អង្គការ​មួយ​រក​ឃើញ​ថា ពលរដ្ឋ​៨%​ប៉ុណ្ណោះ​ដែល​ដឹ​ង​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បទល្មើស​ឧក្រិដ្ឋ

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការងារលើបញ្ហាអំពើហិង្សាលើស្ត្រីនិងកុមារនៅកម្ពុជា បានរកឃើញថា ប្រជាជន​កម្ពុជាប្រមាណតែ ៨% ប៉ុណ្ណោះដែល​ដឹង​ថាអំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បទល្មើសឧក្រិដ្ឋ ខណៈបុរស​ខ្មែរ​ម្នាក់​ក្នុង​ចំណោម៣​នាក់​បាន​សារភាព​ថា​ធ្លាប់​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ដៃគូរបស់ខ្លួន។

«អង្គការជីវិត» ឬ «This Life» បានចេញផ្សាយរបាយការណ៍មួយដែល វីអូឌី ទទួលបាននៅថ្ងៃ «ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ» ខួបលើកទី៧៣នេះ ឱ្យដឹងថា ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ អង្គការជីវិត ឬ This Life បានធ្វើការជាមួយប្រជាជនក្នុងសហគមន៍នៅកម្ពុជា និងសាកសួរអំពីបញ្ហា​ប្រឈមធ្ងន់ធ្ងរបំផុតដែលពួកគេបានជួបប្រទះ។ ជាការឆ្លើយតប ពួកគាត់លើកឡើង​ថា អំពើហិង្សាក្នុងគ្រួសារជារឿងមួយក្នុងចំណោមរឿងអាក្រក់៣យ៉ាង (ការបាត់បង់ឱកាសអប់រំ និងបញ្ហាគ្រឿងញៀនឬគ្រឿងស្រវឹង) ដែលពួកគាត់ព្រួយបារម្ភបំផុត។

ប្រភពដដែលបានឱ្យដឹងថា តាមរយៈ​ការសិក្សារបស់ខ្លួន បុរស​​​ម្នាក់​ក្នុង​ចំណោម៣​នាក់​បាន​សារភាព​ថា ពួកគេ​ធ្លាប់​បាន​ប្រើ​ប្រាស់អំពើ​ហិង្សា​លើ​ដៃគូ​របស់ខ្លួននាពេលកន្លងមក។ ដោយឡែក ក្នុង​ចំណោម​ស្ត្រី​ដែលទទួលរង​នូវអំពើ​ហិង្សាវិញ មាន​តែ ២៤% ប៉ុណ្ណោះ ​ដែល​ស្វែង​រក​ជំនួយ។

អង្គការនេះបានលើកឡើងថា ​ប្រជាជន​កម្ពុជាតែ ៨% ប៉ុណ្ណោះដែល​ដឹង​ថាអំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បទល្មើសឧក្រិដ្ឋ ខណៈ ៥០% នៃកុមារបានរងនូវអំពើហិង្សាយ៉ាងតិចណាស់ក៏មួយទម្រង់ដែរ មុនពេលគេមានអាយុ១៨ឆ្នាំ។ ចំណែក ៣៣% នៃបុរសដែលធ្លាប់ជាដៃគូបានប្រព្រឹត្ត​អំពើ​ហិង្សាលើរាងកាយឬដៃគូរួមភេទជាស្ត្រី។


ប្រធានផ្នែកសហគមន៍នៃអង្គការជីវិត (This Life) កញ្ញា ជា បូរ៉ានី ថ្លែងថា ស្ត្រីនៅតែមិនទាន់ត្រូវបានការពារដោយច្បាប់ពេញលេញនៅឡើយទេ នៅពេលពួកគេរងអំពើហិង្សា ដោយសារតែការយល់ដឹងអំពីច្បាប់នៅមានកម្រិត។

កញ្ញាបន្តថា ស្ត្រីដែលរងអំពើហិង្សាមានការភ័យខ្លាចក្នុងការលាតត្រដាងដល់អាជ្ញាធរ ដោយស្ត្រីគិតថា ការរាយការណ៍អាចនឹងមានភាពស្មុគស្មាញ ហើយមិនបានលទ្ធផលអ្វីមកវិញ។ ម្យ៉ាង​ទៀត ពួកគេក៏ខ្លាចថា ការជូនដំណឹងទៅសមត្ថកិច្ច អាចធ្វើឱ្យបុរសជាប្ដីឬជាដៃគូនឹង​ប្រើហិង្សាមក​លើខ្លួននិងកូនបន្ថែមទៀត ហើយបារម្ភថា ការផ្ដល់ព័ត៌មានទៅខាងក្រៅ កាន់តែធ្វើឱ្យខ្លួនមានភាពអាម៉ាស់។

កញ្ញា ជា បូរ៉ានី បានគូសបញ្ជាក់​ថា៖ «មូលហេតុភាគច្រើនដែលនាំឱ្យមានអំពើហិង្សានៅក្នុងគ្រួសារ គឺពាក់ព័ន្ធជាមួយ [បញ្ហាកង្វះ] ការអប់រំ ការសេពគ្រឿងស្រវឹង ការមិនយោគយល់អធ្យាស្រ័យគ្នា ជាដើម។ ហើយមួយទៀត គឺគំរូពីគ្រួសារដែលមានអំពើហិង្សា ដូច្នេះកូនៗរបស់គាត់បានឃើញនិងធ្វើតាមឪពុកម្ដាយ»

កញ្ញាថា ការអប់រំជាកត្តាសំខាន់ក្នុងការកាត់បន្ថយនិងបញ្ឈប់ការកើតឡើងនៃអំពើហិង្សាផ្អែកលើយេនឌ័រ។

ស្ត្រីជាជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារម្នាក់រស់​នៅ​ខេត្ត​សៀម​រាប ដែល​សុំមិន​បញ្ចេញឈ្មោះ បាន​ប្រាប់ វីអូឌី ថាអ្នកស្រីធ្លាប់រងអំពើហិង្សាជារឿយៗពីស្វាមីក្នុងរយៈពេល១២ឆ្នាំ។ អ្នកស្រី​រម្លឹកថា កាលណោះប្ដីរបស់គាត់​តែងតែសេពគ្រឿងស្រវឹង ហើយប្រើហិង្សាមកលើគាត់ ខណៈគាត់​មិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចទេ ដោយសារស្វាមីរបស់គាត់​បានគំរាមថានឹងសម្លាប់​គាត់​និង​កូន បើ​ហ៊ានប្ដឹង។

អ្នកស្រីបញ្ជាក់ថា៖ «កាលណោះ ខ្ញុំមិនហ៊ានប្រាប់អ្នកណា ចេះតែខំអត់ធ្មត់! [កាលណោះ ប្ដីខ្ញុំគំរាមថា] បើខ្ញុំប្រាប់គេ គាត់នឹងសម្លាប់ចោល។ ឥលូវគាត់បានទៅរៀនទៅអី គាត់ឈប់ [ប្រើហិង្សា] ហើយ។ ចង់ឱ្យគ្រួសារផ្សេងៗឈប់អំពើហិង្សា ពេលមាន [ហិង្សា] យើងពិបាកចិត្ត ដេកក៏មិនបាន កូនរៀនក៏មិនចូល។ អ៊ីចឹងពេលមានអំពើហិង្សា យើងរាយការណ៍ប្រាប់ទៅខាងភូមិឃុំ និងអង្គការឱ្យគាត់ជួយផ្ដល់មតិ»

យ៉ាងណា អ្នកស្រីថា ពេលនេះគាត់មិនបានរងអំពើហិង្សាទៀតទេ បន្ទាប់ពីគាត់រាយការណ៍សុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាននិងអង្គការពាក់ព័ន្ធ និងបន្ទាប់ពីស្វាមីរបស់អ្នកស្រីបានទទួលការអប់រំណែនាំ។

វីអូឌី មិនអាចទាក់ទងអគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃ​ក្រសួងកិច្ចការនារី លោក​ស្រី ញាណ សុចិត្រា បានទេ នៅថ្ងៃទី១០ ខែធ្នូនេះ។

របាយការណ៍ដដែលបានឱ្យដឹងថា អំពើហិង្សាបានបង្កមហន្តរាយដល់គ្រួសារ និងរារាំងសហគមន៍ទាំងមូលមិនឱ្យរីកចម្រើនតាមការគ្រោងទុក ហើយ​វិធី​តែ​មួយ​គត់​ដែលអាច​បញ្ចប់​បញ្ហា​នេះបាន គឺស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាការពារជនរងគ្រោះពីអំពើហិង្សា និងចាត់វិធានការច្បាប់លើអ្នកប្រព្រឹត្ត។

​អង្គការនេះថា កម្ពុជាមានច្បាប់​ហាម​ឃាត់​អំពើ​ហិង្សា​ដោយ​ផ្អែក​លើ​យេនឌ័រ ហើយ​មាន​ច្បាប់​សម្រាប់​ការពារ​ស្ត្រីនិង​កុមារ ខណៈច្បាប់ទាំងនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក្រមព្រហ្មទណ្ឌកម្ពុជា និងច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការការពារជនរងគ្រោះផងដែរ។

ប៉ុន្តែអង្គការមួយនេះអះអាងថា បើទោះជាមានច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០០៥ក្ដី ក៏អំពើហិង្សាលើរាងកាយនិងផ្លូវចិត្តទៅលើសមាជិកគ្រួសារនៅតែកើតឡើងយ៉ាងទូលាយ ខណៈសហគមន៍ជាច្រើននៅកម្ពុជាគិតថា អំពើហិង្សានៅក្នុងគ្រួសារគឺជារឿង​ធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ