គណបក្សហ្វ៊ុនស៊ិនប៉ិច ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានក្លែងបន្លំឋានៈនិងក្លែងឯកសារនានារបស់គណបក្ស ដែលធ្វើឱ្យមានការភ័ន្តច្រឡំដល់សមាជិក-សមាជិកាគណបក្ស និងសាធារណជន។
ក្នុងសេចក្ដីប្រកាស័ត៌មានរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូនេះថា កន្លងមក សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ បានសព្វព្រះទ័យតែងតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះរាជបុត្ររបស់ព្រះអង្គ ជាអនុប្រធានគណបក្ស និងបានផ្ទេរសិទ្ធិថ្វាយព្រះអង្គម្ចាស់ជាប្រធានស្ដីទីគណបក្សនេះ ស្របតាមលក្ខន្តិកៈ និងបានធ្វើការជូនដំណឹងទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នា២០២១ផងដែរ។
ខ្លឹមសារក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា៖ «បច្ចុប្បន្ន គណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងចាត់ចែងនិងសម្រេចរាល់ការងាររបស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះប្រធានស្ដីទី ស្របតាមច្បាប់»។
ករណីនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានក្លែងបន្លំឋានៈនិងក្លែងឯកសារនានារបស់គណបក្ស ដែលធ្វើឱ្យមានការភ័ន្តច្រឡំដល់សមាជិក-សមាជិកា គណបក្ស និងសាធារណជន។
សេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់ថា កន្លងមក ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រកាសបដិសេធទាំងស្រុងចំពោះសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃអង្គប្រជុំវិសាមញ្ញ គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដែលបានរៀបចំដោយបុគ្គលមួយចំនួនតូចដែលបាត់បង់នីតិសម្បទានិងបាត់បង់សមាជិកភាពពីគណបក្សរួចទៅហើយ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សដែលធ្លាប់ឈ្នះការបោះឆ្នោតនៅឆ្នាំ១៩៩៣។ ក៏ប៉ុន្តែគណបក្សនេះបានធ្លាក់ចុះប្រជាប្រិយភាពជាបន្តបន្ទាប់ និងបែកបាក់ផ្ទៃក្នុងជាច្រើនចម្រៀក ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ៕









