ពលរដ្ឋមីយ៉ាន់ម៉ា ខកចិត្តចំពោះការសម្រេចឱ្យលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារ

A24 News

ប្រជាពលរដ្ឋនៅទីក្រុង យ៉ាំងហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា បាន​សម្តែងការខកចិត្តជុំវិញការចេញ​សាលក្រមសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ប្រឆាំង​នឹង​អតីត​មេដឹក​នាំ​មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ធ្វើឡើងដោយ​តុលាការដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រងដោយ​របបយោធា។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់​ពី​រដ្ឋាភិបាល​បានផ្តល់ការ​បន្ធូរ​បន្ថយ​ទោស​មួយ​ផ្នែក ដើម្បី​កាត់បន្ថយ​រយៈពេល​ជាប់ពន្ធនាគាររបស់មេដឹកនាំ ដែលត្រូវបានទម្លាក់ពីតំណែងរូបនេះពី ៤ មក ២​ឆ្នាំ ក្រោម​បទ​រំលោភ​​វិធានការ​ទប់​ស្កាត់​វិបត្តិ​កូវីដ-​១៩។

A24 News

គួរបញ្ជាក់ថា ការសម្រេចនេះ គឺជា​សាលក្រម​លើក​ដំបូង​ប្រឆាំង​នឹង លោកស្រី អ៊ុងសាន ស៊ូជី គិតចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែងកាលពីខែកុម្ភៈ ខណៈដែលលោកស្រីបច្ចុប្បន្ន ក៏រងបទ​ចោទ​ប្រកាន់​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ក្នុង​នោះរួមមាន បទ​ទទួល​​សំណូក និង​បទ​​រំលោភ​ការ​សម្ងាត់​រដ្ឋផងដែរ។

ទាក់ទិននឹងករណីនេះ ពលរដ្ឋមួយរូបដែលមាន​ឈ្មោះ​ថា Tin បានលើកឡើងថា រាល់​បទ​ចោទ​លើអតីត​មេដឹកនាំមីយ៉ាន់ម៉ារូបនេះ គឺជារឿង​ខុស​ច្បាប់ ដោយលោកស្រីបានជំរុញឱ្យប្រជាពលរដ្ឋចេញ​មកតវ៉ាដើម្បីផ្តួលរំលំក្រុម​ប្រឹក្សា​យោធា ខណៈដែលលោកស្រីបដិសេធមិនទទួលស្គាល់របបនេះនោះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន A24 News ប្រជាពលរដ្ឋមួយរូប លោក Khin Maung ថ្លែងថា៖ «ពួកគេ [របបយោធា] បានចេញសាលក្រមដោយអយុត្តិធម៌ប្រឆាំងនឹងទីប្រឹក្សារដ្ឋ និងជាប្រធានាធិបតីមួយរូប។ សាលក្រមដោយ​អយុត្តិធម៌នេះ ​ត្រូវ​បាន​ចេញ​ដោយ​ច្បាប់ដែល​បង្កើតឡើងដោយ​ពួកគេ​ផ្ទាល់ ខណៈដែល​ប្រជាជន​មីយ៉ាន់ម៉ា​មិន​ទទួល​ស្គាល់​នោះ​ទេ»។

លោកបន្តថា៖ «ពួកគេធ្វើ​អ្វី​តាម​តែពួកគេចង់បានប៉ុណ្ណោះ ហើយប្រជាពលរដ្ឋមិនយល់ស្របនោះទេ។ តាមពិតទៅ ប្រជាពលរដ្ឋទាំងឡាយមិនទទួលបានឱកាសល្អណាមួយក្នុងការតបត និងបះបោរនោះទេ។ ប្រសិនបើពួកគេមានឱកាស ពួកគេច្បាស់ជាមិនស្ទាក់ស្ទើរក្នុងធ្វើវានោះទេ ដោយសារតែពួកគេពិតជាអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង»

ប្រជាពលរដ្ឋមួយរូបទៀត លោក Ko Kyaw បានឱ្យដឹងដែរថា៖ «គិតចាត់តាំង​ពី​មាន​រដ្ឋប្រហារ​មក តុលាការគ្រប់ជាន់ថ្នាក់ទាំងអស់ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​របបយោធា ដូច្នេះ​តើពួក​គេ​កំពុងតែ​គ្រប់​គ្រង​រដ្ឋបាល​ទាំង​មូល​ហើយ​ឬ​នៅ? ខ្ញុំចង់ដឹងទាក់ទងនឹងករណីនេះ»។

លោកបន្តថា៖ «សូម្បី​តែ​អាស៊ាន​ក៏​មិន​ទទួល​ស្គាល់ពួកគេ​ដែរ ដូច្នេះហើយ យើងមិនជឿជាក់ ឬទុកចិត្តលើការកាត់ទោស និងសាលក្រមដែលធ្វើឡើងដោយពួកគេនោះទេ។ ទាក់ទងទៅនឹង​សាលក្រមដែលចេញ​ប្រឆាំងនឹង​លោកស្រី អ៊ុងសាន ស៊ូជី នេះ​យើង​ក៏​មិន​យល់ស្រប ឬទទួល​ស្គាល់ផងដែរ»

ជាមួយគ្នានេះ ប្រជាពលរដ្ឋលោកស្រី Tin Hla បន្ថែមថា៖ «យើងមិនបានទទួលស្គាល់ពួកគេ (របបយោធា) ស្រាប់ទៅហើយ។ យើងចាត់ទុកថារាល់ច្បាប់ និងបទប្បញ្ញត្តិណាក៏ដោយដែលផ្តល់ ឬប្រកាសដោយពួកគេគឺមិនស្របច្បាប់នោះទេ។ ដូច្នេះ ការកាត់ទោស ឬសាលក្រមនេះគឺមិនអាចទទួលយកបានទេ ហើយបដិវត្តន៍ក៏មិនឈប់ផងដែរ»។

លោកស្រីបន្ថែមថា៖ «ក្នុង​នាម​ជា​ជន​ស៊ីវិល យើង​នឹង​នៅ​តែបន្ត​តបត និង​បះបោរ​ប្រឆាំង​នឹង​ពួក​គេ ខណៈដែលវាមិនមែនជារឿង​ចាំ​បាច់ដែលត្រូវ​គោរព​តាមបទ​បញ្ជា ឬ​ច្បាប់​ដែល​ប្រកាស​ដោយពួកគេឡើយ។ បដិវត្តន៍​​នឹង​នៅ​តែ​រឹង​មាំ ហើយ​យើង​មិន​ទទួល​ស្គាល់​ពួក​គេ​ជា​ដាច់​ខាត»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ