កម្ពុជា​មិន​បារម្ភ​ចំពោះ​គម្រោង​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជា បង្ហាញជំហរអព្យាក្រឹត្យនិងរក្សាទំនាក់ទំនងដោយសន្តិវិធី​​ជាមួយបណ្ដា​​​ប្រទេសទាំងនៅ​​ក្នុងតំបន់និងពិភពលោក ខណៈសហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់ទណ្ឌកម្មរបស់​​ខ្លួន​​ប្រឆាំងមន្រ្តីឬថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករ​​លួយ​​​ធ្ងន់​ធ្ងរ និងធ្វើឱ្យប្រជាធិបតេយ្យត្រូវដើរថយក្រោយ។

លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាល អះអាងនៅថ្ងៃចន្ទនេះថា តាមពិតទៅ រវាងកម្ពុជានិងសហរដ្ឋអាមេរិក មិនទាន់មានអ្វីដែលជាការសៅហ្មងនាំទៅដល់សភាពធ្ងន់ធ្ងរនៅឡើយទេ​។ លោក​ទទួលស្គាល់ថា មានពេលខ្លះ ប្រទេសទាំងពីរមានចំណុចមិនចុះសម្រុងនឹង​​គ្នាដោយ​​អន្លើ ប៉ុន្តែវាមិនមែនជាវិវាទដែលមិនអាចផ្សះផ្សាគ្នាបាននោះដែរ។ លោកបន្ថែមថា ចំណែក​​កម្ពុជា​​វិញ ហាក់មិនមានអ្វីដែលត្រូវបារម្ភចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក រឿងទណ្ឌកម្ម​​ថ្មី​​ទៀតនេះឡើយ។

បើតាមលោក ផៃ ស៊ីផាន ភាពរកាំរកូសក្នុងពេលកន្លងទៅ រវាងកម្ពុជានិងសហរដ្ឋអាមេរិក វា​​​គ្រាន់​តែជាវោហារសាស្រ្តនយោបាយប៉ុណ្ណោះ ពោលគឺវាមិនមែនជាការ​​ថ្នាំងថ្នាក់ផ្នែកគោល​​នយោបាយ​​រប​​​ស់​​​ប្រទេសទាំងពីរ​​​​ទេ​​។

បើទោះជាបែបណា លោក ផៃ ស៊ីផាន អះអាងថា សម្រាប់កម្ពុជានៅតែប្រកាន់​​​គោល​​​ជំ​​​ហ​រ​​អព្យាក្រឹត្យ​ភាព​របស់​ខ្លួនក្នុង​ក្រប​ខណ្ឌទាំ​ង​ទ្វេ​ភាគីនិង​ពហុភាគី។ ជាងនេះទៅទៀត គោល​​ន​​យោ​​​បាយសន្តិភាពនិយមដែលកម្ពុជាបានអនុវត្តម​កនេះ លោកថា នៅតែជាត្រីវិស័យអាទិភាពនិងជំរុញ​​ឱ្យ​​មានការគោរពសិទ្ធិមនុស្ស​យ៉ាងពេញលេញ។

លោកបន្តថា៖ «យើងមានការខ្វែងគំនិតខ្លះ ប៉ុន្តែការខ្វែងគំនិតមិនមែនបង្ហាញឬរុញច្រានយើងឱ្យក្លាយជាសត្រូវជាមួយគ្នានោះទេ គ្រាន់តែជាការបញ្ចេញយោបល់បន្តិចបន្តួច។ យើងឆ្លៀត​ពេលសហការ​ផង ហើយដោះស្រាយជាមួយគ្នាផង។ ដូច្នេះ ចំពោះខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថា ដូចមិន​​ទាន់មាន​​​អ្វី​ដែលជាសភាពធ្ងន់រវាងការងារការបរទេសរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកនោះទេ»។

អ្នក​នាំពាក្យក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានកាសែត រ៉យទ័រ (Reuters) ដក​ស្រង់​​សម្ដីមកចុះផ្សាយ​​កាលពីថ្ងៃសុក្រ​កន្លងទៅនេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹង​ប្រកាស​​អំពី​​​ការ​​ដាក់​​​​ទណ្ឌកម្មនៅសប្ដាហ៍ក្រោយនេះ ប្រឆាំងមេដឹកនាំឬមន្រ្តីទាំងឡាយ​ណាដែលធ្វើឱ្យ​​ប្រជា​​​ធិប​​តេ​យ្យ​​​​ត្រូវធ្លាក់​ចុះ ការរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។ ប៉ុន្តែអ្នក​នាំពាក្យ​​​​រូ​ប​​នេះបានបដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណបុគ្គលដែល​​ត្រូវប្រឈ​ម​មុខ​​នឹង​​ការ​ដាក់​​ទណ្ឌកម្មនេះ។ 

មិនតែប៉ុណ្ណោះ មន្រ្តីនាំពាក្យរូបនេះអះអាងទៀតថា ទណ្ឌកម្មដែលនឹង​​ត្រូវធ្លាក់ចុះ​​មក​​ជា​​បន្ត​​បន្ទា​ប់​​​​នេះ រាប់បញ្ចូលទាំងការបិទ​​សិទ្ធិអ្នកដែល​​អនុញ្ញាតឱ្យមន្រ្តីពុករលួយ​​កេងប្រវ័ញ្ច​​ទីផ្សារ​​អចល​​ន​​​​​ទ្រព្យ និងតម្លាភាពសាជីវកម្ម ដែលជំរុញឱ្យមានអំពើពុករលួយរីកឡើង និងដំណើរការ​​ខុសច្បាប់ ហូរ​​ចូលសហរដ្ឋអាមេរិកផង។

ប្រភពដដែលនេបានស្រង់សម្ដីអ្នកនាំពាក្យរូប​នេះ​បន្ថែម​ថា រតនាគារ​អាមេរិកនឹង​ចាត់​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​កំណត់​បុគ្គលដែល​​ចូល​​រួមក្នុងសកម្មភាពអាក្រក់ ដែល​នាំដ​ល់​ការ​បំផ្លាញ​លទ្ធិប្រជាធិប​តេយ្យ និងស្ថាប័នប្រជាធិ​​បតេ​​យ្យ​​នៅជុំវិញពិភពលោក រួមទាំងអំពើពុករលួយ ការ​គាប​សង្កត់ ឧក្រិដ្ឋកម្ម​​​​ដែល​​បាន​​​រៀប​​ចំ​​ឡើង និង​​ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាដើម។ 

បើទោះជាបែបណា លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលកម្ពុជា​ នៅតែចាត់ទុកថា នេះជារ​​បៀប​​​នៃ​​ការ​​សម្រេចចិត្ត និងជានយោ​​បាយការបរ​ទេស​របស់​​​ស​​ហ​រដ្ឋ​អាមេរិក ដែល​លោក​ស្នើ​​មិន​​​ផ្ដល់​​យោ​​បល់​​​ណា​​មួយនោះទេ។

គេកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជានិងអាមេរិកហាក់មានភាពល្អក់​​កករ​​នឹង​​​​គ្នា។ កម្មវិធីមនុស្សធម៌មួយចំនួនដែលផ្ដល់ដោយសហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយ​ជា​​ហូរ​ហែ​​​ រហូតដល់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលផ្ដល់មូនិធិដោយទីភ្នាក់​​ងារសហរដ្ឋ​​អា​​មេ​​រិក សម្រេចចិត្តបិទទ្វារ។

ភាពរកាំរកូសរវាងកម្ពុជានិងសហរដ្ឋអាមេរិកនេះ បានជំរុញឱ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​កាលពីថ្ងៃទី​២ ខែ​ធ្នូ ស្ដីពីការផ្អាកឱ្យមានដំណើរទស្សនកិច្ចនៅ​​មូល​​ដ្ឋានកងទ័ព​​ជើងទឹក​​រាម ក្នុងខេត្តព្រះសីហនុ ខណៈដែលសហរដ្ឋអាមេរិកដាក់ការ​​សង្ស័យ​​ថា ទី​បញ្ជាការ​​កងទ័ព​​ជើង​​ទឹក​​រាមនេះជាទីតាំងឈរជើងរបស់កងយោធា​ចិន។

សម្រាប់លោកបណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិនៃ​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ថា​ បើសិន​ជា​ការដាក់​ទណ្ឌកម្មរបស់​អាមេរិកទៅលើ​ប្រទេសដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនិងអំពើ​ពុក​រលួយ​​​ ហើយ​ក្នុងនោះមាន​កម្ពុជា​ដែរនោះ​ នោះ​អាច​នឹង​នាំ​​ឱ្យ​មាន​ផលប៉ះពាល់ធ្ងន់ធ្ងរទៅ​ដល់សេដ្ឋកិច្ច​កម្ពុជា​ដែលកំពុងតែមានឱនភាពផង ជាពិសេស​​ប៉ះ​​ពាល់​​​​ខ្លាំងទៅដល់សង្គមទាំងមូល និងពលរដ្ឋដែលមានចំណូលក្រោមមធ្យម។

លោកបន្តថា៖ «បើសិនជានៅក្នុងករណីសហរដ្ឋអាមេរិកនៅតែបន្តដាក់ទណ្ឌកម្មលើកម្ពុជាដោយ​សារ​តែ​បញ្ហា​នេះ​ ខ្ញុំគិតថា អនាគតកម្ពុជាប្រហែលជាអាចនឹងទទួលរង​នូវផលប៉ះពាល់កាន់​តែ​ច្រើន​​ទៀត​ ពីព្រោះការដាក់ទណ្ឌកម្មទៅលើមន្រ្តី វាមិនមែនប៉ះពាល់​ទៅលើមន្រ្តីម្នាក់​[ឬ]ពីរនាក់​ទេ​ គឺវា​ប៉ះពាល់​​​ទៅ​​ដល់​​សេដ្ឋកិច្ចជាតិទាំងមូល ជាពិសេស​ប្រទេសដែលមាន​​និន្នាការ​ទៅរកប្រជាធិបតេយ្យ​​សេរី​​ហ្នឹង ​​​គឺគាត់មិនមានទំនុកចិត្ត​ចំពោះកម្ពុជា»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញសុទិដ្ឋិនិយមនៅថ្ងៃនេះថា សេដ្ឋកិច្ច​​កម្ពុជា​នឹង​បាន​ល្អ​​​ប្រ​​សើ​​​រ​​ឡើងវិញនៅដើមឆ្នាំ២០២២ខាងមុខនេះ តាមរយៈ​​លំហូរ​ពាណិ​ជ្ជកម្ម​​ជា​​មួយ​​ចិន។ បើទោះ​ជា​​​បែប​​ណា សម្រាប់​អ្នក​វិភាគ​វិញយល់​ឃើញ​ថា កម្ពុជា​មិនគួររំពឹង​លើ​ចិន​តែ​ម្ខាង ហើយ​​​​បោះ​​​បង់​​ទី​ផ្សា​​​រ​​ដ៏ធំ ​​គឺ​​អឺរ៉ុបនិង​ប្រទេស​​លោក​​​សេរីដទៃទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកឡើយ ព្រោះ​​នឹង​​​នាំ​​ឱ្យ​​កម្ពុជា​​​​កាន់​​តែត្រូវ​​បាត់​​បង់​​ឱកាសក្នុងការប្រកួតប្រជែង​​ជញ្ជីង​ពាណិជ្ជកម្ម​ជា​​មួយប្រទេស​​​ជិត​​​ខាង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ