មន្ត្រី​ប្រាប់​ទៅ​អ្នក​ទន្ទ្រាន​យក​ដី​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ដក​ខ្លួន​ចេញ​និង​ព្រមាន​ចាត់​វិធានការ​ច្បាប់

ច្រកចូលឧទ្យានជាតិ​ព្រះមុនីវង្ស​«បូកគោ» ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ (ឌិត សុខ​ធី​)

មន្ទីរបរិស្ថានខេត្តកំពត ប្រាប់ដល់អ្នក​ទន្ទ្រានកាន់​កាប់​ដី​ឧទ្យាន​​ជាតិ​​ព្រះមុ​នីវង្ស​បូកគោ​ បញ្ឈប់​សកម្ម​ភាព​​ជា​បន្ទាន់​ និង​បា​ន​ព្រមានចាត់វិធានការច្បាប់តឹងរ៉ឹង ប្រសិនបើអ្នកទាំងនោះមិនព្រមអនុវត្តតាម។

កាលពីថ្ងៃទី៦​ ខែធ្នូនេះ មន្ទីរបរិស្ថានខេត្តកំពត បានចេញសេចក្ដីជូនដំណឹងមួយដល់បុគ្គលដែលបានកាប់គាស់ ឈូសឆាយដីព្រៃ សង់រោង ធ្វើកញ្ចុះ ដាំដំណាំ ឬហ៊ុមព័ទ្ធយកដីព្រៃក្នុង«ឧទ្យានជាតិព្រះមុនីវង្សបូកគោ»ធ្វើជា​កម្ម​សិទ្ធិ ត្រូវរុះរើនិងដកចេញដោយខ្លួនឯង ដោយ​ដាក់កំហិត​ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងសេចក្ដីជូនដំណឹងដដែលនេះ ក៏បានព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងផងដែរ ប្រសិនបើអ្នករំលោភយកដីព្រៃក្នុងឧទ្យានជាតិមួយនេះមិនអនុវត្តតាម។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក អេង ប៉ូឡូ មិនអាចបញ្ជាក់បាន​ថាមានពលរដ្ឋចំនួនប៉ុន្មានគ្រួសារនិងដីទំហំប៉ុន្មានដែលត្រូវរំលោភយកនោះទេ ដោយគ្រាន់តែថា​មានចំនួនច្រើនគ្រួសារនិងច្រើនហិកតា។

លោកបន្ថែមថា៖ «ករណីពួកគាត់មិនរុះរើ​ យើងនឹងចាត់វិធានការបន្តទៀត ពីព្រោះវាមានការរំលោភបំពានដីព្រៃច្រើន។ អ៊ីចឹង​បើពួកគាត់ចូលរួមរុះរើ វាជាការល្អប្រសើរ»

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកំពត លោក ប៉ែន វុទ្ធា បានសាទរចំពោះវិធានការរបស់មន្ទីរបរិស្ថានខេត្តកំពតនេះ ប៉ុន្តែលោកស្នើឱ្យការអនុវត្តច្បាប់នោះមានភាពស្មើគ្នារវាងពលរដ្ឋក្រីក្រ និងអ្នកមានលុយមានអំណាច។

មន្ត្រីសិទ្ធិមនុស្សរូបនេះឱ្យដឹងថា នៅខេត្តកំពតមានការរំលោភបំពាន​យកដី​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​ធ្វើ​ជាកម្ម​សិទ្ធិជាច្រើនករណី ជាពិសេសអ្នកមានលុយមានអំណាច ខណៈពលរដ្ឋក្រីក្រមានចំនួនតិចតួចប៉ុណ្ណោះ។

លោកបន្ថែមថា៖ «នៅខាងខេត្តកំពតនេះ យើងមើលឃើញថា នៅតំបន់កៀកជើងភ្នំឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ ភាគច្រើនមានការរំលោភបំពាន ជាពិសេសកើតចេញពីអ្នកមានលុយមានអំណាចបានប្រើប្រាស់ប្រជាពលរដ្ឋទៅទន្ទ្រាន និងព្យាយាមទៅកាន់កាប់ដាំដំណាំធ្វើខ្ទមនៅលើទីតាំងដីនេះ​ជាច្រើន​ហិក​តា ​នេះបើតាមយើងមើលឃើញ។ អ៊ីចឹង​បើក្នុងករណីអាជ្ញាធរខេត្តកំពតធ្វើការអនុវត្តច្បាប់ ត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា កុំឱ្យអនុវត្តច្បាប់ទៅលើតែពលរដ្ឋក្រីក្រ និងអ្នកមានលុយមានអំណាចរួចផុតពីសំណាញ់ច្បាប់នោះ»

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មាន​ផ្ទៃដី​ទំហំ​ជាង១៥​ម៉ឺន​ហិកតា (១៥៤ ៤៥៨​​ហិកតា) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ។

មាត្រា​៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានចែងថា ការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយ​ដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ដល់១០ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ ១៥០លានរៀល និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ។

ចំណែកមាត្រា៦៤ នៃច្បាប់ដដែលនេះចែងថា បើមន្ត្រីរដ្ឋបាលការពារ មន្ត្រីអភិរក្សធម្មជាតិ ភ្នាក់ងារអធិការកិច្ច ឬមន្ត្រីបរិស្ថានរូបណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពទៅតាមបទប្បញ្ញត្តិនៃ​ច្បាប់​នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និងត្រូវចោទប្រកាន់ចំពោះមុខតុលាការ។ មាត្រា​ដដែលបន្ត​ថា បើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ពួក​គេ​ក៏ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ