ក្រសួង​ទេសចរណ៍​ស្នើ​ផ្អាក​អាជីវកម្ម​សេវា​កម្សាន្ត​និង​គ្រឿងស្រវឹង​ក្នុង​ថ្ងៃ​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្ដេច​ក្រុមព្រះ

ព្រះសពរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានយាងដង្ហែតាមព្រះទីនាំងយន្តហោះពិសេសពីប្រទេសបារាំង មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុយ ឧស្សាហ៍)

ក្រសួង​ទេសចរណ៍​ បានសម្រេច​ផ្អាក​អាជីវកម្មសេវាកម្សាន្ត​មួយចំនួននិងអាជីវកម្មគ្រឿង​ស្រវឹងមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃកាន់​ទុក្ខឬគោរពព្រះវិញ្ញាណក្ខន្ធផ្លូវ​ការ​​ព្រះសពសម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ។

ក្រសួង​ទេ​សចរណ៍កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ បាន​ចេញសារាចរណែនាំ​​​ដល់​ម្ចាស់​ឬ​អ្នក​គ្រងគ្រងអាជីវ​​កម្ម​ខារ៉ាអូខេ (KTV) ក្លឹប​កម្សាន្ត រង្គសាល-ឌីស្កូតែក និង​បៀរហ្កាឌិន នៅទូទាំង​រាជធានី-ខេត្ត ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​ចំនួន១ថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ បន្ថែមពីនេះ​ ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្ម​ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍​ ត្រូវ​ផ្អាក​សកម្មភាព​លក់​គ្រឿង​ស្រវឹងផងដែរ។

សារាចរណែនាំដដែលបន្តថា ដោយឡែក សម្រាប់ប្រធាន​មន្ទីរទេសចរណ៍រាជធានី​ខេត្ត ត្រូវ​ចុះផ្សព្វ​ផ្សាយនិង​អប់រំ​ណែនាំ​ដល់​ម្ចាស់ឬអ្នកគ្រប់គ្រង​អាជីវកម្មសេវា​កម្មទេសចរណ៍​ទាំងនេះ ​ឱ្យ​អនុវត្តការ​ផ្អាកអាជីវកម្ម​តាម​សារាចរ​ណែនាំនេះឱ្យមាន​ប្រសិទ្ធភាពនិង​ការ​ទទួលខុសត្រូវ។

សម្ដេចក្រុមព្រះបាន​យាងចូល​ទិវង្គតកាលពីថ្ងៃអាទិត្យ ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវ​នឹង​ម៉ោង​៣និង៤០នាទីរសៀល ម៉ោងនៅ​កម្ពុជា ដោយព្រះ​រោគាពាធ ក្នុងព្រះជន្មាយុ៧៧វស្សា។

​កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញសារាចរ​ប្រកាស​យក​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជា​ថ្ងៃកាន់​ព្រះមរណទុក្ខ​ផ្លូវការ​នៅ​ទូទាំង​ប្រទេស ដើម្បី​ជា​កិច្ចថ្វាយ​តប​នូវ​ព្រះគុណូបក្ការៈដ៏​ធំធេងរបស់សម្ដេចក្រុម​ព្រះ នរោត្ដម រណឫទ្ធិ។

សារាចរដដែលក៏បាន​បង្គាប់​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ-ឯកជន​ទាំងអស់ និង​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ គ្រប់​ទីវត្តអារាម ព្រមទាំង​ប្រជាជន​ទូទាំងប្រទេស ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់​កណ្ដាល​ដង។ បន្ថែមពីនេះ គ្រប់​ស្ថានីយវិទ្យុនិង​ទូរទស្សន៍​ជាតិនិង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការ​សម្ដែងនិង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗដែល​មាន​លក្ខណៈសប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ