រដ្ឋាភិបាល​ប្រកាស​យក​ថ្ងៃទី៨ ធ្នូ ជា​​ថ្ងៃ​កាន់​​ព្រះ​មរណទុក្ខ​ផ្លូវ​ការ​សម្តេច​ក្រុម​ព្រះ​

នាវេលាព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្ដម សីហឫទ្ធិ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានបំពេញមហាកុសឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាព្រះបិតា នាវត្តបុទុមធម្មយុត្តិ រាជធានីភ្នំពេញ។ (Royal du Cambodge)

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​យក​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជា​ថ្ងៃកាន់​ព្រះមរណទុក្ខ​ផ្លូវការ​នៅ​ទូទាំង​ប្រទេស ដើម្បី​ជា​កិច្ចថ្វាយ​តប​នូវ​ព្រះគុណូបក្ការៈដ៏​ធំធេង នៃ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។

យោងតាម​សារាចរណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បាន​បង្គាប់​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ គ្រប់​ទីវត្តអារាម ព្រមទាំង​ប្រជាជន​ទូទាំងប្រទេស ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់​កណ្តាល​ដង នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ បន្ថែម​លើនេះ គ្រប់​ស្ថានីយ៍វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការ​សម្តែង និង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែល​មាន​លក្ខណៈសប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ថា សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម ​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ជា​អតីត​នាយករដ្ឋមន្ត្រី​ទី១ និង​ជា​អតីត​ប្រធាន​រដ្ឋសភាជាតិ  មាន​គុណ​បំណាច់​ដ៏ធំធេង​ចំពោះ ជាតិ សាសនា និង​ព្រះមហាក្សត្រ។

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ បាន​យាង​សោយព្រះទិវង្គត​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​ឯប្រទេស​បារាំង ក្នុង​ព្រះជន្មាយុ​៧៧​ព្រះវស្សា ដោយ​រោគាពាធ។

តាម​គម្រោង​ ព្រះសព​របស់ព្រះអង្គនឹង​យាង​ដង្ហែ​ពីប្រទេសបារាំងមក​ដល់​ប្រទេស​កម្ពុជា នៅវេលា​ម៉ោង១១ ព្រឹក ​ថ្ងៃ​អាទិត្យ ទី៥ ខែធ្នូ ស្អែកនេះ តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ពីប្រទេស​បារាំង។ ព្រះសព​របស់​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ នឹង​ត្រូវ​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​គន្លង​ព្រះពុទ្ធសាសនា និង​ប្រពៃណីជាតិ នៅ​អតីត​ព្រះដំណាក់​ចាស់ ស្ថិត​នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ