ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់នីតិសម្បទាដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិពីររូបថែមទៀតឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់នីតិសម្បទាដល់លោក ស៊ុន ចន្ធី និងលោក មុត មល្លា ដែលត្រូវបានហាមឃាត់សិទ្ធិមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ ឱ្យមានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ។
លោក ស៊ុន ចន្ធី គឺជាអតីតប្រធានគណៈកម្មការប្រតិបត្តិនៃអតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ រីឯលោក មុត មល្លា គឺជាអតីតប្រធានគណៈកម្មការប្រតិបត្តិខេត្តសៀមរាប។
គិតមកដល់ពេលនេះ មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ២៦ រូបក្នុងចំណោម ១១៨ រូប ដែលជាប់បម្រាមធ្វើនយោបាយរយៈពេល ៥ ឆ្នាំ នោះ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ៕