពុន ស៊ីថា និយាយថា៖ «ពីព្រោះថា ការសិក្សាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើយើងគ្មានជំនាញនៅក្នុង​ខ្លួន គឺយើងមិនអាចស្វែងរកប្រាក់ចំណូលសម្រាប់ខ្លួនឯង ក៏ដូចជាជួយគ្រួសារ អ៊ីចឹងវាបង្កជាផលវិបាកជាច្រើនដល់យើងទៅថ្ងៃអនាគត ទាំងសេដ្ឋកិច្ចគ្រួសារ និងផលវិបាកសង្គម។ ពីព្រោះអី បើ​កាលណាយើងមិនអាចរកប្រាក់ចំណូលខ្លួនឯង យើងនឹងក្លាយជាជនក្រីក្រ យើងអត់អាចជួយខ្លួនឯង អ៊ីចឹងវានឹងបង្កឱ្យមានផលប៉ះពាល់ដូចគ្នា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ