ពលរដ្ឋ​ខេត្តកណ្ដាល​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិន​ជួប​ពួកគេ​តាម​ការសន្យា​ដើម្បី​រក​ដំណោះ​ស្រាយ​ដីធ្លី

ពលរដ្ឋ​ជាច្រើនគ្រួសារ រស់​នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកជួបជុំគ្នានៅសាលាឃុំ ដើម្បីទាមទារឱ្យរដ្ឋបាលថ្នាក់ស្រុកមានដំណោះស្រាយលើបញ្ហាដែលពួកគេអះអាងថា បានរងផលប៉ះពាល់ដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី (OCIC)។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​ជាច្រើនគ្រួសារ រស់​នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបង្ហាញការខកចិត្តចំពោះអាជ្ញាធរស្រុកដែលមិនមកជួបពួកគេ​ទៅតាម​ការ​សន្យា ដើម្បីដោះស្រាយសំណងផលប៉ះពាល់​ដីធ្លី ក្រោមគម្រោង​​អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរបស់​ក្រុម​ហ៊ុន OCIC។

កាលពីថ្ងៃទី៧ ខែ​ធ្នូ​ អ្នកភូមិប្រមាណ​២០០នាក់ដែលអះអាងថា​ជា​តំណាងឱ្យ​៤១៤គ្រួសារ នៅឃុំអំពៅព្រៃ បាន​នាំគ្នាផ្អាក​ការតវ៉ា​មុខសាលា​ឃុំជា​បណ្ដោះអាសន្ន ក្រោយពីអភិបាលស្រុក​កណ្ដាលស្ទឹង លោក អ៊ូច សា​វឿន បាន​សន្យា​ជួប​ជាមួយតំណាងពលរដ្ឋនៅសាលាស្រុកនៅថ្ងៃចន្ទ​នេះ ដើម្បីបំភ្លឺ​ជុំវិញ​ដំណោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី។

តំណាងពលរដ្ឋម្នាក់ លោក ភោគ ផាន់នី ប្រាប់ វីអូឌី ថានៅព្រឹកមិញនេះ តំណាង​ពលរដ្ឋ​២៦នាក់ បាន​ទៅជួបជាមួយ​លោក​អភិបាលស្រុក អ៊ូច សាវឿន នៅសាលាស្រុកតាមការសន្យា ប៉ុន្តែអភិបាលស្រុករូបនេះ​មិន​បាន​ចេញ​មក​ជួបជាមួយ​ក្រុមតំណាងពលរដ្ឋនោះទេ ក្រោម​ហេតុ​ផល​​ថា រវល់​ជាប់​ប្រជុំ​នៅខាង​ក្រៅ និងមិន​បាន​ជូន​ដំណឹង​មក​ប្រជាពលរដ្ឋវិញឡើយ។

លោកបន្ថែមថា៖ «ពួកខ្ញុំជាតំណាងនៅព្រឹកមិញហ្នឹងរាង​មួ​ម៉ៅ​ទាំងអស់​គ្នា​ដែរ ពីព្រោះប្រសិនបើគាត់មិនបាន​មក​ជួយ​អី គួរតែគា​ត់ជូនដំណឹងមកយើងវិញ កុំឱ្យខ្ញុំទៅសាលាស្រុកជួបគាត់ ធ្វើឱ្យខាតពេលវេលា ខាតការងារ ខាតលុយកាក់ ទៅរង់ចាំគាត់មួយព្រឹកអត់បានអី។ ពួកខ្ញុំអត់រង់ចាំទេនៅសប្ដាហ៍​ក្រោយហ្នឹ​ង បើអត់ដំណោះស្រាយណាមួយ ពួកយើងនឹងនាំគ្នាបាតុកម្មតវ៉ាទៀតហើយ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកកណ្ដាល​ស្ទឹង​​ លោក អ៊ូច សាវឿន បានទេ ​ពាក់ព័ន្ធរឿងនេះ។ ប៉ុន្តែ​បើតាមតំណាងពលរដ្ឋ មន្ត្រីរដ្ឋបាលស្រុកបានឱ្យតំណាងពលរដ្ឋទៅជួបអភិបាល​ស្រុក​រូបនេះម្ដងទៀតនៅចុងសប្ដាហ៍នេះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិ​មនុស្ស​​ នៃ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត បានជំរុញទៅអាជ្ញាធរឱ្យចេញមកជួបនិង​បកស្រាយជូ​នពលរដ្ឋឱ្យបានច្បាស់លាស់ ជុំវិញបញ្ហាជម្លោះដីធ្លីនេះ ដើម្បីបង្ហាញពីការទទួលខុសត្រូវនិងការអនុវត្តតួនាទីរបស់ខ្លួនក្នុងនាម​ជាអាជ្ញាធរ។

លោកបន្ថែមថា៖ «អាជ្ញាធរពាក់ព័ន្ធមិនត្រូវគិត[យករួច]ខ្លួន មិនត្រូវនៅស្ងៀម ដោយមិនបានពន្យល់ហេតុផលឬក៏បង្ហាញជាឯកសារភស្តុតាងច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋគាត់ដឹងឮ ឬស្ងប់ចិត្តនោះទេ។ អាជ្ញាធរត្រូវតែចេញមក ដើម្បីបកស្រាយឱ្យបានច្បាស់លាស់ជូនពលរដ្ឋ។ បើអាជ្ញាធរមិនចេញមកជួប​ មិនចេញមកបកស្រាយជូនពលរដ្ឋឱ្យបានច្បាស់ទេ អាហ្នឹងបង្ហាញឱ្យឃើញថា អាជ្ញាធរទាំងនោះមិនបានអនុវត្តតួនាទីរបស់គាត់ដែលជាអាជ្ញាធរនៅឃុំសង្កាត់នោះទេ»

បើតាមតំណាងពលរដ្ឋ ដីទំហំសរុប៨៣ហិកតារបស់​ប្រជាពលរដ្ឋបាន​រង​ផល​ប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុម​ហ៊ុន ​OCIC តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ដោយ​ពុំទាន់បានការដោះស្រាយសំណង​នៅ​ឡើយទេ ខណៈផ្នែកខ្លះ​នៃដី​នោះត្រូវ​បាន​ក្រុមហ៊ុនឈូសឆាយអភិវឌ្ឍខ្លះ​ទៅ​ហើយ។

តំណាងពលរដ្ឋឱ្យ​ដឹងទៀត​​ថា សំណងដែល​ពួកគេ​​ទាម​ទារជាសំណង​​គោល​នយោបាយ ដោយក្នុង១ម៉ែត្រការ៉េ​ តម្លៃ៨ដុល្លារ។

កាលពីខែកក្កដា ឆ្នាំ​២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់​ដោយបញ្ជាក់​ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹង​ខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លាន​ម៉ែត្រ​​ការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ