អត្ថបទទស្សនៈ៖ គោលនយោបាយសហការសេដ្ឋកិច្ចរបស់អាមេរិកជាមួយចិននិងផលបច្ច័យ

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីអំឡុងឆ្នាំ២០១១។ (mfa.gov.cn)

ទំនាក់ទំនងចិននិងអាមេរិកក្នុងសតវត្សរ៍ទី២១ គឺជាប្រធានបទក្ដៅសម្រាប់អ្នកសិក្សា អ្នកធ្វើគោលនយោបាយបានធ្វើការជជែកវែកញែកនិងវិភាគ។ ចាប់តាំងពីឆ្នាំ១៩៤៩មក ទំនាក់ទំនងចិននិងសហរដ្ឋ​អាមេរិកបានប្រែប្រួលពីការប្រឈមមុខគ្នា ទៅជាការចូលរួមសហការ និងបញ្ច្រាសមកវិញ។

អ្វីដែលគួរឱ្យកត់សម្គាល់ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ គឺការផ្លាស់ប្ដូរយុទ្ធសាស្ត្រព្រនង់ធំរបស់សហរដ្ឋអាមេរិកពីគោលនយោបាយទប់ស្កាត់ពីឆ្នាំ១៩៤៩-១៩៦៩ ទៅជាគោលនយោបាយចុះសម្រុងគ្នានៅឆ្នាំ១៩៦៩-១៩៨៩។  ការចូលរួមនិងការការពារនៅក្រោមរដ្ឋបាល ប៊ីល គ្លីនតុន និងលោក បារ៉ាក់ អូបាម៉ា និងគោលនយោបាយទប់ស្កាត់ (containment policy) នៅក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និង ចូ បៃឌិន

អត្ថបទនេះនឹងវិភាគពីនយោបាយសហការសេដ្ឋកិច្ចរបស់អាមេរិកដែលជាបច្ច័យនាំដល់ការរះត្រដែតឡើងរបស់ចិន និងគំរាមកំហែងដល់ផលប្រយោជន៍និងសណ្ដាប់ធ្នាប់សេរីរបស់អាមេរិក។

ប្រទេស​ចិន​ក្លាយជាដៃគូប្រជែងអំណាចនិងភាពជាអ្នកដឹកនាំពិភពលោករបស់អាមេរិកដែលមិនធ្លាប់មានពីមុនមក ដោយសារតែចំនួនច្រើនលើសលប់នៃពលរដ្ឋចិន និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ​កន្លងមក។ ជាការពិត ប្រទេសចិនមាន​ប្រជាជន​ជិត​ប្រាំ​ដង​ច្រើន​ជាង​សហរដ្ឋអាមេរិក​ ហើយមេដឹកនាំបានទទួលយកការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងបានរុញច្រានប្រទេសចិនឱ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ និងជាប្រទេសដែលមានអ្នកមានជាងគេច្រើនជាងសហរដ្ឋអាមេរិកក្នុងចុងឆ្នាំ២០២១នេះ។

គេមិនអាចបដិសេធបានឡើយចំពោះបរិមាណនៃចំនួនប្រជាជននិងទ្រព្យសម្បត្តិបានកសាងកំផែងអំណាចយោធាសម្រាប់ចិន ដែលបើកលទ្ធភាពពិតប្រាកដឱ្យប្រទេសចិនកាន់តែខ្លាំងក្លានៅក្នុងទសវត្សរ៍ខាងមុខ។ នៅពេលដែល​ប្រទេសចិនមានអំណាច ចិននឹងប្រកួតប្រជែងតួនាទីដឹកនាំពិភពលោកពីសហរដ្ឋអាមេរិកតាមមាគ៌ារបស់ខ្លួន។

ការសម្រេចបានសមិទ្ធផលទាំងនេះ ជាចំណែកមិនអាចបដិសេធបាននៃនយោបាយសហការជាមួយចិនរបស់អាមេរិកក្នុងក្ដីរំពឹងថា ចិននឹងក្លាយជាប្រទេសប្រជាប្រជាធិបតេយ្យ ទ្រទ្រង់សណ្ដាប់ធ្នាប់សេរី (liberal order) ដែលអាមេរិកខិតខំបង្កើតនិងការពារចាប់តាំងពីការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២។ នយោបាយវិទូអាមេរិក លោក ចន មៀរស្ហេម័រ (John Mearsheimer) បានអះអាងថា ទាំង​រដ្ឋបាល​​ ​ប្រជាធិបតេយ្យនិង​សាធារណរដ្ឋ​បាន​បន្ត​គោលនយោបាយ​នៃ​ការ​ចូលរួម ​ដែល​បាន​ព្យាយាម​ជួយ​ប្រទេស​ចិន​ឱ្យ​រីកចម្រើន​កាន់តែ​មានឡើងៗ​ ដោយសារទីក្រុងវ៉ាស៊ីនតោនបានជំរុញការវិនិយោគនៅក្នុងប្រទេសចិន និងបានស្វាគមន៍ប្រទេសនេះចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកលលោក ដោយគិតថា ប្រទេសចិននឹងក្លាយទៅជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដែលស្រឡាញ់សន្តិភាព និងជាអ្នកពាក់ព័ន្ធដែលមានទំនួលខុសត្រូវនៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិសេរីដែលដឹកនាំដោយសហរដ្ឋ​​អាមេរិក។

លើសពីនេះ នៅក្នុងសៀវភៅមានចំណងជើងថា «ខ្លាលាក់ក្រចក៖​អ្វី ​ដែល​យោធា​និយម​ចិន​មានន័យ​សម្រាប់​ពិភពលោក» លោក ភីធ័រ ណាវ៉ារ៉ូ (Peter Navarro) អះអាងថា នយោបាយសហការសេដ្ឋកិច្ចជាមួយចិនមិនត្រឹមតែធ្វើឱ្យបក្សកុម្មុយនីស្តចិនបន្តក្ដោបក្ដាប់អំណាចផ្ដាច់ការកាន់តែរឹតបន្តឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកំពុងផ្ដល់ឱ្យប្រទេសចិននូវម៉ាស៊ីនសេដ្ឋកិច្ចដែលមានថាមពល ដើម្បីជំរុញការបង្កើតអំណាចយោធារបស់ចិនថែមទៀត។

លោក ភីធ័រ បានបន្ថែមទៀតថា គោលជំហរអតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន ដែលចូលចិត្តទស្សនវិស័យឧត្ដមគតិនៃការចូលរួម បានពុះបំបែកអំណាចអាមេរិកដោយសារការអនុញ្ញាតឱ្យចិនចូលរួមនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជំរុញឱ្យមានការបិទរោងចក្រអាមេរិកចំនួនប្រាំពីរម៉ឺន។ បន្ថែមពីនេះ បានធ្វើឱ្យចំនួនអ្នកគ្មានការងារធ្វើកើនដល់ជាង២៥លាននាក់ ហើយឱនភាពពាណិជ្ជកម្មដ៏ធំរបស់អាមេរិកនឹងឡើងដល់ជាង៣០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យអាមេរិកជំពាក់ចិនរហូតដល់លើសពី១ទ្រីលាន ឬច្រើនជាង១ពាន់ពាន់លានដុល្លារ។

ស្រដៀងគ្នាដែរ នៅក្នុងសៀវភៅដែលមានចំណងជើងថា «នៅពេលដែលចិនគ្រប់គ្រងពិភពលោក៖ ចុងបញ្ចប់នៃពិភពលោកខាងលិច និងកំណើតនៃសណ្តាប់ធ្នាប់ពិភពលោកថ្មី»  លោក ម៉ាទីន ហ្សាក់ស៍ (Martin Jacques) ក៏បានលើកឡើងថា គោលនយោបាយនៃការចូលរួមជាមួយប្រទេសចិន ដោយសង្ឃឹមថា ប្រទេសកុម្មុយនីស្តនេះនឹងក្លាយជាសង្គមលោកសេរីទំនើបដូចលោកខាងលិច ជាកំហុសក្នុងការមើលស្រាលនូវអ្វីដែលការរះត្រដែតឡើងរបស់ប្រទេសប្រទេសចិនតំណាងឱ្យ។

សាស្ត្រាចារ្យនយោបាយដ៏លេចធ្លោ លោក ចន មៀរស្ហេម័រ លើកឡើងថា ការចូលរួមសហការជាមួយចិនជាកំហុសយុទ្ធសាស្ត្រដ៏អាក្រក់បំផុតដែលសហរដ្ឋអាមេរិបានធ្វើក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ពីព្រោះអាមេរិកបានជួយប្រទេសចិនក្លាយជាដៃគូប្រកួតប្រជែងស្មើខ្លួន (peer ​competitor)។ លោកបន្តអះអាងថា ចិន​នឹង​ប្រើប្រាស់អំណាច​យោធា​ដើម្បី​បន្ត​អនុត្តរភាព​នៅ​អាស៊ី និងពង្រីក​អំណាច​ទៅកាន់​តំបន់​ផ្សេងទៀត​នៃ​ពិភពលោក។

ជារួម នយោបាយសហការសេដ្ឋកិច្ច (economic engagement) ជាមួយចិនរបស់សហរដ្ឋអាមេរិក គឺជាកត្តាជំរុញការរះឡើងយ៉ាងលឿនរហ័សរបស់ចិនជាមហាអំណាចពិភពលោក ដែលកំពុងប្រជែងផលប្រយោជន៍និងតួនាទីដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។

សំណួរថាតើចិនអាចជំនួសសហរដ្ឋអាមេរិកជាមហាអំណាចផុតលេខឬយ៉ាងណា? ចម្លើយគឺមានតែពេលវេលានាពេលអនាគតប៉ុណ្ណោះដែល​នឹងអាចបញ្ជាក់បាន៕

រៀបរៀងដោយ៖ បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា ខ្លឹមសារនៃអត្ថបទមិនឆ្លុះបញ្ចាំងពីទស្សនៈឬគោលជំហររបស់វីអូឌីឡើយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ