លោក ហ៊ុន សែន ថា​បើ​មាន​អ្នកលួច​ធ្វើឃាត​លោក សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា បើមានអ្នកលួចធ្វើឃាតរូបលោក អាចនឹងផ្ទុះសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ដោយលោកថា កន្លងមក មានមុខសញ្ញាអ្នកប៉ុនប៉ងធ្វើឃាតរូបលោកជាច្រើនដង តែបរាជ័យ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា រូបលោកនឹងបន្តកាន់អំណាចដឹកនាំប្រទេសកម្ពុជាយ៉ាងយូរចន្លោះពី៨ទៅ១០ឆ្នាំតទៅមុខ​ទៀត។ ប៉ុន្តែលោក​ថា តាម​គម្រោង ​លោក​បាន​ត្រៀម​រៀបចំ​កូន​ប្រុស​ច្បង លោក ហ៊ុន ម៉ាណែត ដើម្បីឈរឈ្មោះជាបេក្ខភាពនាយក​រដ្ឋមន្ត្រី ក្រោយពីលោកឈប់ធ្វើនាយករដ្ឋមន្ត្រី។

អ្វីដែលគួរឱ្យកត់សម្គាល់ លោកបញ្ជាក់ថា បើអំឡុង​ពេលដែលលោកជានាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស ហើយ​ត្រូវស្លាប់​មុន​អាណត្តិនោះ មន្ត្រី​ដែល​នៅក្នុងបក្សត្រូវ​បន្ត​វេនដោយ​ស្វ័យ​ប្រវត្តិ។ ប៉ុន្តែបើមានអ្នកលួចធ្វើឃាតរូបលោក នោះសង្គ្រាមនៅកម្ពុជាអាចនឹងកើតមានឡើងផងដែរ។

លោកថ្លែងដូច្នេះថា៖ «បានបញ្ជាក់ហើយ​ ស្លាប់ដោយសារជំងឺ មេដឹកនាំ [ចាស់ៗក្នុងបក្ស] នាំគ្នាធ្វើទៅ ! ប៉ុន្តែបើស្លាប់​ដោយការធ្វើឃាត សភាពការណ៍នឹងប្រែប្រួល អាចថាផ្ទុះសង្គ្រាមក៏ថាបាន!​ ធម្មតា មុខសញ្ញា យើងឃើញហើយ អ្នកនៅខាងក្នុង អ្នកណានៅខាងក្រៅ គេលែងហើយ»។

លោកថ្លែងបន្តថា៖ «ព្រោះរឿងនៅសៀមរាប [លួចធ្វើឃាតលោក] មិនមែនខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំមិនធ្វើ ទុកឱ្យភ្ញាក់រឭក កុំលេងល្បែងខូច។ ហើយខ្ញុំត្រូវគេលួចធ្វើឃាតច្រើនដងហើយ តែវាមិនងាប់! វាបាញ់ខុស! បាញ់ខ្ញុំនៅម្ដុំព្រះនរាយណ៍ បាញ់​ខ្ញុំនៅ​តាកែវ ខ្ញុំយកបានទាំងកាំភ្លើងទៀត។ ហើយបោកគ្រាប់បែកចូលផ្ទះខ្ញុំឆ្នាំ១៩៩៨ បោកគ្រាប់បែក៣គ្រាប់ចូលផ្ទះខ្ញុំ ប៊ិះស្លាប់​ឪពុក​ខ្ញុំទៀត។ សម្លាប់ខ្ញុំនៅនេះមិនបាន ទៅបាញ់ខ្ញុំនៅសៀមរាប។ កុំថា ហ៊ុន សែន មិនដឹង ប៉ុន្តែ​គ្រាន់​តែ​ថា​ទុកវា​មួយ​ដុំចោល​ទៅ យើងក៏អត់ងាប់ដែរ»។

នាយកប្រតិបត្តិការ​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មិនជឿថា បច្ចុប្បន្នមានអ្នកប៉ុនប៉ងចង់ធ្វើឃាតនាយករដ្ឋមន្ត្រីនោះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនជឿថាមានអ្នកប៉ុនប៉ងឬក៏ធ្វើឃាតលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន សារជាថ្មី ដូចសម័យឆ្នាំជាង៩០នោះដែរ ពីព្រោះសម័យនោះ វាមានភាគីច្រើន ហើយអាវុធក៏វាមាននៅពេញដៃ វាពិបាកក្នុងការបែកចែកថា អ្នកណាជាមិត្ត អ្នកណាជាសត្រូវពិតប្រាកដ។ ប៉ុន្តែក្នុងសម័យកាលបច្ចុប្បន្ននេះ​ ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា នឹងមិនមានការធ្វើឃាតកើតមានឡើងលើលោកនាយករដ្ឋមន្ត្រី ឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលណាម្នាក់នោះទេ»។

គិតមកដល់ពេលបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រយៈពេល​ជិត៤០ឆ្នាំមកហើយ ដោយលោកអះអាងថា នៅក្នុងតំណែងកំពូលមួយនេះមានអ្នកប៉ុងប៉ងធ្វើឃាតលោកជាច្រើនដងមកហើយ តែត្រូវបានបរាជ័យ។ លោក​ ហ៊ុន សែន ធ្លាប់បញ្ជាក់ខ្លួនឯងថា លោកជាមេដឹកនាំវ័យក្មេងជាងគេបំផុតក្នុងលោក ដែលទទួលបានតំណែងជានាយករដ្ឋមន្ត្រី និងកាន់តំណែងមួយនេះបានយូរជាងគេផងដែរនៅក្នុងពិភពលោក ខណៈលោកនៅតែប្ដេជ្ញាកាន់តំណែងមួយនេះបន្តទៀត៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ