លោក យ៉ង សាំងកុមារ៖ ឃុំ​-សង្កាត់​ដែល គ.ប.ម ឈ្នះ នឹង​មិន​ឱ្យ​មេភូមិ​មេប៉ុស្តិ៍​ចូលជា​សមាជិក​បក្ស​ទេ

លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងនៅក្នុងសមាជបក្សនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ។ (រូបពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន)

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (គ.ប.ម) បញ្ជាក់​ជំហរ​ថា ឃុំ​-​សង្កាត់ ដែល​គណបក្ស​របស់​លោក​ឈ្នះ​ដឹកនាំ​នៅពេល​ខាងមុខ​នេះ នឹង​មិន​អនុញ្ញាត​ឱ្យ​មេភូមិ ឬ មេប៉ុស្តិ៍ ចូល​ជា​សមាជិក​គណបក្ស​នោះ​ទេ គឺ​ទុក​ជា​បុគ្គល​ឯករាជ្យ​ធ្វើការងារ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ។

ការ​លើកឡើង​របស់​លោក យ៉ង សាំងកុមារ នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាលពី​ម្សិលមិញនេះ។ លោក​កុមារ ​បាន​ថ្លែង​ថា បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​ធ្វើការងារ​ដូចអង្គការ​ភ្នែក​ម្នាស់​ក្នុង​សម័យ​ខ្មែរ​ក្រហម តាម​រយៈការ​តាមដាន​ ឬ​ការ​បំភិតបំភ័យ​ពលរដ្ឋ មិន​ឱ្យចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​នយោបាយ​ដទៃ។

លោក យ៉ង សាំងកុមារ៖ «មេប៉ុស្តិ៍​ឬ​នគរបាល​អីហ្នឹង យើង​មាន​បទពិសោធន៍ កន្លែង​ខ្លះ​ដែលយើង​ជួប​ប្រជុំ​ហើយ​គាត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​សួរនាំ​ហើយ។ ហ្អាក! អាហ្នឹង​ចោរ​មែន? ជន​ជាប់សង្ស័យ​មែន? គាត់​អត់​ត្រូវ​ធ្វើ​ការងារ​ហ្នឹង​ទេ គាត់​ត្រូវតាមដាន​កន្លែង​ណា​មាន​ក្មេង​ប្រើគ្រឿងញៀន ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ»។​

លោក បន្តថា តួនាទី​របស់​មេភូមិ និង​មេប៉ុស្តិ៍ ជា​មន្ត្រី​ឯករាជ្យ ដោះស្រាយ​បញ្ហា​ទុក្ខ​កង្វល់​របស់ប្រជាពលរដ្ឋ។

លោក យ៉ង សាំងកុមារ បន្ថែម​ថា៖ «មេភូមិ​ជា​មេ​របស់​អ្នក​ភូមិ​គ្រប់​រូប។ ពេល​យើង​ធ្វើ​ជា​មេ​ឃុំ ហើយ​អ្នក​ឯង​ជា​មេភូមិ​ហើយ​ថា ខ្ញុំចង់​ចូល គ.ប.ម ដែរ មិន​បាច់​ទេ! មិន​បាច់​ឱ្យ​ចូល​ទេ នៅ​ធ្វើជា​មេភូមិ​ទៅ ហើយ​មិន​បាច់​ដាក់​ស្លាក គ.ប.ម នៅ​មុខ​ផ្ទះ​មេភូមិ​ទេ»។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ លោក សុខ ឥសាន លើកឡើង​ថា គណបក្ស​កាន់​អំណាច​តែងតែ​ធ្វើការងារ​ទៅ​តាម​ច្បាប់​មិនមែន​ធ្វើ​ដូចការ​ចោទ​ប្រកាន់របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នោះ​ទេ។​ លោក​បន្ត​ថា ការលើក​ឡើង​របស់​លោក យ៉ង សាំងកុមារ នេះ គឺ​ធ្វើឡើង​ដើម្បី​បាន​សំឡេង​គាំទ្រ​តែ​ប៉ុណ្ណោះ។

លោក សុខ ឥសាន៖ «វាជា​រឿង​ធម្មតា​ទេ មេ​បក្ស​ប្រឆាំង មេ​បក្ស​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​មិន​ដែល​និយាយ​ល្អ​លើ​គណបក្ស​កាន់​អំណាច​ទេ​ តែងតែ​មាន​ការ​បង្អាប់បន្ទោស ឬក៏​បន្ទាប​បន្ថោក​គណបក្ស​កាន់​អំណាច ពីព្រោះ​គាត់​ជាអ្នក​ប្រជែង​ដើម្បី​យក​អំណាចពី​បក្ស​កាន់​អំណាច​ហ្នឹង​ឯង។ យើង​មិន​បាច់​ឆ្ងល់​ទេ ប៉ុន្តែ​បញ្ហា​សំខាន់​វា​អាស្រ័យ​ទៅ​លើ​ប្រជាជន ដែល​ទទួល​ផល​ពីការ​បម្រើ​សេវា​សាធារណៈ​ពី​មេភូមិ មេឃុំ ចៅសង្កាត់​របស់​គណបក្សជាប់​ឆ្នោត»

អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​នៃអង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស ថ្លែង​ថា ច្បាប់​មាន​ហើយ ដែល​កំណត់​ពី​តួនាទី​របស់​មន្ត្រី ដូចជា មេភូមិ ឬមេប៉ុស្តិ៍នេះ ប៉ុន្តែលោកថា​ មិនទាន់​ពង្រឹង​ការ​អនុវត្តន៍​នៅ​ឡើយ។​ លោក​បាន​ជំរុញ​ឱ្យគ្រប់​គណបក្ស​នយោបាយ​បញ្ជាក់​ជំហរក្នុង​ការ​ពង្រឹង​តួនាទី​របស់​មន្ត្រី មិន​ឱ្យ​យក​ការងារ​បក្ស​ទៅ​ជ្រៀតជ្រែក​ឡើយ។

លោក កន សាវាង្ស៖ «សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​យល់​ថា គណបក្ស​នយោបាយ​មិន​ត្រឹម​តែ​មូលដ្ឋាន​ទេ ដែល​ប្រកាស​ហ្នឹង គណបក្ស​ផ្សេងៗ​ទៀត​ក៏​ត្រូវ​ចាប់​ផ្តើម​ពី​ពេល​ហ្នឹង​ទៅ មុន​ប្រកួត​ប្រជែង គឺយើង​ដាក់​គោលដៅ​យើង​ឱ្យ​ច្បាស់លាស់»។​

លោក កន សាវាង្ស លើក​ឡើង​ថា នៅពេល​ដែល​មន្ត្រីនៅតាម​មូលដ្ឋាន​ដើរ​តួនាទី​ជា​អ្នកឃោសនា​ឱ្យ​គណបក្ស​នយោបាយ នោះ​វានឹង​នាំឱ្យ​មាន​ការគំរាមកំហែង។

លោក កន សាវាង្ស៖ «គាត់​មិន​ត្រូវ​មាន​តួនាទី​បក្ស​ផង គាំទ្រ​ផង ហើយ​គាំទ្រ​ហ្នឹង កាល​ណា មាន​ពាក់មួក​ពាក់​អី​ហ្នឹង មិនមែន​គាំទ្រ​ត្រឹម​សកម្មជន​ធម្មតា​ទេ គឺ​គាំទ្រ​គេហៅ​ថា កម្រិត​គាំទ្រឃោសនា​ទៀត។ អាហ្នឹង ផលប្រយោជន៍​របស់​វា​សម្រាប់​រួម គឺ​អត់​មាន​ទេ មាន​តែ​ផលប្រយោជន៍​បក្ស​ទេ ហើយ​បញ្ហា​គុណវិបត្តិ​វា​នាំ​ឱ្យមានការ​គំរាម​កំហែង»

ការលើក​ឡើងពី​តួនាទី​របស់​មន្ត្រីថ្នាក់មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​ជាមួយ​អំណាច​នៅ​ឃុំ​សង្កាត់​នេះ គឺ​ស្របពេល​ដែល​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ នឹង​មក​ដល់​នៅសល់​តែ​ប្រមាណ ៦ ខែទៀត​ប៉ុណ្ណោះ ពោល​គឺ​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទដោយ៖ ប៉ា តុងចិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ