មន្រ្តីអូស្ត្រាលី និងអាមេរិក សម្រេច​មិន​ចូលរួម​កីឡា​អូឡាំពិក​ក្នុង​ប្រទេសចិន

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានាធិបតីអាមេរិក Joe Biden ក្នុងកិច្ចពិភាក្សាមួយកាលពីខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Scott Morrison (ScoMo))

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានថ្លែងឱ្យដឹងនៅថ្ងៃពុធនេះថា មន្ត្រីរដ្ឋាភិបាលរបស់ខ្លួននឹងមិនទៅចូលរួមកីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែលប្រារព្ធឡើងនៅឆ្នាំក្រោយនោះទេ ដែលជាការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡាដ៏ធំ​មួយនេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដី លោក Scott Morrison ដែលបានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយសារតែរដ្ឋាភិបាលចិនមិនទាន់បានធ្វើកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលបានលើកឡើងដោយអូស្ត្រាលី រួមទាំងបញ្ហារំលោភសិទ្ធិមនុស្សផងដែរ។

នាយករដ្ឋមន្រ្តីអូស្ត្រាលី បន្ថែមថា៖ «ដូច្នេះ វាមិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលមន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនឹងមិនទៅចូលរួមក្នុង​ព្រឹត្តិការណ៍​កីឡាមួយនេះ»។

ទោះជាយ៉ាងណា អត្តពលិកអូស្ត្រាលីនានានឹងចូលរួមក្នុងការប្រកួតកីឡាមួយនេះ បើទោះបីជាគ្មានវត្តមានមន្រ្តីប្រទេសរបស់ខ្លួនចូលរួមក៏ដោយ។

គួរបញ្ជាក់ថា សេតវិមាន កាលពីថ្ងៃចន្ទកន្លងទៅ បានប្រកាសថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងធ្វើ​ពហិកា​រ​មិន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិកនៅ​​រដូវ​រងា​មួយនេះ ដោយពួកគេលើកឡើង​ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ