របបយោធា​មីយ៉ាន់ម៉ា ថា​ការ​កាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី ជា​រឿង​ត្រឹមត្រូវ​តាមច្បាប់

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។ (UN Photo/Rick Bajornas)

មន្ត្រីរបបយោធាមីយ៉ាន់ម៉ាជាន់ខ្ពស់មួយរូប បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ការ​ជាប់ពន្ធនា​គារ​របស់​អតីតមេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញឱ្យ​ឃើញ​​ថា​ គ្មាននរណាម្នាក់អាច​គេច​ចេញពីសំណាញ់ច្បាប់ឡើយ។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ បច្ចុប្បន្នរងការចោទប្រកាន់មួយចំនួន រួមមាន ការ​នាំ​ចូល​អាយ​កូម​​ដោយ​​ខុស​ច្បាប់ បទ​រំលោភ​វិធានការ​ទប់​ស្កាត់​វិបត្តិ​កូវីដ-​១៩ បទទទួល​សំណូក ​​​រំលោភ​ការ​សម្ងាត់​រដ្ឋ បទចោទទាក់ទងនឹងការក្លែងបន្លំការបោះឆ្នោត និងបទចោទធ្ងន់ធ្ងរមួយចំនួនទៀត។

ទោះជាយ៉ាងណា បទចោទទាំងអស់នេះត្រូវបានច្រានចោលដោយលោកស្រី។

ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​របប​យោធា​មីយ៉ាន់ម៉ា ​លោក Maung Maung Ohn បាន​ថ្លែងឱ្យដឹងកាលពីថ្ងៃអង្គារថា៖ «គ្មាននរណាម្នាក់អាចរួចផុតពីសំណាញ់ច្បាប់នោះទេ»។

មន្រ្តីជាន់ខ្ពស់រូបនេះក៏បានបន្ថែមដែរថា ប្រព័ន្ធតុលាការ​របស់មីយ៉ាន់ម៉ា គឺមិនមាន​ភាព​លម្អៀង​នោះទេ​។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងត្រៀមរៀបចំដំណើរការសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្ត​ទៅនៅមុនខែ​សីហា ឆ្នាំ២០២៣ ប៉ុន្តែមិនមានការបញ្ជាក់ណាមួយថាតើ «គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD)» របស់លោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងដែរឬយ៉ាងណានោះទេ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបាន​ដណ្ដើម​យក​អំណាច​មក​គ្រប់គ្រង​ កាលពីថ្ងៃ​ទី​១ ខែកុម្ភៈ និង​បាន​ផ្ដួល​រំលំរដ្ឋាភិបាល​ជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែល​បង្កឱ្យ​មានជាបាតុកម្មកើតឡើងជាញឹកញាប់​នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលជាង១ ០០០នាក់ក៏ត្រូវបានសម្លាប់ក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ