ព្រះសង្ឃ​ដែល​រិះគន់​រដ្ឋាភិបាល ថា​អាជ្ញាធរ​ថៃ​ចាប់​ព្រះអង្គ​ផ្សឹក​ពាក់ព័ន្ធ​រឿង​នយោបាយ​នៅ​កម្ពុជា

អតីតសកម្មជនព្រះសង្ឃព្រៃឡង់មួយអង្គ ព្រះនាម បូរ បេត ត្រូវបានអាជ្ញាធរថៃចាប់ព្រះកាយផ្សឹក​ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីព្រះអង្គភៀសព្រះកាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន។ (ធ្វីតទ័រ៖ Phil Robertson/ HRW)

ព្រះសង្ឃ​មួយ​អង្គដែល​​ភៀស​​ព្រះកាយ​​នៅ​​ប្រទេសថៃ ​ព្រះនាម​ បូរ បេត ដែលតែងតែរិះគន់ចំណុចខ្វះខាតនៃការដឹកនាំរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឥតសំចៃមាត់ ត្រូវបាន​​អាជ្ញាធរថៃ​ចាប់ផ្សឹកនៅក្នុងខេត្តសាមុតប្រាកាន( Samut Prakan )​ ខណៈព្រះអង្គ​​ប្រឈមនឹងការ​​បញ្ជូនមក​​ដាក់​ទោស​នៅ​កម្ពុជា។

ព្រះតេជព្រះគុណ បូរ បេត មានថេរដីកាសារជាសំឡេងមកកាន់ វីអូឌី ថាអាជ្ញាធរថៃបានចាប់ព្រះកាយព្រះអង្គឃុំខ្លួនមួយយប់នៅក្នុងខេត្ត​សាមុតប្រាកាន​ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្ន​ ព្រះអង្គត្រូវបានប៉ូលិសថៃបញ្ជូនទៅឃុំខ្លួននៅការិយាល័យអន្តោប្រវេសន៍ថៃ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ព្រះអង្គមានថេរដីកាបន្តថា មុននឹងព្រះអង្គភៀសព្រះកាយទៅស្នាក់នៅប្រទេសថៃក្នុងឋានៈជាជនភៀសខ្លួននយោបាយនោះ ក៏ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទទួលស្គាល់ព្រះអង្គនិងចេញកាតសម្គាល់ថាជាជនភៀសខ្លួនស្នាក់ក្នុងទឹកដីថៃ និងមានមេធាវីជួយការពារសិទ្ធិជូនព្រះអង្គថែមទៀតផង​។

ព្រះអង្គបិណ្ឌបាតដល់រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងជាមួយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីការពារសិទ្ធិជនភៀសខ្លួនផង ព្រោះព្រះអង្គភៀសខ្លួនទៅដល់ប្រទេសថៃ ដោយសារតែគេចពីសមត្ថកិច្ចកម្ពុជាដែលតាមចាប់ខ្លួនព្រះអង្គ ពាក់ព័ន្ធនឹងការរិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឱ្យពលរដ្ឋមួយចំនួនមានទុក្ខលំបាក មានការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស និងបញ្ហាអំពើពុករលួយជាដើម ។

ព្រះអង្គមានសង្ឃដីកាថា៖ «សូមឱ្យអាជ្ញាធរខ្មែរ ទាំងអាជ្ញាធរថៃ គោរពសិទ្ធិជនភៀសខ្លួន ព្រោះអាត្មាមកនេះ គឺមិនមែនភៀសខ្លួនមកមិនមានហានិភ័យក្នុងស្រុកខ្មែរទេ ព្រោះរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ផ្ដាច់ការ បានតាមចាប់អាត្មា បានអាត្មារត់មកជ្រកកោនក្នុង (UNHCR)»។

ព្រះអង្គមានថេរដីកាបន្តថា៖ «ដូច្នេះ សូមឱ្យអាជ្ញាធរថៃនិងអាជ្ញាធរកម្ពុជាគោរពសិទ្ធិជនភៀសខ្លួន ព្រោះជនភៀសខ្លួននេះសំខាន់ណាស់ សុទ្ធតែអ្នកតស៊ូក្នុងសង្គម សុទ្ធតែអ្នកខំប្រឹងប្រែង ឃើញសង្គមមានវិបត្តិ ឃើញសង្គមមានទុក្ខលំបាក ឃើញពលរដ្ឋខ្មែរមានទុក្ខលំបាក មានការកាប់បំផ្លាញព្រែឈើ ការរំលោភសិទ្ធិមនុស្សនៅស្រុកខ្មែរ បញ្ហាអំពើពុករលួយ គឺក្រុមអាត្មាដែលជាអ្នកសកម្មក្នុងការតាមដានព្រឹត្តិការណ៍សង្គម ជាអ្នករិះគន់ គឺរិះគន់ដើម្បីកែលម្អរដ្ឋាភិបាល ល្អទាំងអស់គ្នា»។

ទោះជាមានការចាប់ព្រះកាយបែបនេះក្ដី ព្រះអង្គមាន​ថេរដីកាទៅកាន់អ្នកគាំទ្រថា កុំឱ្យមានការព្រួយបារម្ភពីព្រះអង្គ ដោយថា ព្រះអង្គនៅតែប្ដេជ្ញាតស៊ូការពារសិទ្ធិមនុស្ស បញ្ហាអយុត្តិធម៌ក្នុងសង្គម ដើម្បីចង់ឃើញសង្គមកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប​។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងលោក ផាត សុផានិត និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន មានប្រសាសន៍ថា អាជ្ញាធរថៃចាប់ខ្លួនព្រះសង្ឃ បូរ បេត ផ្សឹកនៅក្នុងទឹកដីថៃ មិនជាប់ពាក់ព័ន្ធនឹងកម្ពុជាទេ។ ប៉ុន្តែលោកថា ថៃមានកិច្ចព្រមព្រៀងផ្ដល់បច្ចាប័នជាមួយកម្ពុជា លើការស្នើសុំឱ្យភាគីអនុវត្តនូវការបញ្ជូនជនសង្ស័យ ឬជនល្មើសភៀសខ្លួនទៅប្រទេសនោះ ដើម្បីឱ្យធ្វើបច្ចាប័នបញ្ជូនមកកម្ពុជាវិញ បើរកឃើញថាជននោះជាប់ពាក់ព័ន្ធនឹងបទល្មើស ត្រូវមានទោសតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «នៅកម្ពុជា បងប្អូនមួយចំនួនដែលបានប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួនទៅប្រទេសថៃ ដោយសារកម្ពុជានិងថៃមានកិច្ចព្រមព្រៀងបច្ចាប័នក្នុងការបញ្ជូនជនល្មើស ឬក៏ជនជាប់សង្ស័យ ឬអ្នកដែលប្រព្រឹត្តបទល្មើស តាមការស្នើសុំរបស់កម្ពុជា នេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការស្វែងរកនូវការចាប់បញ្ជូនជនសង្ស័យ ឬជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ដែលពួកគាត់បានប្រព្រឹត្តបទល្មើសកន្លងមក»។

ចំណែកអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង មានប្រសាសន៍​ថា លោក​មិន​មាន​ព័ត៌មាន​អំពី​ករណី​នេះ​ទេ។

​នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត  មានប្រសាសន៍ថា ការចាប់ខ្លួនព្រះសង្ឃ បូរ បេត ផ្សឹកនៅប្រទេសថៃនោះ ធ្វើដោយរំលោភលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីថៃ និងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។

លោកបន្តថា បើអាជ្ញាធរថៃបញ្ជូនជនភៀសខ្លួនមកកម្ពុជា នោះកាន់តែធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិបន្តរិះគន់ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលថៃនៅលើឆាកអន្តរជាតិផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងឃើញថា មានការថ្កោលទោសពីសហគមន៍អង្គការអន្តរជាតិ ហើយនិងឧត្តមស្នងការនៃអង្គការសហប្រជាជាតិ អំពីការរំលោភបំពានទៅលើសិទ្ធិជនភៀសខ្លួន។ អ៊ីចឹងបើសិនជានៅតែមានបែបនេះទៀត វានាំឱ្យមានការរិះគន់ មានការថ្កោលទោសបន្តទៀត វាប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលថៃលើឆាកអន្តរជាតិដែរ»។

ជំនួយការឧត្ដមស្នងការទទួលបន្ទុកការពាររបស់ UNHCR លោក Gillian Triggs បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនិន្នាការនៃការបញ្ជូនជនភៀសខ្លួនមកកម្ពុជាវិញដោយបង្ខំ ដែលពួកគេប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការធ្វើទុក្ខបុកម្នេញ»

នាយករង​អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson បាននិយាយថា រដ្ឋាភិបាលថៃបានធានាម្ដងហើយម្ដងទៀតចំពោះមន្ត្រីការទូត និងទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងបាងកក ថាខ្លួននឹងមិននិរទេសជនភៀសខ្លួនកម្ពុជាទេ ប៉ុន្តែបានបន្តបញ្ជូនពលរដ្ឋកម្ពុជាមកវិញ។

លោក​បាន​និយាយ​តាម​អ៊ីម៉ែល​ថា​៖ «​ប្រទេស​ថៃ​ពិតជា​បាន​បោះបង់​ចោល​ការ​គោរព​គោលការណ៍​សិទ្ធិ​ជនភៀសខ្លួន ក្នុង​របៀប​ដែល​គួរ​ឱ្យភ្ញាក់ផ្អើល ហើយ​ត្រូវ​ថ្កោលទោស​ជា​សកល​​។ លើសពីអ្វីទាំងអស់នេះ អាជីវកម្មដ៏អាក្រក់នេះបង្ហាញថា ពិតជាមានភាពខុសប្លែកគ្នាតិចតួចរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពួកមេដឹកនាំផ្ដាច់ការយោធាថៃនៅទីក្រុងបាងកក នៅពេលនិយាយអំពីការរំលោភសិទ្ធិមនុស្ស»។

ព្រះសង្ឃ បូរ បេត ដែលរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឥតសំចៃមាត់ បានចាកចេញពីប្រទេសនៅឆ្នាំ២០២០ ដោយខ្លាចមានការចាប់ខ្លួនពីសំណាក់អាជ្ញាធរកម្ពុជា។ ព្រះអង្គនិងព្រះសង្ឃមួយអង្គទៀត ព្រះនាម ស៊ឹម សុវណ្ណឌី បានសម្ងំនៅវត្តដាច់ស្រយាលក្នុងខេត្តឧត្ដរមានជ័យ ក្រោយមក ព្រះចៅអធិការវត្តបានប្រាប់ព្រះអង្គថា អាជ្ញាធរនឹងចាប់ខ្លួនពួកគេ ក្រោយពីទទួលបានព័ត៌មានបែបនេះ ព្រះអង្គនិងព្រះសង្ឃមួយអង្គទៀតបានឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។

រហូតមកទល់ពេលនេះ មានការចាប់ខ្លួនពលរដ្ឋខ្មែរដែលរិះគន់រដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសថៃចំនួន៣លើករួចមកហើយ ដែលមានមនុស្សចំនួន៤នាក់ ដោយមនុស្ស៣នាក់មុន ជាអតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង ត្រូវបានបញ្ជូនមកឃុំខ្លួននៅពន្ធនាគារក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ