លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានចេញលិខិតមួយដោយបញ្ជាក់ពីជំហរថា លោកនឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
នៅក្នុងលិខិតផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី០៧ ខែធ្នូ ម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលមានតួនាទីជាអនុប្រធានគណបក្សផងនោះ បានបញ្ជាក់ថា លោកតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។ ដូចគ្នាអីចឹងដែរ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត លោកក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានផងដែរ។
ការចេញមកគូសបញ្ជាក់ពីជំហររបស់ លោក ស ខេង នៅពេលនេះ គឺបន្ទាប់ពីអ្នកគាំទ្រគណបក្សកាន់អំណាចមិនថា ជាលក្ខណៈបុគ្គល ឬស្ថាប័ននោះទេ បានចេញញត្តិគាំទ្រ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពជានាយករដ្ឋមន្ត្រីថ្មីផ្សេងទៀត របស់គណបក្សប្រជាជនកម្ពុជានៅពេលអនាគត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីខេត្តព្រៃវែង កាលពីថ្ងៃទី៦ ខែធ្នូថា លោកក៏នឹងមិនគាំទ្រកូនប្រុសរបស់លោកជាបេក្ខជននាយករដ្ឋមន្ត្រីដែរ ប្រសិនបើកូនប្រុសច្បងរបស់លោក បានប្រព្រឹត្តកំហុសអ្វីមួយដែលនាំឱ្យប្រជាប្រិយភាពរបស់គណបក្សធ្លាក់ចុះ។
លោកមានប្រសាសន៍ថា៖ «គំនិតរបស់ខ្ញុំ ខ្ញុំបានត្រៀមបេក្ខជនរហូតដល់ ៤ ទោះបីប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញសារ អ្នកដែលខ្ញុំដៅជាបេក្ខជន ដែលមិនចេញស្តីនោះ ក៏បានចេញសារ គាំទ្រហ៊ុន ម៉ា ណែត ហើយក៏ដោយ ក៏ប៉ុន្តែអ្នកនោះ នៅតែជាគោលដៅនៃការបម្រុងទុក ករណី ហ៊ុន សែន អត់ស្លាប់ទេ តែ ហ៊ុន ម៉ាណែត កសាងកំហុសអ្វីមួយ ខ្ញុំមិនអាចបន្តគាំទ្រកូនរបស់ខ្ញុំ ក្នុងពេលដែលគេប្រព្រឹត្តទៅនូវកំហុសដែលធ្វើបក្សបាត់បង់ប្រជាប្រិយភាពនោះទេ អត់ទេ ហ្នឹងនិយាយឱ្យច្បាស់ត្រង់នៅកន្លែងហ្នឹង»។
លោកបន្តថា៖ «ប៉ុន្តែ ដោយសារការញុះញង់ម្តងហើយម្តងទៀត ហើយជាពិសេសនៅជុំវិញ ស ខេង ហ៊ុន សែន ស ខេង ហ៊ុន សែន ហើយមានអាចង្រៃមួយណានោះ សុទ្ធតែ ស ខេង ហ្នឹងផ្កាយសំណាង ហ៊ុន សែន ផ្កាយគ្រោះ អាហ្នឹងដូចមកហ្នឹង លោកស្អីម៉ាអង្គនោះ អាហ្នុងមេគណតាសន [] យកទៅផ្សឹកបាត់ ស្អីអាហ្នឹងបំបែកបំបាក់ស្អី សុទ្ធតែតាមហ្វេសបុកឡាយទៀត»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សារី បានចាត់ទុកការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីថ្មី ក្នុងគណបក្សកាន់អំណាចថាជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ ប៉ុន្តែលោកបានរិះគន់ចំពោះការចេញសារគាំទ្ររបស់មន្ត្រីរាជការមួយចំនួន ដែលបានដើរហួសពីព្រំដែនរបស់ខ្លួន។
លោកបន្ថែមថា៖ «រឿងដែលកើតឡើងពីខាងក្រោយ ព្រឹត្តិការណ៍នៃការតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តី សម្តេច ស ខេង ចេញលិខិតក្រោយនេះ មានការអត្ថាធិប្បាយច្រើនណាស់ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំពិតជាមិនដឹងថា វាមានអ្វីនៅពីខាងក្រោយហ្នុងមែនតែបើយោងតាមការអត្ថាធិប្បាយរបស់មហាជនមួយចំនួនថា បង្ហាញពីការបែកបាក់ផ្ទៃក្នុងជាដើមហ្នឹង ខ្ញុំមិនហ៊ាននៅក្នុងការសន្និដ្ឋានទេ រឿងលិខិតគាំទ្រអ្វីផ្សេងៗហ្នឹង វាបង្ហាញច្បាស់ណាស់ថា មន្រ្តីរាជការមួយចំនួន ជាពិសេសប្រធានស្ថាប័នធំហ្នឹង គឺទី១ ក្នុងនាមជាមន្រ្តីរាជការ វាត្រូវតែមានការគាំទ្រទៅដល់រដ្ឋាភិបាលហើយ ក៏ប៉ុន្តែបើឈានទៅដល់ការគាំទ្រ កិច្ចការងារឬក៏ការសម្រេចចិត្តបក្សទៀតហ្នឹងវាអាចដើរហួសពីដែន ដែលមន្រ្តីរាជការដែលអាចធ្វើបានហើយបាទ»៕









