អ្នកភូមិ​នៅ​ខេត្ត​កណ្ដាល​តវ៉ា​ទាមទារ​សំណង​ផល​ប៉ះពាល់​ដីធ្លី​ពី​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​ថ្មី

ពលរដ្ឋនៅឃុំអំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បាន​ប្រមូលផ្ដុំគ្នាតវ៉ា​មុខ​សាលាឃុំ ដើម្បីជំរុញ​ទៅ​អាជ្ញាធរនិង​​ក្រុម​ហ៊ុនផ្ដល់សំណង​​ផលប៉ះ​ពាល់​ដីធ្លីដោយ​គម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

អ្នកភូមិប្រមាណ២០០នាក់ តំណាងឱ្យ​ជាង៤០០គ្រួសារ នៅឃុំអំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បាន​ប្រមូលផ្ដុំគ្នាតវ៉ា​មុខ​សាលាឃុំ នៅ​ព្រឹកថ្ងៃសុក្រ​​នេះ ដើម្បីជំរុញ​ទៅ​អាជ្ញាធរនិង​​ក្រុម​ហ៊ុនផ្ដល់សំណង​​ផលប៉ះ​ពាល់​ដីធ្លីដោយ​គម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC។

លោក ភោគ ផាន់នី ដែលអះអាងថាជាតំណាងពលរដ្ឋ ប្រាប់ វីអូឌី នៅកន្លែងតវ៉ា​ថា ដីទំហំ​៨៣ហិកតា ជាដីក្រុមសាមគ្គី​​របស់​​ប្រជាពលរដ្ឋ៤១៤គ្រួសារ នៅឃុំ​អំពៅព្រៃ ដែលអាជ្ញាធរចែកឱ្យពលរដ្ឋអាស្រ័យផលជាក្រុមៗតាំងពីឆ្នាំ១៩៨៤។ តែនៅឆ្នាំ២០០៨ លោកថា​​ ​​​ក្រុម​​ហ៊ុន​​អភិវឌ្ឍន៍​​ព្រលាន​យន្ត​​ហោះ​​ថ្មី បាន​មក​​អភិវឌ្ឍនៅតំបន់នោះ ធ្វើ​ឱ្យ​ប៉ះពាល់ដល់ដីរបស់​ពួកគេ និង​មិនអាចឱ្យ​ពួកគាត់​អាស្រ័យ​​ផល​បានតទៅ​​ទៀត ដោយសារក្រុមហ៊ុនបានកាយប្រឡាយបិទប្រព័ន្ធទឹក ខណៈ​ដី​មួយផ្នែកទៀត ក្រុម​ហ៊ុនឈូស​ឆាយអភិវឌ្ឍទៅហើយ។

ករណីនេះ លោកបានទាមទារឱ្យ​អាជ្ញាធរនិង​​ក្រុម​ហ៊ុន​ដោះស្រាយជូនពលរដ្ឋ ក្នុ​ងនោះ​សំណងដែល​ពលរដ្ឋ​ចង់​បាន គឺ​សុំគិតជា​គោលនយោបាយ ដោយក្នុង១ម៉ែត្រការ៉េ​ ៨ដុល្លារ។

លោក ភោគ ផាន់នី បន្ថែមថា៖ «ដីនេះ​ជាប្រភេទដីដែលរដ្ឋបាលឃុំអំពៅព្រៃបានបែងចែកជូនពលរដ្ឋតាំងពី​ឆ្នាំ​១៩៨៤ ដែលពេលនោះ ក្នុងនាម​ជា​ប្រមុខ​ថ្នាក់​ដឹកនាំ​បាន​ចេញ​សារាចរ០០៣ បាន​បែងចែកដីពីក្រុម​សាមគ្គីធំ​មក​ដី​ក្រុម​សាមគ្គីតូចៗ ដែលពលរដ្ឋទទួលបានពីអាជ្ញាធរមូលដ្ឋាន។ អ៊ីចឹង​ពួកខ្ញុំមក​តវ៉ា​នេះ សុំទាម​ទារ​សំណង​ត្រឹម​តែ៨ដុល្លារក្នុង១ម៉ែត្រការ៉េ ដោយមិនជំទាស់នឹងការអភិវឌ្ឍ​ទេ ព្រោះនេះ​ជា​ដីរបស់​យើង»

ពលរដ្ឋម្នាក់ទៀត ​អ្នកស្រី មាន លាភ មានប្រសាសន៍​ថា ក្រុមរបស់គាត់មាន១៨គ្រួសារ និង​មាន​ដី​ទំហំ៣២​ហិកតា ដោយ​ពួកគាត់​បាន​​បង្កបង្កើនផលធ្វើស្រែប្រាំង​រហូត​មក ប៉ុន្តែបាន​ខក​ខាន​ធ្វើ​រយៈ​ពេល​៥ឆ្នាំហើយ ក្រោយ​ពីក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីមកធ្វើការអភិវឌ្ឍ។ អ្នកស្រីថា​ ការដែលបាត់បង់កន្លែងអាស្រ័យផលនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគាត់ផងដែរ។

អ្នកស្រីបន្ថែមថា៖ «តាំងពីគេកាយបិទទំនប់​ជប៉ុន​ហ្នឹង​មក គឺ​ពួកខ្ញុំ​អត់​មាន​ទឹក​បង្ក​បង្កើន​ផល​ទៀត​ទេ​ រយៈ​ពេល​ជាង​១០ឆ្នាំហើយ អ៊ីចឹង​វាអយុត្តិធម៌​ណាស់។ ហើយពួកខ្ញុំ​វេទនាផ្នែកជីវភាពណាស់ បានព្រឹកខ្វះល្ងាច ណាមួយកូវីដផង អត់បានចេញទៅរកអីទៀត។ អ៊ីចឹង​មានតែសំណូម​ពរ​ដល់​សម្ដេច​ពុក សម្ដេច​ម៉ែជួយ​កូន​ចៅ​ផង»

អំឡុង​ពេលដែល​ពលរដ្ឋនាំគ្នា​ប្រមូល​ផ្ដុំតវ៉ានៅព្រឹក​មិញនេះ​ ពុំមានអាជ្ញាធរ​ឃុំ​ចេញមក​ជួប​ពលរដ្ឋនោះ​​ទេ និ​ង​ក្រោយប្រមូលផ្ដុំតវ៉ាជាច្រើនម៉ោងរួចមក ក្រុមពលរដ្ឋ​​​បាននាំគ្នាត្រលប់​ទៅ​ផ្ទះវិញ ហើយ​ថានឹង​ទៅ​តវ៉ាម្ដង​ទៀត​​នៅថ្ងៃច​ន្ទសប្ដាហ៍ក្រោយនេះ។

វីអូឌី មិនអាចសុំការឆ្លើយតបពីមេឃុំអំពៅព្រៃ លោក នប់ ណាន់ បានទេ​ ពាក់ព័ន្ធនឹង​ករណី​នេះ។

អភិបាលស្រុកកណ្ដាល​ស្ទឹង​​ លោក អ៊ូច សាវឿន មាន​ប្រសាសន៍​ថា នៅក្នុងឃុំ​អំពៅព្រៃ គ្មានដី​សហគមន៍ ឬ​ដីចំណែក​ក្រុម​សាមគ្គី​ទៀតទេ។ លោកថា ដីក្រុម​សាមគ្គីនោះ ត្រូវអាជ្ញាធរវាស់ចែក​ជូន​ជា​ឯកជន​អស់​ហើយ​​​តាំង​ពី​ឆ្នាំ​១៩៩០។

លោកចាត់ទុក​ការ​តវ៉ា​របស់​ពលរដ្ឋនៅ​​ពេល​នេះថា​ជាសិទ្ធិរបស់​ពួកគាត់​​ ហើយ​​អាជ្ញាធរក៏​​​ពុំ​​មាន​​ការ​​ដោះស្រាយ​​សំណង​​​អ្វី​​ជូន​​ពួក​​គាត់​​ទៀត​ឡើយ។

លោកបន្ថែមថា៖ «ពួកគាត់​តវ៉ា​ជារឿង​របស់​ពួក​គាត់​តវ៉ា តែតាមផ្លូវច្បាប់ គេបា​ន​រំលាយ​ក្រុមសាមគ្គីចោលធ្វើជា​របស់កម្មសិទ្ធិឯកជនអស់តាំងពីឆ្នាំ៩០។ អ៊ីចឹង​ទាល់តែគាត់ឈប់ទទួលស្គាល់ដីគាត់ដែលរស់នៅរាល់ថ្ងៃហ្នឹងជាដីឯកជន។ គេធ្វើការលក់ទិញ គេធ្វើការបែកចែកគ្នាអស់ហើយ មានក្រុមសាមគ្គីមកពីណាទៀត»

វីអូ​ឌី មិន​អាច​សុំការឆ្លើយតបពីម្ចាស់ក្រុមហ៊ុន OCIC ដែលអភិវឌ្ឍព្រលាន​យន្ត​ហោះ​ថ្មី​នៅតំបន់​នោះ​ បានទេ ​ជុំវិញ​រឿង​នេះ។

ពាក់ព័ន្ធនឹង​ករណីនេះ មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិ​មនុស្ស​ នៃ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត ធ្លាប់​ជំរុ​ញ​ទៅ​រដ្ឋាភិបាល​ស្រាវជ្រាវនិង​ដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋឱ្យ​មាន​​តម្លា​ភាពនិង​សមរម្យ​ដែលអាចទទួលយកបាន។ លោកថា ប្រសិនបើដោះស្រាយមិន​ត្រឹមត្រូវទេ នឹងនាំ​ឱ្យប្រជាពលរដ្ឋ​មិនពេញចិត្ត​ចំពោះគម្រោងអភិវឌ្ឍន៍នោះ ហើយពួកគេនឹងធ្វើការតវ៉ាផ្សេងៗ។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹង​ខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លាន​ម៉ែត្រ​​ការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ