CMACមានផែនការបោសសម្អាតផ្ទៃដីគ្រាប់មីននិងសំណល់ជាតិផ្ទុះជាង១០០គីឡូម៉ែត្រក្រឡានៅឆ្នាំក្រោយ

គ្រាប់មិនទាន់ផ្ទុះ និងសំណល់សល់ពីសង្គ្រាមដែលមន្ត្រីជំនាញ នៃអង្គភាពសកម្មភាពកំចាត់មីនទី ២ (CMAC-DU2) រកឃើញនៅក្រុងបាត់ដំបងកាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០២០ (រូបភាពហ្វេសរបស់សាលាខេត្តបាត់ដំបង)

មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC) មាន​ផែន​ការ​រំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមជាង ១២៥គីឡូម៉ែត្រក្រឡា នៅ​ក្នុង​ឆ្នាំ២០២២ខាងមុខ។

​​អគ្គនាយក​មជ្ឈមណ្ឌល​​សកម្មភាព​​កំចាត់មីន​កម្ពុជា ​លោក ហេង រតនា ​ឱ្យដឹង​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១​​ថា ផែន​ការ​នេះ ទទួលបាន​ការគាំទ្រពីប្រទេស​ ជប៉ុន ចិន ន័រវែស អាមេរិក ប៊ែលហ្សិក និង អង្គការមួយចំនួនទៀត។ លោកបន្ត​ថា ក្នុង​រយៈ​ពេល​១១​ខែ ឆ្នាំ​​២០២១ អាជ្ញាធរបានបោសសម្អាតឬ រំដោះផ្ទៃដី ដែលមានគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ទាំងផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ សរុបទំហំ ៩១ ៩១៩ ៩៧២ម៉ែត្រក្រឡា ស្មើនឹងជាង​៩២% នៃ​ផែន​ការ។​

មន្ត្រីជាន់ខ្ពស់ស៊ីម៉ាក់រូប​នេះ បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នោះ មន្ត្រីបាន​រក​ឃើញ និង​បំផ្លាញ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៨២ ១៣៨គ្រាប់ ក្នុង​នោះគ្រាប់​មីន​ប្រឆាំង​មនុស្ស​មាន​ចំនួន ១៦ ១៣៨​គ្រាប់។ មីនប្រឆាំងរថគ្រោះមានចំនួន ៣២៣គ្រាប់ ហើយគ្រាប់​បែក​ទម្លាក់​ពី​យន្ត​ហោះ ៣៩គ្រាប់, គ្រាប់​បែក​ចង្កោម​ចំនួន​៨ ០៩០គ្រាប់, មីនច្នៃ​ចំនួន ១៧គ្រាប់ ព្រមទាំងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន ៥៧ ៥៣១គ្រាប់។

ឯកសារផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឱ្យ​ដឹងថា នៅកម្ពុជាអាចមានផ្ទៃដែល​ប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជិត ២ ០០០គីឡូម៉ែត្រការ៉េ( ១៩៧០គីឡូម៉ែត្រ​ការ៉េ) ​ក្នុងនោះ​ជិត១ ០០០ គីឡូម៉ែត្រការ៉េ(៨៧៧គីឡូម៉ែត្រការ៉េ​) ជាដីមានផលប៉ះ​ពាល់ខ្ពស់​ដោយ​សារ​មីន។ ចំណែក ផ្ទៃដីជិត ៥០០គីឡូម៉ែត្រការ៉េទៀត(៤៩៩គីឡូម៉ែត្រការ៉េ) ជាដីប៉ះពាល់ដោយគ្រាប់​បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកសារដដែលនេះ បន្ត​ថា ដើម្បីសម្រេចបាននូវគោលបំណងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ឱ្យអស់​នៅ​ត្រឹម​ឆ្នាំ២០២៥​ខាង​មុខ កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារទៀត ដើម្បីធ្វើ​ការ​ងារ​នេះ។

យោងតាមរបាយការណ៍​របស់អាជ្ញាធរមីនកម្ពុជា កាលពីខែតុលា បានឱ្យ​​ដឹង​ថា ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ២០២១​នេះ មាន​ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះចំនួន ៣៤នាក់។ តួលេខនេះ បង្ហាញ​ពី​ការថយ​ចុះ ៣៨% បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះ​ចំនួន ៥៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ