សាច់ញាតិ​កុមារី​រងគ្រោះ​ដោយ​រំលោភ​សម្លាប់​នៅ​ខេត្តកំពង់ចាម​រង​ការ​គំរាម​មិន​ឱ្យ​ផ្សព្វផ្សាយ​ដំណឹង​នេះ

សមត្ថកិច្ចពិនិត្យសាកសពកុមារី ហ្វាឡា ហ៊ីយ៉ះ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សាច់ញាតិកុមារីអាយុ១៤ឆ្នាំ នៅខេត្តកំពង់ចាម ​ដែលរងគ្រោះដោយការរំលោភសម្លាប់ អះអាងថា រយៈពេលជាង២ខែហើយ សមត្ថកិច្ចនៅមិនទាន់រកឃាតករឃើញនៅឡើយ ខណៈពួកគាត់ផ្សព្វផ្សាយបញ្ហានេះលើហ្វេសប៊ុកដើម្បីទាមទារយុត្តិធម៌ ប៉ុន្តែត្រូវបាន​មន្ត្រីថ្នាក់ខេត្តគំរាមមិនឱ្យផ្សព្វផ្សាយទៅវិញ។​

ឪពុកក្មេងស្រីរងគ្រោះ លោក សុះ អូស្មាន អាយុ៤៩ឆ្នាំ បានឱ្យដឹងថា ករណីឃាតកម្មរំលោភសម្លាប់កូនស្រីរបស់គាត់នោះបានកើតឡើង​ជាង២ខែមកហើយ ដោយសមត្ថកិច្ចមិនទាន់ចាប់ឃាតករយកមកផ្ដន្ទាទោសបាននៅឡើយទេ។ លោកថា កូនស្រីរបស់លោកដែលបានស្លាប់ គឺជាសិស្សរៀនថ្នាក់ទី​៤​ មាន​អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិទី១៣ក្រោម ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកបន្តថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខេត្តបានដឹករូបលោកជាឪពុកនិងសាច់ញាតិមួយចំនួនទៀតយកទៅសាកសួរ។ លោកថា នៅលើរថយន្ត​ សមត្ថកិច្ចដែលលោកមិនស្គាល់ឈ្មោះបានប្រាប់ថា កុំឱ្យនិយាយរឿងនេះប្រាប់អ្នកព័ត៌មានឬផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម។​​

លោក សុះ អូស្មាន៖ «ប៉ូលិសថារឿងហ្នឹងបើបែកការដល់លើ គេថាគេចាប់ខ្ញុំហើយ! មិនបាច់ដល់លើទេ សំណុំរឿងហ្នឹងគេថាអ៊ីចឹង»។

លោកបានបង្ហាញក្ដីបារម្ភពី​សុវត្ថិភាពក្រុមគ្រួសារ និងមានអារម្មណ៍ឈឺចាប់ នៅពេល​ឃាតករមិនទាន់រកឃើញ ខណៈអាជ្ញាធរហាមមិនឱ្យពួកគាត់និយាយអំពីរឿងនេះ។​

លោក សុះ អូស្មាន៖ «ឈឺចាប់មែនទែន! ឈឺចាប់មិនដឹងជានិយាយថាម៉េចទេ ដេកអត់លក់ទេ ជាង២ខែហើយ។ រង់ចាំឃាតករហ្នឹង វាអត់ឃើញ មិនដឹងម៉េច»។

លោក សុះ អូស្មាន បានរៀបរាប់ហេតុការណ៍នៃឃាតកម្មនោះថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ​៤រសៀល ប្រពន្ធលោកប្រើកូនស្រីឱ្យទៅយកគោដែលចងចោលនៅក្រោយវិហារក្នុងភូមិ ប៉ុន្តែបានបាត់កូនស្រីមិនឃើញមកផ្ទះវិញ ហើយក៏បានតាមរករហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅ​ម៉ោង១០ព្រឹក ទើបប្រទះឃើញសាកសពតែម្ដង ដែលសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីរំលោភសម្លាប់។​

លោកបន្ថែមថា ដំបូងឡើយ សមត្ថកិច្ចបានរកឃើញស្នាមក្រយៅដៃ ដែលបានចាត់ទុកជាភស្តុតាងសំខាន់សម្រាប់កំណត់មុខសញ្ញាឃាតករ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក សមត្ថកិច្ចបានប្រាប់ថា ស្នាមក្រយៅដៃ​នោះបានរលុបបាត់ហើយ មិនអាចយកជាការបានទេ។

ចំណែកលោក អះម៉ាត់ សោទើរ វ័យ៤០ឆ្នាំ ជាពូរបស់ក្មេងស្រីរងគ្រោះ បាននិយាយថា ក្នុងពេលថ្មីៗនេះ លោកសម្រេចចិត្តសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដើម្បីទាមទាររកយុត្តិធម៌ឱ្យក្មួយស្រីរបស់ខ្លួន។

ប៉ុន្មានថ្ងៃក្រោយមក លោកថាមានបុគ្គលម្នាក់ដែលប្រាប់ថាជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម តែលោកសុំមិនបញ្ចេញឈ្មោះ បានហៅមកកាន់ទូរសព្ទលោកដោយស្នើឱ្យលុបសំណេរនោះវិញ ដោយបុគ្គលនោះនិយាយថា ខាងរដ្ឋបាលខេត្តនិងស្នងការខេត្តកំពុងស្រាវជ្រាវរកឃាតករ។ លោកបន្តថា ដោយបារម្ភពីការចោទប្រកាន់ផ្សេងៗលើរូបលោក សាច់ញាតិជនរងគ្រោះរូបនេះក៏ព្រមលុបចេញជាបណ្ដោះអាសន្នសិន។​

លោក អះម៉ាត់ សោទើរ៖ «ក្រោយពេលផុសបានប៉ុន្មានថ្ងៃ ខាងក្រុមប្រឹក្សាខេត្តទាក់ទងមកខ្ញុំ។ ខ្ញុំថាអត់បញ្ហាទេ រឿងហ្វេសប៊ុកនេះ បើខ្ញុំផុសធ្វើឱ្យមានការប៉ះពាល់ដល់ការតាមដានរបស់សមត្ថកិច្ច អាហ្នឹងខ្ញុំលុបក៏បានដែរ អត់បញ្ហាទេ! ប៉ុន្តែខ្ញុំសង្ឃឹមថា រឿងរ៉ាវហ្នឹង​ គឺខាងស្នងការខេត្ត ឬខាងពាក់ព័ន្ធគេវែកមុខឃាតករហ្នឹងឆាប់»។

ពាក់ព័ន្ធករណីឃាតកម្មនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា លោកមិនទាន់បានទទួលព័ត៌មានចំពោះករណីនេះនៅឡើយទេ ដោយថា លោកនឹងសាកសួរទៅខាងសមត្ថកិច្ចជំនាញបន្តទៀត។

លោក អ៊ុន ចាន់ដា៖ «ចាំខ្ញុំសួរទៅសមត្ថកិច្ចសិន ពីព្រោះជាការងាររបស់ខាងសមត្ថកិច្ចជំនាញ រឿងហ្នឹង»

អធិការនគរបាលស្រុកកោះ​សូទិន លោក អ៊ឹម ឃឿន បានច្រានចោលការលើកឡើងរបស់ក្រុមគ្រួសារជនរងគ្រោះ ដែលថាទទួលរងការគំរាមពីសមត្ថកិច្ចនិងមន្ត្រីថ្នាក់ខេត្ត។ លោកថា ជាង២ខែមកនេះ សមត្ថកិច្ចជំនាញមិនទាន់បានកំណត់មុខសញ្ញាឃាតករដែលរំលោភបាននៅឡើយទេ ប៉ុន្តែសមត្ថកិច្ចកំពុងស្រាវជ្រាវ​បន្តទៀត។

លោក អ៊ឹម ឃឿន៖ «ទេ! អារឿងហ្នឹង ខ្ញុំអត់បានដឹងទេ! ខ្ញុំអត់បានទៅគំរាមគំហែងអ្នកណាផង។ ខ្ញុំស្រាវជ្រាវតែរឿងសម្ងាត់របស់ខ្ញុំទេ យើងធ្វើការតាមការងារជំនាញរបស់យើង អត់ទៅពាក់ព័ន្ធអី»

នៅថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២១ វីអូឌី បានព្យាយាមសុំការបំភ្លឺបន្ថែមពីស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល​ ប៉ុន្តែលោកបានចុចបិទទូរសព្ទនៅពេលដែលមានការហៅចូលជាច្រើនលើក។

រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ ទូរសព្ទទំនាក់ទំនងបាន ប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីថាកំពុងរវល់នៅមូលដ្ឋាន រួចក៏ចុចបិទទូរសព្ទ។

លោក ឯម កុសល៖ «ខ្ញុំជាប់នៅមូលដ្ឋាន កំពុងធ្វើការងារ»។

នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើល នៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា នៅពេលដែលសាច់ញាតិជនរងគ្រោះទទួលបានការគំរាមកំហែងពីអាជ្ញាធរ ហាមមិនឱ្យផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន ឬបង្ខំឱ្យលុបសំណេរនានាដែលពួកគេអំពាវនាវរកយុត្តិធម៌នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ គឺជាការរំលោភនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

លោក អំ សំអាត៖ «ការដែលឱ្យគាត់ [សាច់ញាតិជនរងគ្រោះ] លុបសារអីចេញវិញហ្នឹង វាប៉ះពាល់ដល់ការ​បញ្ចេញមតិរបស់គាត់។ អ្វីដែលសំខាន់ វាមិនមែនថាការបង្ហោះសារហ្នឹង វាធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេត វាធ្វើឱ្យអាជ្ញាធរហ្នឹងពិបាកធ្វើការទេ! អ្វីដែលសំខាន់គឺឆន្ទៈ ហើយនិងការស៊ើបអង្កេតដោយតម្លាភាពនិងយុត្តិធម៌»

លោក អំ សំអាត បន្តថា ករណីរំលោភសម្លាប់នេះគឺជាបទល្មើសឧក្រិដ្ឋ ដែលសមត្ថកិច្ចត្រូវស៊ើបអង្កេតរកជនល្មើសយកមកអនុវត្តតាមផ្លូវច្បាប់ឱ្យខានតែបាន។ លោកថា បើឃាតករមិនត្រូវបានចាប់ខ្លួននោះទេ នឹងធ្វើឱ្យមានភាពអសន្តិសុខដល់សង្គម ជាពិសេសបង្កការភ័យខ្លាចដល់ជន​ងាយរងគ្រោះ រួមមាន ស្រ្តីនិងកុមារដែលរស់នៅតាមទីជនបទ។

លោកបន្ថែមថា៖ «បើសិនជាជនល្មើសដែលបានប្រព្រឹត្ត ហើយមិនត្រូវបានចាប់ខ្លួនយកទៅអនុវត្តតាមផ្លូវច្បាប់ទេ វាជាគំរូអាក្រក់ ទី១ វាជានិទណ្ឌភាព។ ទី២ វាបង្កឱ្យជនដទៃទៀតអាចនឹងប្រព្រឹត្តដូចគ្នាដែរ។ វាបង្កភាពគ្រោះថ្នាក់សម្រាប់សង្គមជាតិយើង បង្កភាពភ័យខ្លាចសម្រាប់ស្រ្តី កុមារ នៅតាមជនបទ និងអ្នកងាយរងគ្រោះនូវទង្វើទាំងអស់ហ្នឹង»។

បើតាមមន្រ្តីសង្គមស៊ីវិលរូបនេះបានឱ្យដឹងថា អង្គការលីកាដូបានទទួលការពឹងពាក់ពីជនរងគ្រោះមិនតិចជាង២០០ករណីនោះទេក្នុងមួយឆ្នាំៗ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើស្រ្តីនិងកុមារនៅទូទាំង១៤រាជធានី​-ខេត្ត ដែលអង្គការលីកាដូបានធ្វើការកន្លងមក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ