អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) រិះគន់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចំពោះសកម្មភាពចូលរួមដែលពាក់ព័ន្ធនឹងកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទ ជាអង្គភាពមួយដែលត្រូវបានរងការចោទថាជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ប្រឆាំងនឹងលោក សម រង្ស៊ី ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមការរំលោភសិទ្ធិផ្សេងៗទៀត។
ទំព័រហ្វេសប៊ុករបស់កងពលតូចលេខ៧០ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះពីពិធីប្រគល់និងទទួលសម្ភារវេជ្ជសាស្រ្តពីក្រសួងការពារជាតិនៃប្រទេសអូស្ត្រាលី ជូនកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ឃើញមានវត្តមានចូលរួមដោយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang ផងដែរ។
កងពលតូចលេខ៧០ដដែល បន្តថា៖ «សូមជម្រាបថា ពិធីប្រគល់-ទទួលនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចលេខ៧០»។
ទាក់ទិននឹងករណីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់ពីការជាប់ពាក់ព័ន្ធរបស់កងពលតូចលេខ៧០ ក្នុងព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ប្រឆាំងនឹងលោក សម រង្ស៊ី ការវាយដំតំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិ និងការបង្ក្រាបមហាបាតុកម្មនានាផងដែរ។
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ប្រចាំប្រទេសអូស្ត្រាលី អ្នកស្រី អេឡែន ភាសិន (Elaine Pearson) បានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីគួរតែយល់ច្បាស់ពីបញ្ហានេះ ដោយមិនគួរជាប់ពាក់ព័ន្ធជាមួយកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទ ជាអង្គភាពមួយដែលមានកំណត់ត្រារំលោភសិទ្ធិមនុស្សជាច្រើននោះទេ។
អ្នកស្រីបានបន្តឱ្យដឹងតាមរយៈអ៊ីម៉ែលថា៖ «វាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ដែលរដ្ឋាភិបាលអូស្ត្រាលីមិនបានបដិសេធយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ហើយចូលរួមចំណែកជាមួយអង្គភាពយោធាមួយដែលគួរតែត្រូវបានដាក់ទណ្ឌកម្ម ជាជាងការផ្ដល់ជំនួយជាសម្ភារបរិក្ខារពេទ្យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។
អង្គការបរិស្ថាន Global Witness កាលពីពេលកន្លងទៅ ក៏ធ្លាប់បានចោទប្រកាន់ពីការជាប់ពាក់ព័ន្ធរបស់កងពលតូចលេខ៧០ ក្នុងការដឹកជញ្ជូនឈើប្រណិតនិងទំនិញរត់ពន្ធខុសច្បាប់ ខណៈរបាយការណ៍ឆ្នាំ២០០៧ របស់អង្គការមួយនេះ ឱ្យដឹងថា ប្រាក់ចំណេញដែលបានមកពីសកម្មភាពទាំងនេះមានចន្លោះពី២លានដុល្លារទៅ ២,៥លានដុល្លារក្នុងមួយឆ្នាំ។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងខ្លីកាលពីថ្ងៃចន្ទម្សិលមិញថា ទីតាំងផ្តល់សម្ភារបរិក្ខារពេទ្យនេះត្រូវបានធ្វើឡើងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈដែលខ្លួនមិនបានឆ្លើយតបសំណួរទាក់ទងទៅនឹងការជាប់ពាក់ព័ន្ធជាមួយកងពលតូចលេខ៧០នោះទេ។
ស្ថានទូតបន្តថា ជំនួយជាសម្ភារបរិក្ខារពេទ្យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងនេះ សំដៅជួយដល់យោធភូមិភាគទី៤ ទី៥ និងមូលដ្ឋានកងទ័ពជើងទឹករាម ហើយពិធីនេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីមន្ត្រីនៅកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទបានទេ។
សេចក្ដីប្រកាសព័ត៌មានមួយកាលពីរសៀលថ្ងៃចន្ទក៏បានឱ្យដឹងផងដែរថា អំណោយជាសម្ភារបរិក្ខារពេទ្យ និងឧបករណ៍ការពារខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងនោះ រួមមាន ស្រោមដៃចំនួនជាង២០ ០០០ ម៉ាស់ចំនួន៥០ ០០០ បង់រុំរបួសចំនួន៣ ៨០០ និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ចំនួន១០ ០០០។
ស្ថានទូតបន្ថែមថា៖ «សកម្មភាពនេះក៏គូសបញ្ជាក់ពីគោលបំណងរបស់យើង សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរយៈពេលវែង នៅក្នុងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការការពារឯករាជ្យនិងអធិបតេយ្យភាពរបស់កម្ពុជា»។
គួរបញ្ជាក់ថា កងពលតូចលេខ៧០ ដំបូងឡើយមានភារកិច្ចការពារលោកនាយករដ្ឋមន្ត្រី រហូតដល់មានការបង្កើតបញ្ជាការដ្ឋានកងអង្គរក្សដែលដឹកនាំដោយនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Cambodia Daily ក្នុងឆ្នាំ២០១៤៕
បកប្រែនិងសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយលោក ភុន ច័ន្ទឧសភា