រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង២ ០០០ហិកតាដែលបានរំលោភយកដោយខុសច្បាប់មកទុកជាសម្បត្តិរដ្ឋវិញ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការច្បាប់លើមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធការរំលោភយកដីព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប ដោយក្នុងនោះ លោកបានលើកឡើងចំៗថា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទេន្លេសាបក្នុងខេត្តកំពង់ឆ្នាំងជាង២ ០០០ហិកតាមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
នៅថ្ងៃទី៣ ខែធ្នូនេះ រាជរដ្ឋាភិបាលបានបង្ហាញរបាយការណ៍ផ្លូវការមួយស្ដីពី «លទ្ធផលនៃការចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប» ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ក្នុងរបាយការណ៍ដដែលនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន និងដី២ ១០០,៦៦ហិកតា ស្ថិតក្នុងដែនដីព្រៃលិចទឹកនៅខេត្តកំពង់ឆ្នាំង មកទុកជាសម្បត្តិរដ្ឋវិញ។
របាយការណ៍បញ្ជាក់ថា៖ «ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ដកហូតដីរដ្ឋទំហំ២ ១០០,៦៦ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹក ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១៩៧ អបក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចមានផែនទីបង្ហាញទីតាំង និងតារាងនិយាមការភ្ជាប់មកជាមួយ»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក សេង ឃាង និងអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានទេ នៅថ្ងៃចន្ទនេះ។
បើតាមកំណត់ហេតុកិច្ចប្រជុំក្រុមការងារអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកកាន់កាប់អាស្រ័យផលដីព្រៃលិចទឹក១៣នាក់ដែលបានសារភាពនិងប្រគល់ដីជូនរដ្ឋវិញនោះ រួមមាន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ មានដី៦៧៥ហិកតា, នាយការិយាល័យ លោក កែវ ណារុន មានដី៣២ហិកតា, មេបញ្ជាការសឹករងស្រុកកំពង់លែង លោក យឹម សារ៉ាត់ មានដី៦០ហិកតា និងពលរដ្ឋផ្សេងទៀត ដែលមានផ្ទៃដីសរុប២ ០៥៨,៥ហិកតា។
មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា សាទរចំពោះរដ្ឋាភិបាលដែលបានចាត់ការទៅលើអតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធការឈូសឆាយដីព្រៃលិចទឹកនៅបឹងទន្លេសាបនេះ។ លោកក៏បានជំរុញដល់រដ្ឋាភិបាលឱ្យស្រាវជ្រាវនិងចាត់វិធានការច្បាប់តឹងរ៉ឹងលើមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀតផងដែរ ខណៈលោកថា កន្លងមក វិធានការរបស់អាជ្ញាធរអនុវត្តបានតែមួយឆាវៗទៅតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ប្រសិនជាគាត់សម្រេចធ្វើការចោទប្រកាន់ទៅអតីតអភិបាលខេត្តកំពង់ឆ្នាំង និងប្ដឹងផ្ដល់លើមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធឬគប់គិតគ្នាបានកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនេះ។ ហើយយើងកំពុងតែតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយសង្ឃឹមថា រាល់មន្ត្រីដែលបានរកឃើញថាជាប់ពាក់ព័ន្ធ នឹងត្រូវផ្ដន្ទាទោសបានត្រឹមត្រូវនិងមិនបានការលើកលែង»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មិនទាន់អាចបញ្ជាក់បានថា រហូតមកដល់ថ្ងៃចន្ទនេះ មានមនុស្សប៉ុន្មាននាក់បានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ពាក់ព័ន្ធការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបនេះនៅឡើយទេ។ ប៉ុន្តែលោកប្រាប់ថា ពេលនេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា និងថ្នាក់ដឹកនាំស្ថាប័នមួយទៀត កំពុងបន្តចុះស្រាវជ្រាវនិងទប់ស្កាត់បទល្មើសដីព្រៃលិចទឹកនេះនៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
យ៉ាងណា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនមនុស្ស៧នាក់ទៅតុលាការ ខណៈអាជ្ញាធរខេត្តសៀមរាប បានឃាត់ខ្លួនមនុស្ស២៧៨នាក់ ក្នុងនោះ ២៦នាក់ បានបញ្ជូនទៅតុលាការ។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល បានចែងថា ការកាប់ឆ្ការ គាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំ ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល។ ចំណែកមាត្រា១០២ នៃច្បាប់ដដែលនេះបានបញ្ជាក់ថា បើបទល្មើសនោះប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការកំណត់ដែនព្រៃលិចទឹកប្រមាណ៦៥ម៉ឺនហិកតា ស្ថិតក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ។
ក្នុងមាត្រា៣ នៃអនុក្រឹត្យនេះបានចែងថា អាជ្ញាធរខេត្តមានភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវលើការគ្រប់គ្រង ការការពារ និងថែរក្សាដែនព្រៃលិចទឹក ហើយចំពោះការបាត់បង់ដែនព្រៃលិចទឹកនិងព្រៃលិចទឹកដែលស្ថិតក្នុងដែនសមត្ថកិច្ចនៃខេត្តណា គណៈអភិបាលនៃខេត្តនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរដ្ឋាភិបាល៕