លោក ហ៊ុន សែន និងលោក កឹម សុខា លើកឡើង​ពី​គុណតម្លៃ​នៃ​សិទ្ធិមនុស្ស​ក្នុង​បរិបទ​ពីរ​ផ្សេង​គ្នា

លោក កឹម សុខា (ឆ្វេង) នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និងលោក ហ៊ុន សែន(ស្ដាំ) ក្នុងថ្ងៃជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ (ឆពណ្ណ បញ្ញា និង ហួត វុទ្ធី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា បាន​ផ្ញើសារអបអរសាទរ​រៀងៗខ្លួន នៅខួបគម្រប់៧៣​ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០​ធ្នូ។

សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងទំព័រហ្វេស​ប៊ុកផ្លូវការរបស់​លោក​នៅថ្ងៃសុក្រនេះថា សិទ្ធិសេរីភាពរបស់កម្ពុជា​ដែលមាន​ដូច​ពេលបច្ចុប្បន្ន​នេះ គឺ​ត្រូវ​បានរំដោះយកមកវិញ នៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្ដួលរំលំទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកបន្តថា បច្ចុប្បន្ន សិទ្ធិសេរីភាពបានធ្វើឱ្យ​ប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ សិទ្ធិ​ក្នុងការជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញ​ចិត្តដោយសេរី ហើយ​សិទ្ធិសេរីភាពនេះក៏បានធ្វើឱ្យ​កម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់​ថា៖ «បើនិយាយពីរឿងសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត [១៩៧៥-១៩៧៩] គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារជាដើម..»

ប្រមុខបក្សកាន់អំណាច បានបន្តថា៖ «របបប្រល័យពូជសាសន៍ ប៉ុល ពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឱ្យ​ប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ»

ផ្ទុយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងសម័យ ប៉ុល ពត ធៀបនឹងពេលបច្ចុប្បន្ននេះ ប្រធានអតីតគណបក្សប្រឆាំង លោក កឹម សុខា ឯណោះវិញ បានរំលឹកឡើងវិញពីបុព្វហេតុដែលនាំឱ្យមានការបង្កើត «ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ»។

លោក កឹម សុខា បានលើកឡើងក្នុងបណ្ដាញសង្គម​ដែរថា សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស កាលពី៧៣ឆ្នាំមុន គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ បានធ្វើឡើងបន្ទាប់ពីការចប់សង្គ្រាមលោកលើកទី២ ដែលពិភពលោកបានរកឃើញថា «ការគោរព និងការពារសិទ្ធិមនុស្ស​ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងវិបុលភាព»

បើតាមលោក កឹម សុខា ការមិនឱ្យ​តម្លៃសិទ្ធិមនុស្ស ការមិនគោរពសិទ្ធិគ្នាទៅវិញទៅមក ជាពិសេសការរំលោភសិទ្ធិមនុស្ស គឺជាដើមចមនៃជម្លោះទាំងឡាយដែលអាចរីករាលដាលរហូតដល់មានសង្គ្រាម និងនាំឱ្យ​មនុស្សលោកទទួលរងនូវការឈឺចាប់ វិនាសកម្ម និងឈាន​ទៅបំផ្លាញសន្តិភាព។

លោក កឹម សុខា បានសរសេរថា៖ «ជម្លោះឬ​សង្គ្រាមដែលកើតមកពីការរំលោភសិទ្ធិមនុស្ស មិនមែនប៉ះពាល់តែអ្នកប្រព្រឹត្តនិងអ្នកទទួលរងការរំលោភដោយផ្ទាល់នោះទេ លើសពីនេះទៅទៀត គឺរាលដាលទៅបំផ្លាញអ្នកដទៃ ប្រទេសដទៃ និងពិភពលោកទៀតផង។ ហេតុនេះហើយ បានជាអង្គការសហប្រជាជាតិចាត់ទុកថា បញ្ហាសិទ្ធិមនុស្សគឺជាបញ្ហាសកល និងអាចមានការចូលរួម ឃ្លាំមើល និងថ្កោលទោសពីមជ្ឈដ្ឋានខាងក្រៅ»

ក្រៅពីនេះ លោក កឹម សុខា ក៏បានរម្លឹកពីការងាររបស់លោកជាង៣ទសវត្សរ៍​ចុង​ក្រោយនេះ ថា​បានផ្ដល់អាទិភាពខ្លាំងលើការងារសិទ្ធិមនុស្ស ទោះបីជាលោកស្ថិតនៅក្នុងឋានៈណាក៏ដោយ។

លោកបន្ត​​ថា៖ «កន្លងមក ខ្ញុំផ្ទាល់បានចូលរួមផ្ដួចផ្ដើម និងទាមទារបញ្ចូលខ្លឹមសារគោលការណ៍សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងទាមទារឱ្យ​បង្កើតនូវយន្តការសិទ្ធិមនុស្សក្នុងស្ថាប័ននានា មាន​ដូចជា ក្នុងរដ្ឋសភា ព្រឹទ្ធសភា និងបន្តទាមទារឱ្យ​មានស្ថាប័នសិទ្ធិមនុស្សជាតិដែលឯករាជ្យនៅកម្ពុជា និងក្នុងតំបន់ផងដែរ»

លោក កឹម សុខា យល់ថា ដើម្បីធានាការពារសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គមឱ្យ​រឹងមាំ គួរតែរួមគ្នាលើកស្ទួយ គោរព និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ