ពលរដ្ឋ​ជាច្រើន​គ្រួសារ​ព្រមាន​តវ៉ា​មុខ​សាលាឃុំ​អំពៅព្រៃ​រាល់ថ្ងៃ បើ​គ្មាន​ដំណោះស្រាយ​រឿង​ដីធ្លី

ពលរដ្ឋនៅឃុំអំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បាន​ប្រមូលផ្ដុំគ្នាតវ៉ា​មុខ​សាលាឃុំ ដើម្បីជំរុញ​ទៅ​អាជ្ញាធរនិង​​ក្រុម​ហ៊ុនផ្ដល់សំណង​​ផលប៉ះ​ពាល់​ដីធ្លីដោយ​គម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ពលរដ្ឋ​ជាច្រើនគ្រួសារ រស់​នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមានតវ៉ាមុខសាលាឃុំរាល់ថ្ងៃ ប្រសិនបើនៅតែពុំមានដំណោះស្រាយរឿង​សំណងផលប៉ះពាល់ដីធ្លី ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់​ក្រុម​ហ៊ុន OCIC។

អ្នកភូមិប្រមាណ២០០នាក់ដែលអះអាងថាជា​តំណាងឱ្យ​៤១៤គ្រួសារនៅឃុំអំពៅព្រៃ បាន​នាំគ្នាតវ៉ា​មុខសាលា​ឃុំ​ជាថ្មីទៀតនៅថ្ងៃទី៦ ខែធ្នូនេះ ដើម្បីទាមទារឱ្យអាជ្ញាធរឃុំបំភ្លឺជុំវិញដំណោះស្រាយផលប៉ះពាល់ដីធ្លី ខណៈពួកគេបានតវ៉ាជាង៣ឆ្នាំគ្មានការដោះស្រាយ។

លោក ភោគ ផាន់នី ដែលអះអាងថាជាតំណាងពលរដ្ឋ ប្រាប់ ​វីអូឌី​​ ថាពលរដ្ឋ៤១៥គ្រួសារនៅឃុំអំពៅព្រៃ និងមានដីទំហំសរុប៨៣ហិកតា បាន​រង​ផល​ប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុម​ហ៊ុន ​OCIC តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ គឺពុំទាន់បានការដោះស្រាយសំណង​នៅ​ឡើយទេ។

តំណាងពលរដ្ឋរូបនេះបន្តថា ដីនោះជាដីក្រុម​សាមគ្គី ដែល​អាជ្ញាធរ​ចែកឱ្យពលរដ្ឋអាស្រ័យផលជាក្រុមៗតាំងពីឆ្នាំ១៩៨៤មក ហើយ​​បច្ចុប្បន្ននេះ អ្នកភូមិ​មិនអាចចូលទៅ​អាស្រ័យ​​ផល​បានតទៅ​​ទៀត ដោយសារក្រុមហ៊ុនបានកាយប្រឡាយបិទប្រព័ន្ធទឹក ខណៈ​ដី​មួយផ្នែកទៀត ក្រុម​ហ៊ុនបានឈូស​ឆាយអភិវឌ្ឍទៅហើយ។

ករណីនេះ លោកបានទាមទារឱ្យ​អាជ្ញាធរនិង​​ក្រុម​ហ៊ុន​ដោះស្រាយជូនពលរដ្ឋ ក្នុ​ងនោះ​ សំណងដែល​ពលរដ្ឋ​ចង់​បាន គឺ​សុំគិតជា​គោលនយោបាយ ដោយក្នុង១ម៉ែត្រការ៉េ​ តម្លៃ៨ដុល្លារ ហើយថា ប្រសិនបើនៅតែពុំមានដំណោះស្រាយ អ្នកភូមិនឹងនាំគ្នាមកតវ៉ាមុខសាលាឃុំរាល់ថ្ងៃ។

លោក ភោគ ផាន់នី បន្ថែមថា៖ «បើតាមអត់មានដំណោះស្រាយ ពួកគាត់ជួបជុំគ្នាបន្តទៀត។ ការដោះស្រាយកន្លងមកហ្នឹង ចំណេញពីញើស​ឈាមប្រជាពលរដ្ឋនៅក្នុងដែនរដ្ឋបាលរបស់ឃុំអំពៅព្រៃហ្នឹង វាល្មម​គ្រប់​គ្រាន់​ហើយ។ កុំធ្វើបាបពួកគាត់ កុំចង់ចំណេញពីពួកគាត់ដល់ណាទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ដែលគ្រ​ប់គ្រ​ង​ពី​លើ​ដី​ហ្នឹងឬក៏ក្រុមហ៊ុនហ្នឹង។ ឥលូវគាត់នៅសល់ជាង៨០ហិកតាហ្នឹង ពួកគាត់សុំតែការដោះស្រាយតាមគោលការណ៍​ក្រុមហ៊ុនហ្នឹង វាចប់ហើយ! តែ៨ដុល្លារហ្នឹង!​ គាត់ទទួលយកហើយ មិនប្រឆាំងនឹងការអភិវឌ្ឍ ក៏មិនទាមទារទីផ្សារសេរី»

បើតាមតំណាងពលរដ្ឋរូបនេះ អ្នកភូមិបានចាប់ផ្ដើមតវ៉ាមុខសាលាឃុំតាំងពីម៉ោង៨ព្រឹក រហូតមកដល់ម៉ោង១១ព្រឹកថ្ងៃចន្ទ​នេះ ពុំទាន់មានអាជ្ញាធរណាម្នាក់ចេញទៅ​ជួបពលរដ្ឋទេ ខណៈមេឃុំអំពៅព្រៃ លោក នប់ ណាន់ មិនអាចទាក់ទងបាន។

យ៉ាងណា អភិបាលស្រុកកណ្ដាល​ស្ទឹង​​ លោក អ៊ូច សាវឿន ប្រាប់ វីអូឌី កាលពីថ្ងៃទី៣ ខែធ្នូ​ ថានៅ​ក្នុង​ឃុំ​អំពៅព្រៃ ពុំមានដី​សហគមន៍ ឬ​ដីចំណែក​ក្រុម​សាមគ្គី​ទៀតទេ។ លោកថា ដីក្រុម​សាមគ្គីនោះ ត្រូវអាជ្ញាធរវាស់វែងចែក​ជូន​ពលរដ្ឋជា​ឯកជន​អស់​ហើយ​​​តាំង​ពី​ឆ្នាំ​១៩៩០ ហើយ​​អាជ្ញាធរក៏​​​ពុំ​​មាន​​ការ​​ដោះស្រាយ​​សំណង​​​អ្វី​​ជូន​​ពួក​​គាត់​​ទៀត​ឡើយ។

ពាក់ព័ន្ធនឹង​ករណីនេះ មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិ​មនុស្ស​ នៃ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត បានជំរុញទៅឱ្យអាជ្ញាធរពាក់ព័ន្ធចេញមកជួបនិងបកស្រាយជូនពលរដ្ឋឱ្យបានច្បាស់លាស់ជុំវិញបញ្ហាជម្លោះដីធ្លីនេះ រួមទាំងដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋផងដែរ ដើម្បីកុំឱ្យពួកគេបន្តតវ៉ាទៀត។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ប្រសិនរដ្ឋាភិបាលយកដីសាមគ្គី ឬដីសហគមន៍ ដែលធ្លាប់បម្រើផលប្រយោជន៍ពលរដ្ឋទៅអភិវឌ្ឍ វាគួរតែមានការផ្ដល់សំណងណាមួយជូនពលរដ្ឋ។ 

លោកបន្ថែមថា៖ «អាជ្ញាធរពាក់ព័ន្ធមិនត្រូវគិត[យករួច]ខ្លួន មិនត្រូវនៅស្ងៀម ដោយមិនបានពន្យល់ហេតុផលឬក៏បង្ហាញជាឯកសារភស្តុតាងច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋគាត់ដឹងឮ ឬស្ងប់ចិត្តនោះទេ។ អាជ្ញាធរត្រូវតែចេញមក ដើម្បីបកស្រាយឱ្យបានច្បាស់លាស់ជូនពលរដ្ឋ។ បើអាជ្ញាធរមិនចេញមកជួប​ មិនចេញមកបកស្រាយជូនពលរដ្ឋឱ្យបានច្បាស់ទេ អាហ្នឹងបង្ហាញឱ្យឃើញថា អាជ្ញាធរទាំងនោះមិនបានអនុវត្តតួនាទីរបស់គាត់ដែលជាអាជ្ញាធរនៅឃុំសង្កាត់នោះទេ»

កាលពីខែកក្កដា ឆ្នាំ​២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់​ដោយបញ្ជាក់​ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹង​ខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លាន​ម៉ែត្រ​​ការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ