កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង១០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺ៤នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទាំង៤នាក់ កាលពីថ្ងៃម្សិលមិញនោះ មាន៣នាក់មិនបានចាក់វ៉ាក់សាំង និងករណីឆ្លងថ្មីមានចំនួន១៥នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន១២នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៣២៧នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៦ ៦៨០នាក់ អ្នកស្លាប់កើនដល់ចំនួន២ ៩៧៨នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៨៥០នាក់៕












