នាយករដ្ឋមន្ត្រី​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ប្រញាប់​បង់ពន្ធ ខណៈ​ថ្ងៃ​ផុតកំណត់​ជិត​មក​ដល់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​អត់​​ពន្ធដែលជ្រកក្រោម​ស្លាក​លេខផ្សេងៗ ត្រូវ​រួសរាន់ចូលទៅបង់ពន្ធឱ្យ​បានមុនដំណាច់ខែធ្នូឆ្នាំនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ» នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ម្ចាស់រថយន្តអត់ពន្ធ ហើយជ្រកក្រោមស្លាក​លេខផ្សេងៗ ត្រូវរួសរាន់ទៅបង់ពន្ធ ដើម្បីទទួលបាន​ការអនុគ្រោះពន្ធ១០ភាគរយ។ លោកថា បើ​ម្ចាស់រថយន្តទាំងនោះមិនព្រមទៅបង់ពន្ធឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះទេ នឹង​មិន​ទទួលបាន​ការអនុគ្រោះនេះឡើយ ហើយ​លោកក៏មិនឱ្យ​មាន​បញ្ហាកើតឡើងដដែលៗចំពោះ​​អ្នកប្រើប្រាស់​រថយន្តអត់ពន្ធ និងមាន​រថយន្តចង្កូតស្ដាំបើកបរនៅលើដងផ្លូវដែរ។

លោកបាន​​ថ្លែងថា៖ «ខ្ញុំបានបញ្ជាក់ហើយ មិនឱ្យ​មានព្រឹត្តិការណ៍ច្រំដែលកើតមានឡើងតទៅទៀតទេ លើបញ្ហារថយន្តមិនបង់ពន្ធ ជ្រកក្រោមស្លាកលេខនេះឬលេខ​នោះ ហើយក៏មិនឱ្យ​មានវត្តមានបើកលើផ្លូវ មិនថាផ្លូវជាតិទេ រថយន្តចង្កូតស្ដាំត្រូ​​វ​កែទៅឆ្វេង។ អ៊ីចឹងទេ អ្នកដែលមិនបានទៅបង់ពន្ធ រួសរាន់មកបង់ពន្ធ! ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបង់​ពន្ធ​ពេញ អត់​មាន​អនុគ្រោះ១០ភាគរយ​ទេ! ព្រោះរឿងនេះ រឿងរកស៊ី​រត់ពន្ធ យកឡានមកជិះអត់ពន្ធ។ ត្រូវ​ចូល​មក​បង់ពន្ធ ទទួលបានការអនុគ្រោះ១០ភាគរយ»។

កាលពីអំឡុងខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពាវនាវដល់ម្ចាស់រថយន្ដចង្កូតឆ្វេង​គ្មានពន្ធទាំងអស់ ឱ្យប្រញាប់ទៅបង់ពន្ធយ៉ាងយូរនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួលបានការអនុគ្រោះឬបន្ធូរបន្ថយពន្ធនិងអាករ១០%។ ដោយឡែក ម្ចាស់រថយន្តចង្កូតស្ដាំវិញ ត្រូវកែចង្កូតមកឆ្វេងវិញឱ្យបានរួចរាល់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

អគ្គនាយកដ្ឋាននេះបន្តថា ចំពោះ​ម្ចាស់​រថយន្ត​ឯកជន​ជ្រក​ក្រោម​ស្លាកលេខ​រដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមាន​ចង្កូតឆ្វេង និង​ពុំមាន​ក្នុង​បញ្ជីទ្រព្យ​រដ្ឋរបស់​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិរដ្ឋ​និង​ចំណូល​មិនមែន​សារពើពន្ធ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវរួស​រាន់​ចូល​មក​បង់ពន្ធ​និងអាករ​ឱ្យបាន​មុន​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបាន​ការ​អនុគ្រោះ​បន្ធូរបន្ថយ​ពន្ធ​នៃ​ប្រាក់ពន្ធអាករ​សរុប​ពី​១០០% មក​ត្រឹមតែ​៩០%។

កន្លងមក លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បាន​​ព្រមានដែរ​ថានឹង​ដក​តំណែងនិង​ឈាន​ទៅ​បណ្ដេញ​មន្ត្រី​នៅក្នុង​​ជួរ​រដ្ឋាភិបាល​ចេញ​ពី​គណបក្សទៀតផង ប្រសិន​បើ​​​អ្នក​ទាំង​នោះប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប​ដោយ​គ្មាន​ពន្ធ និង​នៅតែ​មិន​គោរព​ច្បាប់ ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខតទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ