អ្នកភូមិឡពាង​ប្រមូលផ្ដុំ​មុខ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ទាមទារ​ដោះលែង​តំណាង​ម្នាក់

​ពលរដ្ឋប្រមាណ៥០នាក់​មកពី​សហគមន៍ឡពាង​​ ក្នុង​​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូង​ខេត្ត ដើម្បីទាមទារទៅ​តុលាការដោះលែងតំ​ណាងពួកគេម្នាក់​ឱ្យ​មានសេរីភាព​ ក្រោមការចោទប្រកាន់ «បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់​ទោស» ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពលរដ្ឋប្រមាណ៥០នាក់​មកពី​សហគមន៍ឡពាង​​ ក្នុង​​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូង​ខេត្ត នៅ​ព្រឹកថ្ងៃអង្គារនេះ ដើម្បីទាមទារទៅ​តុលាការដោះលែងតំ​ណាងពួកគេម្នាក់​ឱ្យ​មានសេរីភាព​ឡើង​វិញ។

តំណាង​សហគមន៍​ឡពាង​មួយ​រូប ​​អ្នកស្រី អ៊ុំ សុភី ប្រាប់ វីអូឌី​ ថាការដែលអ្នកភូមិប្រហែល៥០នាក់ប្រមូល​ផ្ដុំគ្នានៅមុខ​សាលាដំបូងខេត្តកំពង់ឆ្នាំង​​នេះ ដើម្បីដាក់ញត្តិ​​សុំឱ្យ​តុលាការ​​ដោះលែង​តំណាងរបស់ពួក​គេម្នាក់ឈ្មោះ រាជ សីមា ដែល​រង​ការ​ចោទ​ប្រកាន់​ថា «បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់​ទោស»

អ្នកស្រីបន្តថា ​លោក រាជ សីមា ជា​ប្រធានគណៈកម្មការអភិរក្សធនធានធម្មជាតិបឹងពោធិ៍ និងជាតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍ឡពាង​ នៅឃុំតាជេស ស្រុក​កំពង់​ត្រឡាច ត្រូវ​បាន​តុលាការសម្រេច​ឃុំ​ខ្លួន​តាំងពីថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីតំណាងរូបនេះមានជម្លោះជាមួយបុគ្គលឈ្មោះ សុខ ដែល​ត្រូវជា​ប្អូន​ថ្លៃ​របស់​ខ្លួន។

តំណាងពលរដ្ឋរូបនេះបានរៀបរាប់​ពីហេតុការណ៍​ថា កាលពីថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក រាជ សីមា មានជម្លោះជាមួយប្អូនថ្លៃរបស់ខ្លួន និងបានវាយប្រតប់គ្នា ដោយពុំមានរបួសស្នាមលើ​ភាគី​ណា​ឡើយ។ អ្នកស្រីបន្តថា ក្រោយ​មាន​ការសម្របសម្រួលពីអ្នកភូមិដូចគ្នា គូជម្លោះរបស់​លោក​ រាជ សីមា បាន​ជិះ​ម៉ូតូទៅផ្ទះរបស់ខ្លួនវិញទាំងស្ថានភាពស្រវឹង និងបានដួលម៉ូតូដោយខ្លួនឯងបង្ក​ឱ្យមានរបួសស្នាមនិងខូចខាតម៉ូតូផងដែរ។

ក្រោយដួលម៉ូតូដោយខ្លួនឯងនោះ អ្នកស្រីថា ឈ្មោះ សុខ បែរជាទៅ​ប្ដឹង​​សមត្ថកិច្ច​ឃុំតាជេស ដោយ​ចោទលោក រាជ សីមា ថា​បានប្រើអំពើហិង្សាលើខ្លួនរហូតរងរបួសនិងខូចខាតម៉ូតូទៅវិញ។ ហើយសត្ថមកិច្ចក៏​បាន​​ចាប់ខ្លួនលោក រាជ សីមា ភ្លាមៗតែម្ដង ដោយមិនបានសួរអ្នកភូមិ​ឬសាក្សីដែ​ល​ឃើញ​ហេតុការណ៍នោះ​ឱ្យបានច្បាស់​លាស់​ឡើយ។

តំណាងពលរដ្ឋរូបនេះចាត់ទុកករណីចាប់ឃុំខ្លួននិងការចោទប្រកាន់របស់​​តុលាការទៅលើ​លោក រាជ សីមា នោះ​ ថាជារឿងអយុត្តិធម៌ និង​មានចេតនាចង់ធ្វើបាបតំណាងសហគមន៍ឡពាង។ 

អ្នកស្រី អ៊ុំ សុភី បន្ថែមថា៖ «ខ្ញុំបានសំណូម​ពរទៅតុលាការ​ឱ្យ​ដោះលែង​គាត់​បាននៅក្រៅឃុំ ពីព្រោះគាត់អត់​បាន​ធ្វើអី​ខុស​ទេ។ ជាធម្មតា​ ការឈ្លោះគ្នាមានការប្រតាយប្រតប់​គ្នា​ វាតែងត្រូវគ្នា​ទៅវិញទៅមកហើយ។ តាមពិត ជនរងគ្រោះគាត់ដួលម៉ូតូខ្លួនឯងទេ ដែលរបួសធ្ងន់ធ្ងរហ្នឹង។ ហើយដើមបណ្ដឹងហ្នឹងក៏បានដកពាក្យបណ្ដឹងវិញហើយដែរ។ អ៊ីចឹង​សង្ឃឹម​ថា តុលាការនឹងដោះលែងគាត់ឱ្យបានក្រៅឃុំ បានជួបប្រពន្ធកូន ពីព្រោះប្រពន្ធគាត់កំពុងជួបការលំបាកជាខ្លាំង»

ពលរដ្ឋម្នាក់ លោក ស្ងួន យឿន និយាយថា កន្លងមក ​លោក រាជ សីមា តែងតែសកម្មក្នុងដឹកនាំប្រជាពលរដ្ឋតវ៉ារឿង​ដីធ្លី និង​ការពារ​បឹង​ធម្មជាតិមួយកន្លែងនៅក្នុងសហគមន៍ កុំឱ្យមានការ​រំលោភបំពាន​យក​ពី​សំណាក់​​​ជន​ខិលខូ​ច​លក់​ទៅឱ្យក្រុមហ៊ុន។

លោក​បន្តថា អាជ្ញាធរមូលដ្ឋានហាក់​មិនពេញចិត្តនឹងសកម្មភាព​របស់លោក រាជ សីមា ដែលបានកៀរគរប្រជាពលរ​ដ្ឋ​ឱ្យចូលរួមការពារបឹងធម្មជាតិ និងតវ៉ាដីធ្លីនោះទេ ខណៈដីបឹង​ស​ហគមន៍​នោះជាង៤៧ហិកតា ដែលជាប្រភពធនធានត្រី ខ្ចៅ​ខ្យង ផ្ដល់ដីដាំបន្លែបង្ការផ្សេងៗផងនោះ កំ​ពុងរងការគំរាម​កំហែងជីកយកនិងចា​ក់​ដីលុបធ្វើកម្មសិទ្ធិ។

លោកបន្ថែមថា៖ «ករណីលោក រាជ សីមា ជាប់ពន្ធនាគារនេះ គឺជាការរៀបចំរបស់អាជ្ញាធរភូមិឃុំដែលធ្លាប់​បានធ្វើបាបគាត់​ជាច្រើនលើកច្រើនសារមកហើយ ឱ្យតែជាគណៈកម្មការ​ហ្នឹង គេតែងតែធ្វើព្យុះ​ធ្វើភ្លៀង ដោយ​ធ្វើយ៉ាងណាឱ្យគាត់​មាន​ទោស ដើម្បីឱ្យតុលាការឃុំខ្លួនគាត់។ កន្លងមក អ្នកដែលល្មើសច្បាប់ក្នុង​បឹងអភិរក្សហ្នឹង តែងតែប្ដឹងលោក រាជ សីមា ជាច្រើនដងហើយដែរ។ ពេលនេះ​គេធ្វើបានជោគជ័យ​​ហើយ ហើយ​ការ​ចាប់​គាត់ដាក់ពន្ធនាគារ វាពិតជាអយុត្តិធម៌មែន ពីព្រោះគាត់មិនបានធ្វើដូចការចោទប្រកាន់ឡើយ»

នាយរងប៉ុស្តិ៍នគរបាលឃុំតាជេស លោក ប៉ាវ សារឿន បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយថា ​សមត្ថកិច្ច​​ចា​ប់ខ្លួនលោក ​រាជ សី​មា ធ្វើឡើង​តាមពាក្យបណ្ដឹង​របស់ជនរងគ្រោះដែលជាប្អូនស្រីបង្កើតរបស់​គាត់ ដែល​​បាន​ចោទ​​ថា គាត់​​បាន​ប្រើហិង្សានិងបង្ករបួសស្នាមលើស្វាមីរបស់ខ្លួន។

លោកបន្ថែមថា៖ «ខ្ញុំមិនចេះទៅចោទប្រកាន់ពីណាទេ តែអ្នកឯងធ្វើខុស ខ្ញុំចាប់ហើយ។ ព្រោះយើងមានច្បាប់ យើងត្រូវធ្វើតាមនីតិវិធីច្បាប់។ អត់ធ្វើតាមអ្នកឯងនឹកឃើញទេ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីដើមបណ្ដឹង អ្នកស្រី ញឹម មុំ និងលោក សុខ ដែលជា​ប្អូនស្រីនិង​ប្អូន​ថ្លៃ​របស់​លោក រាជ សីមា បានទេ ជុំវិញ​ករណីនេះ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ញឹម មុំ ដែលជាភរិយា​របស់បុរសឈ្មោះ សុខ បាន​ដាក់​ពាក្យបណ្ដឹងចោទបងប្រុសរបស់ខ្លួន គឺ​​លោក រាជ សីមា ថាបាន​ប្រព្រឹត្តហិង្សាដោយចេតនា​​លើប្ដីរបស់​គាត់។ ប៉ុន្តែក្រោយមក ទើបអ្នកស្រី​ដឹង​ថា រឿងនេះ​មានការភ័ន្តច្រឡំ ហើយ​ស្វាមីរបស់​អ្នកស្រីដួល​ម៉ូតូរងរបួស​ដោយខ្លួនឯងតែ​ប៉ុណ្ណោះ ទើបនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ អ្នក​ស្រី ញឹម មុំ បាន​សុំដក​ពាក្យ​​បណ្ដឹង​នៅ​តុលាការ និង​សុំ​​ឱ្យមានការ​ដោះលែ​ងលោក រាជ សីមា មានសេរីភាពវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ