លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីឆ្លងមេរោគកូវីដបំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលនេះគឺជាករណីស្លាប់ដំបូងក្នុងពិភពលោក ដោយសារវីរុសបំប្លែងខ្លួនថ្មីមួយនេះ។
គិតចាប់តាំងពីករណីវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង» ត្រូវបានរកឃើញដំបូងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងប្រទេសអង់គ្លេស លោក បូរីស ចនសុន បានដាក់ការរឹតត្បិតកាន់តែតឹងរ៉ឹង ខណៈដែលមានការព្រមានមួយកាលពីថ្ងៃអាទិត្យថា វីរុសបំប្លែងខ្លួនថ្មីនេះអាចវាយលុកលើប្រព័ន្ធភាពស៊ាំរបស់អ្នកដែលបានចាក់វ៉ាក់សាំងពីរដូស។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីលោក បូរីស ចនសុន ដែលបានប្រាប់អ្នកយកព័ត៌មាននៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងទីក្រុងឡុងដ៍ថា៖ «ជារឿងដែលគួរឱ្យសោកស្ដាយ ដែលអ្នកជំងឺម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិតដោយសារវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង»។
ទោះជាយ៉ាងណា ចក្រភពអង់គ្លេស មិនបានផ្ដល់ព័ត៌មានលម្អិតអំពីករណីស្លាប់ដំបូងដោយសារវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង» នេះ ថាតើអ្នកជំងឺបានចាក់វ៉ាក់សាំងឬក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរយ៉ាងណានោះទេ។
គួរបញ្ជាក់ថា មេរោគកូវីដបំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលត្រូវបានរកឃើញដំបូងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានរីករាលដាលដល់ប្រទេសជាង៦០ហើយ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ៕