សង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ពន្លឿន​នីតិវិធី​នាំយក​នាវា​ដឹកប្រេង​មក​កម្ពុជា​វិញ

«ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

​​សង្គមស៊ីវិលនានាជំរុញទៅ​រដ្ឋា​ភិបាល​ពន្លឿននីតិវិធី​​ច្បាប់ ដោយ​ធ្វើយ៉ាងណានាំ​យក​នាវា​ដែល​លួច​ដឹកប្រេង​ចេញ​ពី​កម្ពុជា​មក​វិញ​ ត្បិតរយៈពេ​លជាង​៣ខែ​​ហើយ ប៉ុន្តែ​នៅមិនទាន់​ទាមទារយកមកវិញបាន​នៅឡើយ។​

​​ការជំរុញនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានដាក់ពាក្យ​បណ្ដឹង​កាលពីថ្ងៃ​ទី​២៨ ខែសីហា​ ឆ្នាំ២០២១ ទៅរដ្ឋាភិបាល​ប្រទេសឥណ្ឌូនេស៊ី ដើម្បី​ទាមទារយកនាវា អ៊ឹមធី ស្រ្តូវ៉ូឡូស (​MT Strovolos)​ ក្រោយរក​ឃើញនា​វានេះ​លួចដឹក​​ប្រេង​​​ឆៅ​​ប្រមាណ៣០ម៉ឺន​បារ៉ែល ដែលមានតម្លៃប្រហែល២០លានដុល្លារពី​កម្ពុជា។ ​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និងសន្ដិភាព​ លោក យង់ គិមអេង មានប្រសាសន៍ថា ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​​ចាត់វិ​ធានកា​រប​ន្ថែមនិង​ពន្លឿននីតិវិធី​ក្នុងការទាមទារឱ្យនាវា អ៊ឹមធី ស្រ្តូវ៉ូឡូស​ (MT Strovolos) ទូទាត់ប្រេងមកកម្ពុជាទេ បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើ​ឆាកអន្តរជាតិជាក់ជាមិនខាន។ លោកបន្តថា​ ដោយ​ឡែក ​អង្គភាពប្រឆាំង​អំពើពុករលួយ​ គួរតែ​​ស៊ើបអង្កេតបន្ថែម ​ក្នុង​ករណី​ដែល​អាច​មាន​​អំពើ​ពុករលួយ​​ធ្វើឱ្យនាវាមួយនេះអាចចេញពី​ច្រកសមុទ្រកម្ពុជាបាន​។ ​

លោកលើកឡើងថា៖ «ប្រាកដណាស់ដែលអង្គភាពអំពើពុករលួយ ត្រូវតែធ្វើការស៊ើបអង្កេតចំពោះបញ្ហានេះ ថាតើវាអាចពាក់ព័ន្ធនឹងអំពើពុករលួយ​ដែរ​ឬ​ទេ! បើអត់មានពាក់ព័ន្ធនឹងអំពើពុករលួយ អត់អីទេ! តែបើពាក់ព័ន្ធ ថាតើមន្រ្តីណាដែលគប់គិតដែលនៅក្នុងការនាំប្រេង​​ដែលខុ​ស​ច្បាប់​នេះ នេះជារឿងមួយសំខាន់ណាស់»។

នាយក​ប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា លោក​ ប៉ិច​ ពិសី បាន​​មានប្រសាសន៍ថា ​ទោះបី​ជា​​​នី​តិ​វិធី​ច្បាប់ ​និង​ការ​​ធ្វើ​កិច្ចសហការ​ជាមួយភាគីបរទេស​​​ រួមមាន ​​កម្ពុជា​ សិង្ហបុរី ឥណ្ឌូនេស៊ី ត្រូវ​ការ​ពេល​វេលាក៏ដោយ​ ប៉ុន្តែ​លោក​ជំរុញ​បន្ថែម​ទៀត​ឱ្យ​​ក្រសួង​ពាក់​ព័ន្ធពន្លឿន​​ក្នុងការនាំ​ប្រេងដែលជា​​ទ្រព្យ​សម្បត្តិជាតិ​​មកកម្ពុជា​វិញ។​ ចំណែកឯ​នីតិវិធីចំពោះជន​ល្មើសដែល​មាន​ការពាក់​ព័ន្ធករណី​នាំប្រេងចេញ គឺ​ជារឿង​បន្ទាប់។

លោកលើក​ឡើងថា៖ «ហើយ​កិច្ច​ការ​នេះ ​យើង​​គិតថា​​មិនគួរអូស​បន្លាយ​យូរ ​ព្រោះ​បើមិន​អ៊ីចឹងទេ​ គុណភាព​ប្រេងក្ដី ឬក៏​​ភាពប្រាកដ​ប្រជានៃ​ប្រេង​ហ្នឹង​ យើងវា​អត់​ច្បាស់។​ អ៊ីចឹងធ្វើ​ម៉េច​ក៏ដោយ ​យើង​ជំរុញ​ឱ្យ​យក​ប្រេង​ត្រលប់​មកវិញ​»។

ករណីនេះ ​​លោក ប៉ិច ពិសី មិនទាន់អាចសន្និដ្ឋាន​​ថាពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយឬអត់នោះទេ ​ដោយថាមិនទាន់មាន​ព័ត៌មាននៅឡើយ។​ តែលោកកត់សម្គាល់ឃើញថា ​ការ​យក​នាវា​ចេញពី​ដែន​សមុទ្ររបស់​ប្រទេស​​មួយ​ មិនមែនជា​ការ​ងាយ​ស្រួល​នោះទេ ត្បិត​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតនិត្យ​ និង​​អនុញ្ញាត​​​ពី​​​ឆ្មាំ ឬអាជ្ញាធរពាក់​ព័ន្ធដែនសមុទ្រ។ បញ្ហានេះ លោកថា ​​សាធារណជនអាចនឹងមាន​ចម្ងល់​រឿង​ជាប់​ពាក់​ព័ន្ធផ្សេងៗទៀត ដូចជា មាន​ការស៊ី​សំណូក​សូក​ប៉ាន់​ អំពើពុករលួយ ជាដើម។

លោកលើកឡើង​ថា​៖ «​ហើយ​យើងក៏មិន​ហ៊ាន​ធ្វើ​ការសន្និដ្ឋាន​ដោយ​អត់​មា​​នព័ត៌មាន​ដែរ។ អ្វីដែល​យើង​កត់​សម្គាល់ ​គឺ​ការ​យក​កប៉ាល់​ចេញពី​​ដែន​​សមុទ្ររបស់​ប្រទេស​មួយ មិនមែនជា​ការ​ងាយ​ស្រួល​ទេ ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិ​និត្យ​ ឆ្លងកាត់ការ​អនុញ្ញាត​ច្បាស់​លាស់ពី​អ្នក​ឆ្មាំនិង​អាជ្ញាធរពាក់​ព័ន្ធ»។

អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួង បានបដិសេធឆ្លើយតបនឹងករណីនេះ​ ដោយរុញឱ្យសុំ​ការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល។​ ចំណែក អគ្គនាយកនៃនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាម​ពល​ លោក ជាប សួរ ព្រមទាំង​ប្រធាន និង​អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនអាចទាក់ទងបាននោះទេ។

​​នាវា អ៊ឹមធី ស្រ្តូវ៉ូឡូស (​MT Strovolos​) នេះ បានលួចដឹក​ប្រេង​ឆៅ​​ចេញ​ពី​ប្លុក​បូម​​ប្រេង​ឈ្មោះ​អប្សរា ​ក្នុង​ដែនសមុទ្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា។ ក្រោយមក ​អាជ្ញាធរប្រទេស​​​ឥណ្ឌូនេស៊ី ចាប់បាននាវាមួយនេះកាលពីខែសីហា និង​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​​​ទៅតុលាការ​ ដោយ​ចោទប្រកាន់​ពី​បទ ​«រំលោភ​​ចូល​​ដែន​សមុទ្រ​របស់​ប្រទេសឥណ្ឌូនេស៊ី» កាលពីថ្ងៃទី​១ ខែ​កញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ