ជនជាតិ​ដើម​ភាគ​តិច​ចោទ​អភិបាល​ស្រុក​អូររាំង​ថា បាន​គប់​គិត​ជា​មួយ​ឧកញ៉ា​ម្នាក់​ធ្វើ​ប្លង់​លើ​ដី​ពួកគេ​

រូបសំណាកទន្សោងគោព្រៃ នៅមណ្ឌលគិរី

ជនជាតិ​ដើមភាគ​តិច ៨ គ្រួសារ រស់​នៅ​ឃុំ​សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានចោទ​អភិបាល​ស្រុក​នេះ​ថា បាន​គប់គិត​គ្នា​ជា​មួយ​ឧកញ៉ា​ម្នាក់​លួច​ធ្វើប្លង់​កម្មសិទ្ធិ​លើ​ដី​ចំនួន ៤ ហិកតា ដែល​ពួកគេ​បាន​នឹង​កំពុង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ១៩៩៧ រហូត​មក​ដល់​បច្ចុប្បន្ន។

ជនជាតិ​ដើម​ភាគ​តិច​ពូនង​រស់​នៅ​ភូមិ​ពូទ្រូ ឃុំសែនមនោរម្យ អ្នកស្រី ម្លូស ប៉ែម បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃសៅរិ៍​នេះ​ថា កាលពី​ឆ្នាំ២០១៩ អភិបាល​ស្រុក​អូររាំង លោក សៀក មុន្នី និង​ឧកញ៉ា ស្រី ចន្ធូ បាន​ធ្វើរបង​ព័ទ្ធជុំវិញ​ដី​ទំហំ​ ៤០ ហិកតា ​បើទោះបី​ដឹង​ថា ដី​នេះ ពួកគាត់​ទាំង ៨ គ្រួសារ បាន​នឹង​កំពុង​ធ្វើស្រែក​ចម្ការ​ក៏​ដោយ។

អ្នកស្រី​បន្តថា ដីដែល​អភិបាល​ស្រុក លោក សៀក មុន្នី កាត់ប្លង់​ឱ្យ​ឧកញ៉ា ស្រី ចន្ធូ នោះ ពួកគាត់បាន​ធ្វើស្រែ​ចម្ការ​រយៈពេល​ប្រមាណ ២៣ ឆ្នាំ គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៧ រហូត​ដល់​បច្ចុប្បន្ន។

លោកថា៖ «បង ខ្ញុំ​ទៅ​ផ្ទៀងប្លង់​នៅកន្លែង​សូរិយោដី​ ព្រោះ​អី​ឃើញ​ប្លង់ជាន់​ជាមួយ​ស្រីចន្ធូ​ ជាប់ប្លង់​ហ្នឹង​ហើយ ពួក​ខ្ញុំ​មិន​សុខចិត្ត​ក៏​ទៅ​សួរ​អ្នកដឹង​ច្បាប់​ច្បាស់​លាស់​ឱ្យគាត់​មក​ជួប​ឧកញ៉ា ស្រីចន្ធូ ​ដល់​ពេល​អ៊ីចឹង ឧកញ៉ាស្រី ចន្ធូ ថា ដីហ្នឹង អត់​មាន​ពលរដ្ឋ​ណា​មួយ [លក់] និង​រៀប​ឯកសារ​ឱ្យ​ទេ មាន​តែ​អភិបាល​ស្រុក​លោក សៀក មុន្នី ​ដែល​រៀប​ឱ្យ​ខ្ញុំ។ អ៊ីចឹង បើ​ពលរដ្ឋ​មិន​សុខចិត្ត​តវ៉ា​ជា​មួយ​លោក សៀក មុន្នី ឱ្យ​ដោះស្រាយ​ឱ្យ​ទៅ»។​

អ្នកស្រី ម្លូស ប៉ែម បន្តថា កន្លងមក ពួកគាត់​បាន​នាំ​គ្នា​តវ៉ា និង​ទាមទារ​ឱ្យ​លោក សៀក មុន្នី ដោះ​ស្រាយ​ជូន​ពួកគាត់ ក្រោយពី​អភិបាល​ស្រុក​រូប​នេះ  បាន​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី​ពួកគាត់​ ដោយមិន​បាន​សួរនាំ​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​នោះ។ ក្រៅពី​មិន​ដោះស្រាយ អ្នកស្រី​ថា អាជ្ញាធរ​តែងតែ​គំរាម​ពួកគាត់​មិន​ឱ្យ​ធ្វើការ​តវ៉ា ពាក់ព័ន្ធ​នឹង​រឿង​ដី​នេះ​ទេ។

អ្នកស្រីថា៖ «គាត់​អភិបាលស្រុក​មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ ​​ព្រោះ​គាត់​ជា​ម៉ែ​ឪពួក​ខ្ញុំ ប្រជាពលរដ្ឋ​មានបញ្ហា​អី​ក៏​ដោយ រឿង​ដីធ្លី​ក៏ដោយ​មាន​តែ​គាត់​ទេ ជា​អ្នក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ ឥឡូវបែរ​មាន​ជម្លោះ​ជា​មួយ​ប្រជាពលរដ្ឋ​វិញ។ ពួកខ្ញុំ​បារម្ភ​ដេក​មិន​លក់​ ខ្លាច​បាត់​ដី យើង​មិន​បានលក់ អត់​បាន​ដូរ ហើយ​ដី​នេះ យើង​មិនលួច​គេទេ របស់​យើង​ពិត​ប្រាកដ​។ ដីហ្នឹង​តាំង​ពី​ដូនពីតាមក មិន​មែន​ឥឡូវៗ​នេះ​ទេ»

ជនជាតិ​ដើម​ភាគតិច​ពូនង​ម្នាក់​ទៀត​និយាយ​ថា ​ដី​ព្រៃ និង​ដីស្រែ​ទាំង​នេះ  ពួកគាត់​មិន​បាន លក់​ដូរ​ទៅ​ឱ្យ​បុគ្គល​ណាម្នាក់​ឡើយ។ លោក​បន្តថា បើ​សិន​ជា​ដី​ស្រែ​និង​ដីព្រៃ​ដែល​កំពុងអាស្រ័យផល​ត្រូវ​បាត់បង់​នោះ  លោកថា វានឹង​ធ្វើឱ្យប៉ះពាល់​ដល់ការ​រស់នៅ​របស់​ពួក​គាត់​និង​កូន​ចៅជំនាន់​ក្រោយ ខណៈជនជាតិ​ដើម​ភាគតិច​បាន​អាស្រ័យផល​និង​កាន់កាប់​ជា​បន្ត​បន្ទាប់តាំង​ពី​ដូនតា​មក​។

កាល​ពី​ថ្ងៃទី២៣ ​ខែ​វិច្ឆិកា ឆ្នាំ២០២១ ជន​ជាតិ​ដើម​ភាគតិច​ទាំង ​ ៨ ​គ្រួសារ​បាន​នាំ​គ្នា​ឡើង​មក​ភ្នំពេញ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និងសំណង់ និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផ្អាក​ការចេញ​បណ្ណ​កម្មសិទ្ធិ និង​ការសាងសង់​សំណង់​ផ្សេងៗ លើដី​មាន​ទំនាស់ បន្ទាប់ពី​បាន​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្តមណ្ឌលគិរី​មិនទទួលបានលទ្ធ​ផល​នោះ។

វីអូឌី​មិន​អាច​សុំការ​បំភ្លឺ​ពី ឧកញ៉ា ស្រី ចន្ធូ បាន​ទេនៅថ្ងៃ​នេះ ខណៈអភិបាល​ស្រុក​អូររាំង​លោក សៀក មុន្នី បាន​ចុចផ្ដាច់​ទូរសព្ទ​នៅពេល​អ្នកសារព័ត៌មាន​សួរសំណួរ ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​ក្រុម​ជនជាតិដើម​ភាគតិច​ដែលបាន​ចោទ​ប្រកាន់​ខាង​លើ​នេះ។

អ្នក​ប្រឹក្សា​យោបល់​បណ្ដាញ​ជនជាតិ​ដើម​ភាគ​តិច​នៅខេត្តមណ្ឌលគិរី លោក គ្រឿង តុលា លើក​ឡើង​ថា ទោះបី​អាជ្ញាធរ​ស្រុក​បាន​ដឹង​ថា ដី​ដែល​ខ្លួន​ចេញ​លិខិត និង​ឯកសារ​ពាក់ព័ន្ធ រួមទាំង​ប្លង់​ទៅ​ឱ្យ​ឧកញ៉ា​នោះ ជាដី​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​រាប់​ឆ្នាំ​មក​ហើយ​ក៏​ដោយ។ លោក​បន្ត​ថា ការ​ធ្វើប្លង់​លើដី​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យផល បាន​នឹង​កំពុង​កើត​ឡើងនៅ​ក្នុង​ខេត្តមណ្ឌលគិរី​ជាច្រើន​ករណី​ហើយ  ដោយ​មក​ពេល​នេះ  អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ។

លោកថា៖ «អាជ្ញាធរ​មិន​មែន​គាត់​មិន​ចេះ​ច្បាប់​ទេ ប៉ុន្តែ​គាត់​រំលោភ​ច្បាប់​មាន​ន័យ​ថា គាត់​ដឹងថា ដីហ្នឹង​ជាដី​ប្រជាពលរដ្ឋ​ហើយ គាត់​នៅតែ​ចេញ​លិខិត និង​ចេញ​ប្លង់​អីជា​ដើម​ហ្នឹង ហើយ​ដីនេះ ក៏​ជាដី​របស់​រដ្ឋ​ដែរ ប៉ុន្តែ​គាត់​នៅ​តែ​ធ្វើ។ ចំណុច​នេះ​ហើយ​ អាជ្ញាធរ​គួរតែ​ទទួល​ខុស​ត្រូវ។ ខ្ញុំគិត​ថា គួរ​តែ​ដកហូត​ដី​ហ្នឹង​ប្រគល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឱ្យគាត់​បាន​ធ្វើ​ស្រែ​ចម្ការ​តាមប្រពៃណី​របស់​គាត់​វិញ ឱ្យ​គាត់​រស់​នៅ​បាន​ជីវភាព​សមរម្យ»

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​របស់​អភិបាល​ខេត្តមណ្ឌលគិរី​ថ្មី កាលពី​ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ប្រើ​អំណាចរំលោភ​យកដី​របស់​ប្រជាពលរដ្ឋ និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ខេត្តភាគឦសាន​មួយ​នេះ​ប្រាកដ​មែន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ការ​សោក​ស្ដាយ ចំពោះ​មន្ដ្រីមួយ​ចំនួន​ដែល​លោក​ថា ​បានប្រើ​អំណាច​របស់​ខ្លួន​ទៅរំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​និង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី មក​ធ្វើ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួន​នេះ ហើយ​លោក​ចាត់​ទុក​ករណី​នេះ​ថា ជាភាព​លោភលន់​របស់​មន្ត្រី​ទាំង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ