អ្នកភូមិ​នៅ​ខេត្តកំពង់ស្ពឺ​តវ៉ា​បិទ​ផ្លូវ​មួយ​ខ្សែ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដឹកថ្ម​ជួសជុល​ផ្លូវ​ឡើង​វិញ

​អ្នកភូមិជាច្រើននាក់ រស់​នៅឃុំទឹ​កល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​បាន​នាំគ្នាតវ៉ាបិទកំណាត់ផ្លូវលំមួយ​​ ដើម្បីទាមទារទៅអាជ្ញាធរនិងក្រុមហ៊ុនជួសជុលផ្លូវលំនេះ ក្រោយរងការខូចខាតដោយសារឡានដឹកថ្ម​របស់ក្រុមហ៊ុន ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

អ្នកភូមិជាច្រើននាក់ រស់​នៅឃុំទឹ​កល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​បាន​នាំគ្នាតវ៉ាបិទកំណាត់ផ្លូវលំមួយ​​ស្ថិតក្នុងឃុំនេះ ដើម្បីទាមទារទៅអាជ្ញាធរនិងក្រុមហ៊ុនជួសជុលផ្លូវលំមួយខ្សែ​នេះ​ឡើងវិញ ក្រោយរងការខូចខាតដោយសារឡានដឹកថ្ម​របស់ក្រុមហ៊ុន។

លោក ខឹម ខន អាយុ៧៣ឆ្នាំ រស់​នៅភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ប្រាប់ វីអូឌី ថាអ្នកភូមិប្រមាណ៥០នាក់ មកភូមិចំនួន​៣ នៃឃុំទឹកល្អក់​ បាននាំគ្នាតវ៉ាបិទផ្លូវលំមួយខ្សែ​ស្ថិតក្នុងសហគមន៍នៅថ្ងៃចន្ទម្សិលមិញនេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនដឹកថ្មជួសជុលផ្លូវឡើងវិញ ក្រោយពីឡានដឹកថ្មរបស់ក្រុមហ៊ុនធ្វើឱ្យខូចខាត។

ពលរដ្ឋរូបនេះឱ្យដឹងថា ផ្លូវលំមួយខ្សែ​ប្រវែង​៣គីឡូម៉ែត្រដែលមានប្រជាពលរដ្ឋចំនួន៣ភូមិធ្វើដំណើរឆ្លង​កាត់​ជាប្រចាំនោះ បានរងការខូចខាតជិត១០ឆ្នាំហើយ ដោយសារឡានដឹកថ្មរបស់ក្រុមហ៊ុនបើកឆ្លងកាត់ ដោយពុំមានអាជ្ញាធរនិងក្រុមហ៊ុនណាចេញមុខជួសជុលជូនពលរដ្ឋវិញឡើយ។

លោកបន្ថែមថា៖ «ឡានក្រុមហ៊ុនដឹកថ្មហ្នឹង វាបើកដឹកថ្មធ្វើឱ្យខូចខាត ដោយកន្លែងខ្លះខេងខូង កាប៉ែតកាប៉ូត ដូចរន្ធបាយខុមអ៊ីចឹង​ ពិបាកធ្វើដំណើរណាស់។ ខែប្រាំង​ហុយ ខែវស្សាទឹក វាអត់ធ្វើឱ្យយើងទេ ក្រុមហ៊ុនសន្យាថ្ងៃនេះថ្ងៃនោះរហូត។ អ៊ីចឹង​បានប្រជាពលរដ្ឋគាត់ទ្រាំអត់​បាន​ គាត់នាំគ្នាតវ៉ាផ្លូវ ជំរុញឱ្យក្រុមហ៊ុននិងអាជ្ញាធរចេញមុខដោះស្រាយ​។ យើងទាមទារឱ្យក្រុមហ៊ុន[ជួសជុល]ផ្លូវកៅស៊ូជូនពលរដ្ឋវិញ»

ពលរដ្ឋម្នាក់ទៀតនៅភូមិគរ លោក ផុន ឬទ្ធី ឱ្យដឹងថា ដើមឡើយមា​នក្រុមហ៊ុនដឹកថ្មចំនួន៤ បានបើក​ឆ្លងកាត់​ផ្លូវ​​លំ​នេះ និង​បានសន្យាធ្វើផ្លូវកៅស៊ូ​ជូនពលរដ្ឋ ប៉ុន្តែក្រោយមក ក្រុមហ៊ុនចំនួន២ បានដកខ្លួនចេញ ក្រោមហេតុផលថា​មានបញ្ហាសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។ ពលរដ្ឋរូបនេះបន្តថា រយៈពេលជិត១០ឆ្នាំមកនេះ អ្នកភូមិបានជួបការលំបាក​​ជាខ្លាំង ដោយសារផ្លូវនេះពិបាកធ្វើដំណើរ ពិបាករស់នៅ និងមាន​សំឡេង​រំខាន​បង្កដោយឡានដឹកថ្មផង​ដែរ។

លោកបន្ថែមថា៖ «រឿងនេះ ប្រជាពលរដ្ឋលំបាកយូរឆ្នាំហើយ។ ខ្ញុំនៅលក់ដូរជាប់ផ្លូវនេះ ​ប្រឡូក​ប្រឡាក់សុទ្ធ​តែ​ដី មិនថា​ពូក​ម៉ុង​ភួយ​ទេ​ ប្រឡាក់សុទ្ធតែដី យើងដេកទៅជាប់ដីហុយពេញហ្នឹង។ បើសម្រាកដេកវិញ ទាល់តែម៉ោង១០ទៅ១១យប់ បានឡានវាឈប់បើកបរ ហើយជិតភ្លឺម៉ោង២ឬម៉ោង៣ ឡានចាប់ផ្ដើមបើកទៀតហើយ។ បើនៅខែវស្សាវិញ ផ្លូវនេះ​វាក៏ខូចធ្ងន់ធ្ងរដែរ វាមានក្រឡុកទឹកជ្រៅ រហូតបើម៉ូតូមិនចង់កើត និយាយទៅ ពិបាកតែម្ដង»

ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋទាំងនោះមិនបានចាំឈ្មោះថាតើក្រុមហ៊ុនដែលដឹកថ្មនោះមាន​ឈ្មោះ​អ្វី​ខ្លះ​​នោះ​ទេ។

វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុនបានទេ ពាក់ព័ន្ធករណីនេះ។

ជំនួយការរដ្ឋបាលឃុំទឹកល្អក់ លោក នូ ភុន បានទទួលស្គាល់ថា ផ្លូវលំនោះពិតជារងការខូចខាតដោយសារឡានក្រុមហ៊ុនដឹកថ្មពិតមែន។ លោកថា កន្លងមក អាជ្ញាធរឃុំក៏ធ្លាប់ឱ្យក្រុមហ៊ុនធ្វើការជួសជុលដែ​រ ប៉ុន្តែក្រុម​ហ៊ុន​បានត្រឹមសន្យា។

លោក​​បន្តថា ក្រោយពលរដ្ឋតវ៉ានៅព្រឹកម្សិលមិញនេះ អាជ្ញាធរបាន​ហៅតំណាងក្រុមហ៊ុនចរចារកដំណោះស្រាយ ដោយខាងក្រុមហ៊ុន​សន្យាជួសជុលតាមរយៈការចាក់ដីបង្ហាប់សិន និងដល់រដូវប្រាំង​នឹង​ធ្វើជួស​ជុស​ដោយ​ចាក់​កៅស៊ូ។ លោកថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាមការសន្យាទេ អាជ្ញាធរនឹង​បិទលែង​ឱ្យក្រុមហ៊ុនទាំងនោះធ្វើដំណើរឆ្លងកាត់ទៀតហើយ។

លោកបន្ថែមថា៖ «ក្រុមហ៊ុនបានសន្យាជាមួយយើងជាអាជ្ញាធរនិងប្រជាពលរដ្ឋ ហើយថានឹងចាក់ដីបង្ហាប់​ស្រោច​ទឹក ហើយប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងជង្ហុក ហើយក្រុមហ៊ុនអត់ជួសជុលឱ្យ​វិញ ត្រូ​វ​រាយការណ៍មកអាជ្ញាធរយើង។ ហើយក្នុងរយៈពេលមួយ​​អាទិត្យ នៅតែអត់ធ្វើទៀត យើងនឹងបិទមិនឱ្យឆ្លងកាត់ទៀតទេ»

បើតាមជំនួយការរដ្ឋបាលឃុំទឹកល្អក់ ផ្លូវដែលកំពុងរងការខូចខាតនោះមានប្រជាពលរដ្ឋចំនួន៣ភូមិ ត្រូវធ្វើដំណើរឆ្លងកាត់ជាប្រចាំ ក្នុងនោះ​មានពលរដ្ឋនៅភូមិគរ ភូមិព្រៃកន្ទោច ភូមិចំបក់ក្អែរ នៃឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈអ្នកភូមិព្រមានតវ៉ាបិទផ្លូវម្ដងទៀត ប្រសិនក្រុមហ៊ុនមិនជួសជុសផ្លូវឡើងវិញតាមការសន្យា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ