កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​៣០ម៉ឺនដូស​បន្ថែម​ទៀត​ពី​មជ្ឈមណ្ឌល​កូវ៉ាក់

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃនេះ ទទួលបាន​វ៉ាក់សាំង​​ស៊ីណូវ៉ាក់​​ចំនួន៣០​ម៉ឺន​ដូស​បន្ថែម​ទៀតដែលជា​ជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នៅក្នុងទំព័រហ្វេស​ប៊ុករបស់លោកថា មជ្ឈ​មណ្ឌល​កូវ៉ាក់ បាន​កំណត់​ផ្ដល់វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ ប្រមាណ៦,៦លានដូស មកដល់ប្រទេសកម្ពុជា ក្នុងជំហានដំបូង ហើយ​នៅថ្ងៃនេះ​ វ៉ាក់សាំងចំនួន៣០ម៉ឺនដូសបន្ថែមទៀត​បាន​​មក​ដល់​ប្រទេស​កម្ពុជា។

លោកបន្តថា មកដល់ពេលនេះ វ៉ាក់សាំងចម្រុះជាង៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះមានដូចជា ស៊ីណូវ៉ាក់ អាស្ត្រាហ្សេនិកា ម៉ូដេណា និង ចនសុន&ចនសុន។

លោកបន្តថា តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង៤០លានដូស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់កម្ពុជាលើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយ លឿនជាងផែនការគ្រោងទុក។ ហើយ​ករណីនេះក៏បាន​​ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យនិងការរាត​ត្បាត​នៃជំងឺ​កូវីដ-១៩ ហើយកំពុងបើកប្រទេសជាតិឡើងវិញគ្រប់វិស័យផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ