សកម្មជននយោបាយជាច្រើននៅតៃវ៉ាន់ មានការព្រួយបារម្ភចំពោះការប្រើប្រាស់លទ្ធផលប្រជាមតិនៅថ្ងៃទី១៨ ខែធ្នូ ដោយគណបក្សប្រឆាំងគួមីងតាង (Kuomintang) ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
សកម្មជនមួយចំនួន ជឿជាក់ថា ការធ្វើប្រជាមតិចំនួន៤ចំណុច ដែលស្នើឡើងដោយគណបក្សគួមីងតាង និងគាំទ្រដោយបក្សកុម្មុយនិស្តចិន មានរបៀបវារៈនយោបាយលាក់បាំងមួយចំនួន ដែលត្រូវបានដឹកនាំជាយុទ្ធសាស្ត្រក្នុងការដាក់តៃវ៉ាន់ឱ្យស្ថិតក្នុងបញ្ហាទាំងក្នុងស្រុក និងការទូត ដែលអាចធ្វើឱ្យមានការប៉ះពាល់ទៅដល់ការបោះឆ្នោតក្នុងតំបន់ឆ្នាំ២០២២ និងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់តៃវ៉ាន់។
កត្តានេះ នឹងរួមចំណែកធ្វើឱ្យតៃវ៉ាន់កាន់តែត្រូវពឹងផ្អែកលើចិន បំផ្លាញតម្លៃប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តតៃវ៉ាន់-អាមេរិកផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន A24 News ម្ចាស់ហាងលក់សៀវភៅមួយរូប លោក Lam Wing-kee ថ្លែងថា៖ «ប្រសិនបើការបោះឆ្នោតធម្មតាមួយ កាលពីពេលកន្លងទៅ មានដំណើរការយ៉ាងល្អទៅហើយ ហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ? ខ្ញុំគិតថា គោលបំណងក្នុងការផ្លាស់ប្តូរនេះ គឺដើម្បីទាញយកឱកាសក្នុងការផ្លាស់ប្តូរទម្រង់ប្រជាធិបតេយ្យរបស់តៃវ៉ាន់»។
ជាមួយគ្នានេះ អគ្គលេខាធិការគណបក្ស Taiwan Statebuilding Party លោក Wang Sing-Huan បានឱ្យដឹងថា៖ «ប្រជាមតិចំនួន៤ចំណុចដែលស្នើឡើងដោយគណបក្សគួមីងតាង និងគាំទ្រដោយបក្សកុម្មុយនិស្តចិន មិនជាប់ទាក់ទងទៅនឹងបញ្ហាសង្គមប្រចាំថ្ងៃនោះទេ។ ផ្ទុយទៅវិញ ចំណុចទាំងនេះមានគោលបំណងជាយុទ្ធសាស្ត្រក្នុងការដាក់តៃវ៉ាន់ ឱ្យស្ថិតនៅក្នុងបញ្ហាក្នុងស្រុក និងការទូត ហើយវាក៏មានគោលបំណងជំរុញឱ្យមានការធ្លាក់ចុះនៅក្នុងការបោះឆ្នោតតំបន់ឆ្នាំ២០២២ និងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់តៃវ៉ាន់ផងដែរ។ ហើយជាចុងក្រោយ វានឹងធ្វើឱ្យតៃវ៉ាន់ត្រូវពឹងផ្អែកលើចិន»។
ប្រធានសមាគមតៃវ៉ាន់-ហុងកុង (Taiwan Hong Kong Association) លោក Sang Pu បានបន្ថែមឱ្យដឹងថា៖ «ប្រសិនបើមានការរៀបចំការបោះឆ្នោតប្រជាមតិ និងការបោះឆ្នោតប្រធានាធិបតីក្នុងពេលតែមួយ វាគឺមិនចាំបាច់នោះទេ ខណៈដែលប្រជាមតិមានគោលបំណងសម្រេចចិត្តលើបញ្ហា ហើយការបោះឆ្នោតមានគោលបំណងជ្រើសរើសបេក្ខជន»។
លោកបន្តថា៖ «វាគ្មានអ្វីដែលត្រូវជ្រើសរើសបេក្ខជន និងការសម្រេចចិត្តលើបញ្ហាក្នុងពេលតែមួយនោះទេ។ ដោយសារតែនៅពេលដែលយើងបោះឆ្នោតឱ្យបេក្ខជនណាម្នាក់ អ្នកបោះឆ្នោតបានសម្រេចចិត្តរួចទៅហើយអំពីរបៀបវារៈរបស់បេក្ខជនដែលបានផ្តល់ជាទស្សនៈនយោបាយ»។
លោក Sang Pu បន្ថែមថា៖ «យើងអាចពិនិត្យមើលពីអ្វីដែលបេក្ខជនបានធ្វើក្នុងអំឡុងអាណត្តិរបស់ពួកគេ ថាតើពួកគេបានអនុវត្តល្អប្រសើរ ឬអត់។ ក្នុងករណីមានអ្វីដែលយើងចង់ទាមទារ យើងអាចដោះស្រាយបានដោយការធ្វើប្រជាមតិ។ រឿងមួយទៀត ក្នុងករណីដែលគណបក្សប្រឆាំងចិនណាមួយឡើងកាន់អំណាច នោះប្រជាមតិ (ដឹកនាំដោយបក្សគួមីងតាង) អាចនឹងកាត់បន្ថយតម្លៃប្រជាធិបតេយ្យ និងបំផ្លាញសម្ព័ន្ធភាពរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក»៕