ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ប្រមូលផ្ដុំ​មុខ​សាលាដំបូង​ខេត្តកោះកុង ខណៈ​តំណាង​២នាក់​ចូល​សវនាការ​នៅថ្ងៃនេះ

ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងជាង៣០០នាក់ បានប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រតំណាងខ្លួនចូលបំភ្លឺនៅតុលាការ លើសំណុំរឿងអ្នកស្រី ឆាយ វី លួចលក់ដីសហគមន៍។ (ផ្ដល់ឱ្យ)

ពលរដ្ឋរាប់រយនាក់មកពី​៧សហគមន៍​ក្នុង​ស្រុកចំនួន២នៃខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃពុធនេះ ខណៈ​តុលាការ​​​កោះ​ហៅ​តំណាង​​ពលរដ្ឋ២នាក់ឱ្យចូលបំភ្លឺ។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងពលរដ្ឋ២នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង និង​អ្នកស្រី សេង លីន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភិរម្យ កោះហៅឱ្យចូលសវនាការ ដើម្បីឆ្លើយដោះសារ​ពីការចោទប្រកាន់ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹក​វរដល់សន្តិសុខ​សង្គម និងបរិហារកេរ្តិ៍ជាសាធារណៈ» នៅរសៀលថ្ងៃទី៨ ខែធ្នូនេះ ទៅតាមបណ្ដឹងរបស់អ្នកស្រី ឆាយ វី ដែលជាអតីតតំណាងពលរដ្ឋដូចគ្នា។

អ្នកស្រី ដេត ហួរ ដែលអះអាងថាជាតំណាងពលរដ្ឋ១៩៧​គ្រួសារ និង​ចូល​រួម​ការ​ប្រមូល​ផ្ដុំដែរ​នោះ បាន​ប្រាប់ ​វីអូឌី ​ថាប្រជាពលរដ្ឋជាង៦០០នាក់មកពីសហគមន៍ចំនួន៧ ស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង នៅថ្ងៃនេះ ដើម្បីគាំទ្រតំណាងពលរដ្ឋទាំង២នាក់នោះ។

អ្នកស្រី​បន្តថា តំណាងពលរដ្ឋទាំង២នាក់ពុំបានធ្វើអ្វីខុសនោះទេ ប៉ុន្តែត្រូវបានតុលាការចោទប្រកាន់យ៉ាងអយុត្តិធម៌ទៅវិញ។

អ្នកស្រីបន្ថែមថា៖ «យើង! ពួកយើងបានដឹងយ៉ាងច្បាស់ថា ពួកគាត់ទាំង២នាក់មិនបានធ្វើខុសទេ អ៊ីចឹងហើយ​ពួក​យើងមកឃ្លាំ​មើល​ពួកគាត់ ថាតើតុលាការសាលាដំបូងខេត្តកោះ​កុងនេះ គាត់​​កាត់​ក្ដី​ដោយយុត្តិធម៌ទេ កាត់ក្ដីលម្អៀងដែរទេ! អ៊ីចឹងពួកខ្ញុំត្រូវមកគាំទ្រគាត់»

បើតាមអ្នកស្រី ដេត ហួរ ខណៈពេល​ដែល​ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំគ្នា​តវ៉ានេះ ខាង​សមត្ថកិច្ចក៏​បានរាយកម្លាំងប្រហែល១០០នាក់នៅ​ចាំឃ្លាំមើល និង​ហាម​ពលរដ្ឋឈរប្រមូលផ្ដុំក្បែររបងតុលាការថែមទៀត។

អតីតតំណាងពលរដ្ឋ អ្នកស្រី ឆាយ វី​ ធ្លាប់ប្រាប់ វីអូឌី ថាអ្នកស្រីប្ដឹងតំណាងពលរដ្ឋទាំង២នាក់នោះ ទៅតុលាការ ដោយសារពួកគេបានចោទអ្នកស្រីថា គប់គិតគ្នាលួចលក់ដីសហគមន៍ទៅឱ្យឧកញ៉ានៅខេត្តកោះ​កុង ទាំងដែលអ្នកស្រីមិនបានធ្វើដូចការចោទប្រកាន់។ អ្នកស្រីបន្តថា ការចោទប្រកាន់របស់តំណាងពលរដ្ឋទាំង២នាក់នោះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកស្រី ហើយអ្នកស្រីក៏សុំឱ្យតំណាងពលរដ្ឋ២នាក់នោះបង្ហាញភស្តុតាងផងដែរ។

ប៉ុន្តែពលរដ្ឋម្នាក់ កញ្ញា ប៊ុន លាង មកពីសហគមន៍១៧៥គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល និយាយថា អ្នកស្រី ឆាយ វី ដែលជាដើមបណ្ដឹង បានគប់គិតគ្នាលួចលក់ដីរដ្ឋដែលនៅសេសសល់ពីការចែកជូនពលរដ្ឋ​ទៅឱ្យឧកញ៉ាពិតមែន។

កញ្ញាបន្ថែម​ថា៖ «យើងគាំទ្រពួកគាត់ [អ្នកផាវ ញ៉ើង និងអ្នកស្រី សេង លីន] ដោយសារពួកគាត់ជាមនុស្សស្អាតស្អំ។ ផ្ទុយទៅវិញ អ្នកដែលប្ដឹងពួកគាត់នេះ គឺគេបានលួចលក់ដីជាច្រើនហិកតា ប៉ុន្តែមិនត្រូវបានតុលាការ​ចាត់វិធានការនោះទេ»

ពាក់ព័ន្ធសំណុំរឿងនេះ មន្ត្រីអង្គស៊ីវិលប្រចាំខេត្តកោះកុង ជំរុញដល់តុលាការឱ្យចុះស៊ើបអង្កេតស្រាវជ្រាវ និង​ធ្វើការដោយឈរលើគោលការណ៍ឯករាជ្យ​ តម្លាភាព ដើម្បីផ្ដល់យុត្តិធម៌ដល់ភាគីទាំងសងខាង។

កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមពលរដ្ឋ១៧៥គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានប្ដឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយចោទប្រកាន់អ្នកស្រី ឆាយ វី អតីតតំណាងពួកគេថាបាន «ញុះញង់ឱ្យប្រជាពលរដ្ឋលក់ដីសេសសល់បម្រុងទុករបស់សហគមន៍ទៅឱ្យឧកញ៉ានៅខេត្តកោះកុង» ប៉ុន្តែត្រូវបានអ្នកស្រី ឆាយ វី ច្រានចោល និងប្ដឹងបកទៅតុលាការវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ